ព័ត៌មាន

នាយ​ឧត្តមសេនីយ៍ ​សឹង​ សំណាង ​ជួប​សំណេះ​សំណាល​កម្លាំង​ការ​ពារ​អាកាស ​២០១៩
នាយកដ្ឋានព័ត៌មាន(៣)
170
1273 នាយ​ឧត្តមសេនីយ៍ ​សឹង​ សំណាង ​ជួប​សំណេះ​សំណាល​កម្លាំង​ការ​ពារ​អាកាស ​២០១៩

    ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បានជំរុញ​ដល់នាយទាហាន ​នាយទាហានរង ​និង​ពល​ទាហាន ក្នុង​បញ្ជារ​ការដ្ឋាន​ការពារអាកាស អគ្គបញ្ជាការ ទាំងអស់​ត្រូវ​បង្កើននូវសមត្ថភាព ជាជំនាញ​បច្ចេករបស់ខ្លួន​ឲ្យ​​កាន់​តែ​​ស្ទាត់​ជំនាញ ដើម្បីរួមចំណែក​កសាង​ប្រភពធនធានមនុស្សក្នុងជួរ កងយោធពល​ខេមរ​ភូមិន្ទ ឲ្យ​កាន់​​​តែមានគុណភាព ប្រសិទ្ធភាព ក្នុងបុព្វហេតុ ពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃមាតុភូមិ ពិសេសលើដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងអាកាស ទទួលបន្ទុកលើ​ការ​ងារគ្រប់គ្រងបញ្ជាផ្ទាល់កងទ័ពជើង​អាកាស និងបញ្ជាការដ្ឋាន​​ការ​ពារអាកាកាស​ អគ្គបញ្ជាការ​ នៃកង​យោ​ធ​​​ពល​ខេមរភូមិន្ទ ​ បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍ អញ្ជើញជួបសំណេះ​សំណាល​ដល់នាយ​ទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋាន​ការពារអាកាស អគ្គបញ្ជាការ នារសៀលថ្ងៃចន្ទ ទី២៨​ ខែ​តុលា ក​ន្លង​មក​នេះ ​នៅ​បញ្ជារការដ្ឋាន ការពារអាកាស អគ្គបញ្ជាការ ដែលមានទីបញ្ជាការក្នុងប្រលាន​​យន្ត​ហោះពោធិ៍ចិនតុង ​រាធានី​ភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋាន​ការពារអាកាស ​អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ 


     ក្នុងសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋាន​ការពារអាកាស ​អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា៖ បញ្ជាការដ្ឋាន​ការពារអាកាស អគ្គបញ្ជាការ មាន​តួនាទីធ្វើជាសេនាធិការជូន អគ្គមេបញ្ជាការ ក្នុង​ការកិច្ចការពារដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា លើ​ការងារគ្រប់គ្រងដែនអាកាស ការពារបាននូវបណ្តាគោលដៅសំខាន់ៗ ជាយុទ្ធសាស្ត្រ​រួមមាន៖ មជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច យោធា និងវប្បធម៌។ល។ នូវរាល់ការរំលោភឈ្លានពានពីសត្រូវដែនអាកាស តាមដាន និង​ជូន​ដំណឹងពីសភាពការណ៍ ដែនអាកាសឲ្យដល់បណ្តាកងឯកភាព ទូទាំងកម្លាំងការពារអាកាស។ ឯកឧត្តមបានបញ្ជាក់ថា៖ ទីបញ្ជាការដ្ឋានឈរជើងនៅព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងនោះមាន សាលាការពារអាកាស​ ដែលឈរជើងនៅ ស្រុកវ៉ារិន ខេត្តសៀមរាប, ទីតាំងតំបន់ភ្នំត្មាតពង