ព័ត៌មាន

បញ្ហា​ប្រឈម​ធំៗ​ចំនួន​៣ ត្រូវ​បាន​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ថ្លែង​ក្នុង​វេទិកា​សៀង​សាន​លើក​ទី ​៩​ នៅ​ទី​ក្រុង​ប៉េ​កាំង​
នាយកដ្ឋានព័ត៌មាន(៣)
107
1264 បញ្ហា​ប្រឈម​ធំៗ​ចំនួន​៣ ត្រូវ​បាន​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ថ្លែង​ក្នុង​វេទិកា​សៀង​សាន​លើក​ទី ​៩​ នៅ​ទី​ក្រុង​ប៉េ​កាំង​

     ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន នៅ​ថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ​អម​តំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវ​ជ្រាវចារកិច្ច ក្រសួង​ការពារជាតិ បានចូលរួម​ក្នុងវេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំង ដែលនៅ​ក្នុង​​​​វេទិកា​សៀង​​សាននេះ ត្រូវបានពិភាក្សាលើ​ប្រធានបទសំខាន់ៗ​ ដែល​ពាក់ពន្ធ័នឹង​បញ្ហា​សន្តិ​សុខក្នុងតំបន់ និង អន្តរជាតិ។

      ថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គលើកទី៣ ក្រោមប្រធានបទ “ផលប្រយោជន៍នៃរាល់បណ្តាប្រទេសតូច ប្រទេស​មធ្យម និងសន្តិសុខរួម” សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ វេទិកាសៀងសាន គឺជាឱកាសដ៏ល្អប្រសើរមួយ ដើម្បីលើកឡើងពីក្តីកង្វល់រួម និងរកដំណោះស្រាយជាមួយគ្នា លើបញ្ហាទាំងនោះ។

