កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបើកវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេសវិទ្យាសាស្ត្រ និងរដ្ឋបាលឆ្នាំ២០១៩ ដែលពិធីបើកវគ្គនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកវរសេនីយ៏ឯក កាន់ វុឌ្ឍី នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានឡើងអានរបាយការណ៏ជម្រាបជូនអង្គពិធីថា៖ កម្មវិធីរៀនសូត្រក្នុងវគ្គនេះមានសិក្ខាកាមចំនួនសរុប ៦៥ នាក់ រៀនមានរយៈពេល ៥ថ្ងៃ ដែលមានខ្លឹមសារមេរៀនរួមមាន៖ តួនាទីភារកិច្ចរបស់ប៉ូលីសបច្ចេកទេសវិទ្យាសាស្ត្រ និង រដ្ឋបាល, បទបង្ហាញពីការណែនាំធ្វើកំណត់ហេតុ មេរៀនកោសល្យវិច័យក្រយៅដៃ, ការស្រង់យកក្រយៅដៃ និងព័ត៌មានវិទ្យា, ការប្រើប្រាស់បណ្តាញសង្គម, បទបង្ហាញពីការធ្វើតេស្តលើសារធាតុញៀន ជាពិសេសការគ្រប់គ្រងរដ្ឋបាល ក្នុងការិយាល័យជាដើម។
ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តម សៀ សម្បត្តិ បានមានប្រសាសន៏ថា៖ ពិធីបើកវគ្គសិក្សានេះគឺ ដោយបានការជ្រោមជ្រែង និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជុំវិញជំនាញវិជ្ជាជីវៈរបស់មន្ត្រី នគរបាលយុត្តិធម៌ និងនគរបាលបច្ចេកទេស វិទ្យាសាស្ត្រ នៃកងរាជអាវុធហត្ថទូទាំង ប្រទេស ដើម្បីលើកំពស់សម្ថភាព និងប្រសិទ្ធភាពការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើសរបស់កងរាជអាវុធហត្ថ។ ជាចុងក្រោយឯកឧត្តម ក៏បានផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវមានវិន័យ អោយបានម៉ឺងម៉ាត់ ក្នុងពេលសិក្សា និងប្រកាន់ខ្ជាប់នូវក្រមសីលធម៏, វិជ្ជាជីវៈកងរាជអាវុធហត្ថ ព្រមទាំងខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រឱ្យអស់ពីសមត្ថភាព ហើយត្រូវមានការសាមគ្គីភាពផ្ទៃក្នង និងខិតខំយកចិត្តទុកដាក់ស្ដាប់យោធាចារ្យពន្យល់ណែនាំបង្ហាត់បង្ហាញគ្រប់ខ្លឹមសារនីមួយៗ អោយបានច្បាស់លាស់ ដើម្បីពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ៕