ព័ត៌មាន

ឯកឧត្តម​​ ស៊ុំ​ ​​សំ​ណាង ​​ជួប​គណៈ​ប្រតិភូ​ ធានា​ភស្តុភារ​ចម្រុះ​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
232
1271 ឯកឧត្តម​ ស៊ុំ ​សំ​ណាង ​ជួប​គណៈ​ប្រតិភូ​ ធានា​ភស្តុភារ​ចម្រុះ​ចិន​

   ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូកងទ័ពរំដោះប្រជាជនចិន ដឹកនាំ​ដោយ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ រិន យានពីង នាយក​មជ្ឈមណ្ឌល​គាំទ្រ​ភស្តុភារចម្រុះ នៃគណៈកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន នាថ្ងៃ​ទី​២៨​ ខែ​តុលា ឆ្នាំ​២០១៩​ បាន​អញ្ជើញ​ជួប​ពិភាក្សា​ផ្លាស់​ប្តូរ​​ប​ទ​ពិសោធ​ការ​ងារ​ជំនាញជា​មួយ​នឹង ​ឯកឧត្តម នាយឧត្តមសេនីយ៍ ​ស៊ុំ ​សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ​ស៊ុំ ​សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា


    ក្នុង​ឱកាស​នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង បានថ្លែងនូវការអបអរ​សាទរ ​​និង​ស្វាគមន៍ចំពោះ​វត្ត​មាន​របស់​ ឯកឧត្តម ឧត្តមសេនីយ៍ទោ រិន យានពីង និងសហការី ដែលមក​ទស្សនកិច្ចនៅលើទឹកដី នៃ​ព្រះ​រាជាណាចក្រកម្ពុជា នាពេលនេះ ដែលដំណើរ​ទស្សកិច្ច​​នេះ​​បាននាំ​មកនូវការ​បង្កើន​​ចំណងមិត្តភាពដែក​ថែប ​រវាង​ប្រជាជាតិ និងកងទ័ព​ នៃ​ប្រទេស​ទាំងពីរ កម្ពុជា និងចិន ក៏ដូច​ជាការ​ពង្រឹង និងពង្រីកចំណងមិត្ត​ភាព​​ជំនាញភស្តុភារ ឲ្យកាន់​តែប្រសើរឡើងថែមទៀត និង​មានកម្រិតកាន់តែល្អ ក្នុងការកសាង ខ.ភ.ម ពី១​ថ្ងៃ​ទៅ​​១​ថ្ងៃ​ និង​តទៅថ្ងៃអនាគត​។ ឯកឧត្តម ស៊ុំ សំណាង បានបញ្ជាក់ថា៖ ទស្សនកិច្ចរបស់គណៈប្រតិភូបានធ្វើឡើង​ក្រោយពេលដែលបក្សរដ្ឋាភិបាលកងទ័ព និងប្រជាជនចិន រីករាយ​ប្រារព្ធ​ខួបអបអរសាទរ​លើក​ទី​៧០​ ថ្ងៃបុណ្យ​ឯករាជ្យជាតិ​ នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ដែលបាន​បង្ហាញឲ្យ​​ពិភពលោក​បានឃើញ​ពី​ការរីក​ចម្រើន​លើ​​គ្រប់វិស័យ ​ពិសេស​ភាពរឹងមាំ​ខ្លាំងក្លា​ក្នុងវិស័យ​ការពារ​ជាតិ ​របស់សាធារណរដ្ឋប្រជាមានិតចិន ក៏ដូច​ជាការអភិវឌ្ឍន៍ ​សន្តិភាពក្នុង​នៅតំបន់ និងនៅ​លើ​សកលលោក។ ជាមួយគ្នានេះ ឯក​ឧត្តម ស៊ុំ សំណាង បាន​សម្តែង​អបអរសាទរ​ចំពោះ​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ចរបស់ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅ​សាធារណរដ្ឋប្រជាមានិតចិន នាពេលថ្មីៗនេះ នៅក្នុងពិធី​បើក​ការប្រកួតកីឡាពិភពលោក លើកទី​៧ និង​វេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំង ព្រមទាំងបាន​ចុះហត្ថលេខាលើ​កិច្ច​​ព្រម​ព្រៀង ស្តីពីកិច្ច​សហ​ប្រតិ​បត្តិការ រវាង​ក្រសួងការពារជាតិទាំងពីរ កម្ពុជា និងចិន ដែលនោះ​បាន​នាំ​មក​​នូវ​ការ​អភិវឌ្ឍន៍​រីក​ចម្រើនថែមទៀតដល់ខ.ភ.ម។

ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ រិន យានពីង នាយក​មជ្ឈមណ្ឌល​គាំទ្រ​ភស្តុភារចម្រុះ នៃគណៈកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន


    ឯកឧត្តម ឧត្តមសេនីយ៍ទោ រិន យានពីង បានមានប្រសាសន៍ថា៖ នេះគឺជាលើកទី១ គណៈ​ប្រតិភូនៃកងកម្លាំង​ធានា​ភស្តុភារចម្រុះ ​កងទ័ពរំដោះប្រជាជនចិន បានមក​បំពេញ​ទស្សន​​កិច្ចនៅកម្ពុជា។ កងកម្លាំងធានា​ភស្តុភារចម្រុះ បានបង្កើតឡើង​នៅឆ្នាំ២០១៦ ហើយ​ត្រូវ​បានចាត់​ទុកជាប្រភេទទ័ពជំនាញមួយ នៃប្រភេទ​ទ័ព​ទាំង​អស់​របស់​ប្រទេសចិន​។ ឯកឧត្តម បានបន្តថា៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា​ប្រតិ​ភូ​នឹងបាន​ធ្វើការសិក្សារៀនសូត្រ ដកបទពិសោធការងារ​ពីគ្នាទៅវិញទៅមក ដើម្បីរួម​ចំ​ណែកក្នុងការ​ពង្រឹង និងពង្រីក​នូវ​កិច្ច​សហ​ប្រតិបត្តិការ ក៏ដូចជាចំណងមិត្តភាព នៃប្រទេសទាំងពីរអោយបានកាន់តែរីចំរើន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