ស្ថិតក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំពោះការងារហ្វឹកហ្វឺន កន្លងទៅនេះបានបញ្ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំនួន​១៣២នាក់ ទៅបំប៉ន និងបណ្តុះបណ្តាលនៅក្នុងប្រទេស ក្រៅប្រទេស និងទទួលចូលអង្គភាពវិញ មកពីបណ្តាសាលាក្នុងប្រទេស ក្រៅប្រទេស ចំនួន១៥៩នាក់។ កន្លងមកនេះ បានបញ្ចប់ការងារហ្វឹកហ្វឺនបណ្តុះ​បណ្តាល​នាយទាហានរង​ ​ជំនាញ​​ការពារអាកាស​ជំនាន់ទី៣ ចំនួន៨០នាក់ និងវគ្គបំប៉នការងារសេនាធិការថ្នាក់​កងអនុសេនាធំ វរសេនាតូច ចំនួន ៣៥នាក់ ទទួលបាន​លទ្ធផលល្អប្រសើរ, កំពុងបន្តហ្វឹកហ្វឺនបណ្តុះបណ្តាល​នាយទាហានរងជំនាញការពារអាកាសជំនាន់ទី៤ ចំនួន ៨០នាក់។ ក្រៅពីនេះ​បាន​បន្ត​លើការពារអប់រំ​ចិត្ត​សាស្ត្របានយកចិត្តទុកដាក់លើការងារអប់រំចិត្តសាស្ត្រ លើការងារប្រលងប្រណាំង និងផ្សព្វផ្សាយរាល់ខ្លឹមសារ សេចក្តី​ណែនាំ ជាពិសេសការពង្រឹងស្មារតីជាប់ជាប្រចាំ ទៅតាមសភាពការណ៍ថ្មីៗ ។ បន្តលើកកម្ពស់សមត្ថភាពជំនាញតាមរយៈហ្វឹកហ្វឺនរៀនសូត្រ ឲ្យ​ដល់យោធិន​គ្រប់លំដាប់ថ្នាក់, គ្រប់គ្រងថែរក្សា គ្រោងបំពាក់សម្ភារៈបច្ចេកទេស សព្វាវុធ ធានាគុណភាពប្រយុទ្ធឲ្យបានល្អ និងយូរអង្វែង, ដឹកនាំប្រើប្រាស់កម្លាំងចូលរួមសហការណ៍ ជាមួយបណ្តាកងឯកភាព ក្នុងពេលប្រតិបត្តិការសឹក។ ក្រៅពីភារកិច្ចខាងលើ បញ្ជាការដ្ឋាន​ការពារ​អាកាស អគ្គបញ្ជាការ អាចទទួលការងារជាក់ស្តែងតាមការប្រគល់ភារកិច្ចរបស់ អគ្គមេបញ្ជាការ, បន្តធ្វើការងារ​​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​នាយទាហានរងជំនាញ​ការពារអាកាស ជំនាន់ទី៤ អោយបានចប់តាមផែនការ និងរៀបចំបាញ់គ្រាប់ពិត នាពេលខាងមុខនេះ។

 ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងអាកាស ទទួលបន្ទុកលើ​ការ​ងារគ្រប់គ្រងបញ្ជាផ្ទាល់កងទ័ពជើង​អាកាស និងបញ្ជាការដ្ឋាន​​ការ​ពារអាកាកាស​ អគ្គបញ្ជាការ​ នៃកង​យោ​ធ​​​ពល​ខេមរភូមិន្ទ  


    នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះលទ្ធផល​ និងស្នាដៃនានា​​ ដែលកម្លាំង​ជំនាញ​ការពារអាកាស អគ្គបញ្ជាការសម្រេចបាននារយៈពេកន្លងមក។ ពិសេសមេបញ្ជាការ​គ្រប់​ថ្នាក់ ​និងជំនាញត្រូវបន្តលើក​កំពស់សមត្ថ​ភាព​ជំនាញ​ការពារអាកាសបន្ថែមទៀត។ ឯកឧត្តមបាន បន្ដ​ថា​៖ កម្លាំងការ​ពារអាកាស ជាកម្លាំងមួយដែលមានសារៈសំខាន់បំផុត របស់​កងទ័ព​ជើងការ​ពារអា​កាស ដែលជា​កម្លាំងអន្តរាគមន៍​​ក្នុងការ​ធានាការពារលើដែន​អាកាស ​ទាំងប្រទេសមានសង្គ្រាម និងសុខសន្តិភាព ដើម្បីធានា​​ការពារ​​ឲ្យបាន​នៅការរំលោភ​បំពានពីបច្ចាមិត្ត។ ដូច្នេះទាមទារឲ្យយោធិនគ្រប់រូប