      តាមរយៈ​​​​វេទិកាសៀង​សានលើកទី៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើង​នូវបញ្ហា​ប្រឈមចំនួន​៣ ទៅកាន់កិច្ចប្រជុំ​ ក្នុងនោះបញ្ហាប្រឈមទី១ គឺក្នុងទិដ្ឋភាពទ្រឹស្តី នៃទំនាក់ទំនងអន្តរជាតិ តែងផ្តោតសំខាន់​ពីសកម្មភាព នៃប្រទេសមហាអំណាច ធ្វើការសិក្សាពន្យល់ពីឬសគល់នៃជម្លោះរបស់ពួកគេ ហើយស្វែង​រក​វិធី ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាពអំណាចរវាងមហាអំណាច ហើយដែលគេជឿថានេះជាភាពចាំបាច់ដើម្បី​រក្សាសន្តិភាពពិភពលោក។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ គេច្រើនតែមើលរំលងពីផលប្រយោជន៍ និង​សំណូមពររបស់ប្រទេសតូច និងមធ្យម ហើយយ៉ាងច្រើនគេបានត្រឹមតែបង្ហាញការអាណិតអាសូរចំពោះប្រទេស​តូច និងមធ្យមប៉ុណ្ណោះ។ ប៉ុន្តែជាទូទៅប្រទេសតូច និងមធ្យមត្រូវគេបង្ខំឱ្យលះបង់ផលប្រយោជន៍ជាតិខ្លួន ដើម្បីបុព្វហេតុសន្តិភាពរវាងប្រទេសមហាអំណាច។ សម្តេចពិជ័យសេនា បានបញ្ជាក់ទៀត​ថា ៖ ផ្អែកតាមប្រវត្តិសាស្រ្ត យើងបានដឹងហើយថា នៅពេលដែលប្រទេសមហាអំណាចមានទំនាស់នឹងគ្នា ប្រទេសតូចនិងមធ្យម​ត្រូវបានគេចាប់បង្ខំឱ្យជ្រើសរើសភាគីជម្លោះណាមួយ ឬពេលខ្លះទៀត គឺមហាអំណាចគឺជាអ្នកធ្វើការកំណត់​ជំនួសតែម្តង។ ហើយនៅពេលដែលប្រទេសមហាអំណាចត្រូវគ្នា ប្រទេសតូច និងមធ្យមបែរជាក្លាយទៅជារបស់​សម្រាប់ប្រទេសមហាអំណាចដោះដូរគ្នាទៅវិញ។ បញ្ហាប្រឈមទី២ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖  ទោះ​បី​ជាយើងបានឃើញបញ្ហាទី១ខាងលើនេះ យើងនៅតែមិនអាចគេចផុតពីវាបានទេ។ ពិភពលោកសព្វថ្ងៃ​គឺ​មាន​ទំនាក់ទំនងយ៉ាងជិតស្និទ្ធិ និងពឹងពាក់គ្នាទៅវិញទៅមក។ គ្មានប្រទេសណាដែលអាចរស់នៅម្នាក់ឯង ដោយ​គ្មានការទាក់ទងជាមួយពិភពខាងក្រៅឡើយ ពីព្រោះការរស់នៅបែបនេះជាការលំបាកណាស់។ យ៉ាង​ណា​មិញ ​នៅពេលដែលយើងបើកចំហទៅកាន់ពិភពលោក យើងច្បាស់ជានឹងត្រូវប្រាស្រ័យទាក់ទងគ្នា ហើយរងនូវឥទ្ធិពល​ពី​ទង្វើ​នៃប្រទេសដទៃ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ក្នុងន័យនេះ សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែម​ថា៖​ ទោះបីចង់ ឬមិនចង់ យើងត្រូវតែទាក់ទងជាមួយប្រទេសទាំងអស់លើពិភពលោក ហើយជាទូទៅការ​ទាក់​ទងនេះមិនមែនគ្មានភាពលំអៀងទៅរកប្រទេសធំនោះទេ។ បញ្ហាប្រឈមទី៣ គឺភាពផ្ទុយគ្នាឬទំនាក់ទំនង​ជា​វិចារ​វិទ្យា​ ក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងទិដ្ឋភាពមួយ ប្រទេសនីមួយៗចាំបាច់ត្រូវស្វែងរកផលប្រយោជន៍​ជាតិ​របស់​ខ្លួន​ឱ្យបានច្រើន តាមដែលខ្លួនអាចធ្វើបាន។ ប៉ុន្តែក្នុងទិដ្ឋភាពម្យ៉ាងទៀត គេត្រូវប្រកាន់​ខ្ជាប់​នូវ​គោល​ការ​ណ៍​សីលធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងតថភាពជាក់ស្តែងយើងឃើញថាពេលខ្លះប្រទេសធំៗ និងជាមហាអំណាចអាចស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួន ដោយពុំសូវគិតដល់គោលការណ៍សីលធម៌​អន្តរជាតិទេ។ ផ្ទុយទៅវិញប្រទេសតូច និងមធ្យមមិនអាចធ្វើបែបនោះបានឡើយ។ នៅពេលដែលប្រទេសតូច និងមធ្យមព្យាយាមធ្វើបែបនេះ ពួកគេច្រើនត្រូវបានរារាំង ដោយលើកពីគោលការណ៍សីលធម៌អន្តរជាតិ។ ជាក់​ស្តែងក្នុងករណីកម្ពុជាផ្ទាល់ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ និងជាតិខ្លួនក៏ដោយ ក៏កម្ពុជានៅតែទទួលរងសម្ពាធពីប្រទេសមួយចំនួន ដែល​រិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ។

      នៅ​ក្នុងកិច្ចប្រជុំវេទិកាសៀងសានលើកទី៩នេះ វាគ្មិនមកពីបណ្តាលប្រទេសដ៏​ទែទៀត​ក៏បាន​ចូល​រួមពិភាក្សា​ផ្លាស់ប្តូរយោបល់គ្នា ដែលទាក់ទងទៅនឹងប្រធានបទថ្មីៗ ស្តីអំពីទំនាក់ទំនងប្រទេសមហាអំណាច និង សណ្តាប់​អន្តរជាតិ, ការ​គ្រប់គ្រងហានិភ័យសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក, ការគ្រប់គ្រងអាវុធអន្តរជាតិ និងសន្តិសុខ​សាកល និង ការផ្លាស់ប្តូរ ទស្សនៈវិស័យ​ដែលទាក់ទង​ទៅនឹង​កិច្ចសហ​ប្រតិបត្តិការ​​រក្សាសន្តិសុខ ក្នុងតំបន់  និងពិភពលោក ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