ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន បានជំរុញដល់នាយទាហាន ពលទាហាន នៃបញ្ជារការដ្ឋានរថក្រោះកងទ័ពជើងគោកទាំងអស់ ត្រូវបង្កើននូវសមត្ថភាព ជាជំនាញបច្ចេករបស់ខ្លួន ឲ្យកាន់តែស្ទាត់ជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សក្នុងជួរ ខ.ភ.ម ឲ្យកាន់តែមានគុណភាពប្រសិទ្ធភាព ក្នុងបុព្វហេតុពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃមាតុភូមិរបស់យើង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងគោក បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្ដម តំណាងឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ រថក្រោះ រថពាស ដែកប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ នៅបញ្ជារការដ្ឋានរថក្រោះកងទ័ពជើងគោក ដែលស្ថិតនៅ ទីបញ្ជាការ ភ្នំតូច ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ បានឲ្យដឹងថា៖ បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក សម្រាប់ឆ្នាំ២០១៨ ដោយបានដំណើរការបើកវគ្គហ្វឹកហ្វឺនចំនួន ០២វគ្គ ក្នុងពេលតែមួយ គឺវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការ រយៈពេល៤៥ថ្ងៃ ចំនួនសិក្ខាកាម៥០នាក់ គ្រូចំនួន០៥នាក់ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ចំនួន០១វគ្គ រយៈពេល៩០ថ្ងៃ ចំនួនសិក្ខាកាម៥០នាក់ គ្រូចំនួន០៥នាក់ សរុបទាំង០២វគ្គ សិក្ខាកាមមានចំនួន១០០នាក់ និងគ្រូ១០នាក់។ ដោយឡែកសម្រាប់ឆ្នាំ២០១៩ បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញរថក្រោះ រថពាសដែក ០១វគ្គ រយៈពេល ០៣ខែ មានសិក្ខាកាមចំនួន១០០នាក់ គ្រូ១០នាក់ ការហ្វឹកហ្វឺននេះ បានធ្វើឡើងទៅតាមពេលវេលា និងកម្មវិធីដែលបានកំណត់ ក្នុងផែនការ សច្ចាប័នរបស់មេបញ្ជាការកងទ័ពជើងគោក។
ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម ជា សារ៉ន បានលើកឡើងថា៖ កម្លាំងរថក្រោះ រថពាសដែក ជាកម្លាំងមួយមានសារៈសំខាន់បំផុតរបស់កងទ័ពជើងគោក ជាកម្លាំងអន្តរាគមន៍ទប់ទល់ ឬជាកម្លាំងបំរុងក្នុងការវាយលុកពួកសត្រូវ បង្ករប្រៀបខ្លាំងលើសមរភូមិ។ ដូច្នេះទាមទារឲ្យនាយទាហាន នាយទាហានរង ពលទាហាន ត្រូវមាន ជំនាញបច្ចេកទេសច្បាស់លាស់ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង ប្រើប្រាស់ ថែរក្សា គ្រឿងបំពាក់លើរថក្រោះ រថពាសដែក ដើម្បីសម្រេចភារកិច្ចប្រយុទ្ធ បានដោយជោគជ័យ។ ឯកឧត្តម បានបន្ដទៀតថា៖ រាល់ជ័យជំនះ ក្នុងសមរភូមិរបស់កងយោធពលខេមរភូមិន្ទកន្លងមក គឺពុំអាចកាត់ផ្តាច់បានពីការរួមចំណែកដ៏សកម្ម យ៉ាងស្វិតស្វាញ របស់កងកម្លាំងរថក្រោះ រថពាសដែក បាននោះឡើយ។ ឯកឧត្តម បានផ្តាំផ្ញើរដល់នាយទាហាន ពលទាហានទាំងអស់ បន្តបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួនបន្ថែមទៀត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងសុខសន្តិភាពនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ជា សារ៉ន ក៏បានផ្តល់កិត្តិយសចែកប័ណ្ណសរសើរ ដល់នាយទាហាន ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនអង្គភាពរបស់ខ្លួន ចំនួន១២នាក់ ៕