ត្រូវសមត្ថភាព​ជំនាញ​បច្ចេក​ទេស​ច្បាស់លាស់ ក្នុងការដឹក​នាំ​បញ្ជា គ្រប់គ្រង ប្រើប្រាស់ ថែរក្សា នូវរាល់គ្រឿង សព្វាវុធគ្រប់ប្រភេទសម្រាប់​ការពារដែលអាកាស របស់ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​សម្រេច បានដោយ​​ជោគជ័យ។ ឯកឧត្តម មេបញ្ជាការកងទ័ជើងអាកាស បានបន្ដទៀតថា៖ រាល់ជ័យជំនះ ក្នុង​សមរភូមិរបស់កងយោធពល​ខេមរភូមិន្ទ  កន្លង​មក​ គឺ​ពុំអាច​កាត់ផ្តាច់បានពីការរួមចំណែកដ៏សកម្ម យ៉ាងស្វិតស្វាញ របស់កង​កម្លាំង​ការពារអាកាស បាននោះ​ឡើយ​។​ ឯកឧត្តម បាន​ផ្តាំផ្ញើរ​ដល់នាយទាហាន ពលទាហានទាំងអស់ បន្តបំពេញ​តួនាទីភារ​កិច្ចដ៏ល្អរបស់​ខ្លួន​បន្ថែម​ទៀត ក្នុងការ ការពារជាតិ សាសនា ព្រះម​ហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងសុខ​សន្តិភាព​នៅកម្ពុជា។ ទាក់ទិនទៅនឹងសភាពការណ៍វិត្តនថ្មីៗ ឯកឧត្តម សឹង សំណាង បានមានប្រសាសន៍ថា៖  ក្រោមការដឹក​នាំដ៏ឈ្លាស​វៃរបស់ សម្តេច​នាយករដ្ឋមន្ត្រី ​តេជោ ហ៊ុ​ន សែន ​បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ​រីក​ចម្រើនលើគ្រប់វិស័យ។ ក្នុងនោះ វិស័យ​សេដ្ឋកិច្ចសង្គមកិច្ច បានបន្តរីកចម្រើនឥតឈប់ឈរប្រកបដោយចិរភាព ដែលធ្វើឲ្យ​មានការផ្លាស់ប្តូរដ៏​ជ្រាលជ្រៅ​នូវជីវភាពរបស់ប្រជាជន ទាំងខាងសម្ភារៈ​ និងទាំងខាងស្មារតី។ កម្ពុជាត្រូវបានចាត់ទុក​ជាប្រទេសឯកត្តកម្មកំណើន សេដ្ឋកិច្ច នៅអាស៊ី ដែលរក្សាកំណើនសេដ្ឋកិច្ចខ្ពស់​ជាមធ្យម៧% ដែលធ្វើឲ្យកម្ពុជាប្រែក្លាយ​ពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកំរិតទាប និង​កំពុង​បន្តដំណើរយ៉ាងស្វាហាប់ ឈាន​ឆ្ពោះទៅ​ជាប្រទេស​ចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០។ លើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ ​សម្តេច​អគ្គ​មហាសេ​នា​​បតីតេជោ ហ៊ុន សែន បានពង្រឹងឆន្ទៈខ្ពស់ ស្មារតីម្ចាស់ការប្រកបដោយការទទួលខុសត្រូវ ជាមួយជំនឿយ៉ាងមុតមាំថា កម្ពុជានឹងជំនះ​បាននូវ​បញ្ហាប្រឈមទាំងឡាយ លើមាគ៌ាឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាព។ នាយឧត្តមសេនីយ៍ សឹង សំណាង បានបញ្ជាក់ថា៖ សុខសន្តិភាព បានមកដល់សព្វថ្ងៃនេះ ពិតជាមាន​ការលំបាកខ្លាំងណាស់ ដែលមានការលះ​បង់សាច់​ស្រស់ឈាមស្រស់ពីយុទ្ធមិត្ត អ្នកស្នេហាជាតិ និង​នាយទាហាន ពលទា​ហាន​យ៉ាងច្រើន ពិសេសរបស់គណបក្សប្រជាជន និងសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់​ចេញនូវ​នយោបាយ​ឈ្នះឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទាំង​ស្រុងនៅចុង​ឆ្នាំ១៩៩៨។ ដូច្នេះយើងរួមគ្នា ការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ដើម្បីកូនចៅរបស់​យើងនៅ​ជំនាន់​ក្រោយៗទៀត តាមរយៈភាពស្មោះត្រងចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជ​រដ្ឋាភិបាល​ស្របច្បាប់។

     ឯកឧត្តម សឹង សំណាង បានគូសបញ្ជាក់ថា៖ ទោះបីទទួលបរាជ័យជាបន្តបន្ទាប់ និងបាត់បង់ឥទ្ធិពល​កាន់​ច្រើន​ក្នុង​មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពួកប្រឆាំងនៅក្រៅប្រទេស ដែលមាន សម រង្សី ជាមេក្លោងនៅ​តែបន្ត​ឃោស​នា​​សង្គ្រាមចិត្តសាស្ត្រមួលបង្កាច់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលជាបន្ទបន្ទាប់ ពួកបរទេសដែលមាន​និន្ទ​នាប្រឆាំង ក៏បានរៀបចំយុទ្ធសាស្ត្រ និងបានដាក់​ចេញនូវ​វិធីសាស្ត្រ និងរកគ្រប់វិធីទាំងអស់ ប៉ុនប៉ងធ្វើឲ្យរស់ឡើង​វិញ​គណៈបក្ស​សង្គ្រោះជាតិ ដែលជានយោបាយដ៏គ្រោះថ្នាក់បំផុត និងបង្កមហន្តរាយ​ដ៏ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា។ ឯកឧត្តម បានបន្តថា៖ បទពិសោធន៍ប្រវត្តិសាស្ត្រដែលយើងទទួលបានច្រើនណាស់មកហើយ  ការដណ្តើម​អំណាច ការផ្លាស់ប្តូរ​របបដឹកនាំប្រទេស តាមរយៈកងកម្លាំងប្រដាប់អាវុធ ការធ្វើរដ្ឋប្រហារ ពិសេសតាមរយៈការធ្វើបដិវត្តន៍ពណ៌ ដូចជានៅ​ប្រទេសមជ្ឈឹមបូរព៌ា និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដែលរហូតមកដល់បច្ចុប្បន្ន​មិនទាន់មាន​សន្តិភាព​នោះទេ ថែមទាំងធ្វើឲ្យ​ប្រទេស​នោះទៀតសោត រងគ្រោះខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធ លំបាកវេទនា និងស្លាប់ព្រាត់​ប្រាស់​ប្តីប្រពន្ធ កូនចៅ សាច់ញាត្តិថែម​ទៀតផង។​ ទាក់​ទង​នឹងបញ្ហានេះ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើរដល់យុវជន កុំចាញ់​បោក​នូវឧបាយកល​ទាំងឡាយរបស់ពួកក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី ដែលនាំធ្វើបដិវត្តន៍ពណ៌ មានបំណងធ្វើរដ្ឋ​ប្រហារផ្តួល​រំលំរបបរាជានិយម បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ នាយឧត្តមសេនីយ៍ សឹង សំណាង បានបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនឹងការយកថ្ងៃ បុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ធ្វើជាថ្ងៃទទួលទានអំបុក នៅទូទាំង​ប្រទេស សម្ដេចតេជោ បានបង្ហាញនូវពាក្យស្លោកថ្មីថា៖ «អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ» ហើយ​ក្រៅ​ពីអត្ថន័យ ទាក់ទិននឹងសាមគ្គីជាតិ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក៏នៅមានអត្ថន័យនៃការជំរុញ ការផលិត និង​លើក​តម្លៃ​កសិផលខ្មែរផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