ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និង​រដ្ឋមន្ត្រី្ហ​ការ​ពារ​ជាតិ​ចិន​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​​កិច្ច​សហ​ប្រតិបត្តិការ​ រ​វាង​កង​ទ័​ពប្រទេស​ទាំង​ពីរ​កម្ពុជា​ និងចិន នៅ​ទីក្រុង​ប៉េកាំង​
នាយកដ្ឋានព័ត៌មាន(៣)
157
1263 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និង​រដ្ឋមន្ត្រី្ហ​ការ​ពារ​ជាតិ​ចិន​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​​កិច្ច​សហ​ប្រតិបត្តិការ​ រ​វាង​កង​ទ័​ពប្រទេស​ទាំង​ពីរ​កម្ពុជា​ និងចិន នៅ​ទីក្រុង​ប៉េកាំង​

    បន្ទាប់​ពី​បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​ការ​ប្រកួត​កីឡា​យោធាពិភព​លោកលើកទី ៧ នៅទីក្រុង អ៊ូហាន រួចមក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អមតំណើរដោយ នាយឧត្តមសេនីយ៍ ណឹម ​សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសំភារៈបច្ចេកទេស និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន​ស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានចូលជួបសំ​ដែងការគួសម ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ត្រី្ហ​ការពារជាតិចិន នៅទីក្រុងប៉េកាំងបន្តទៀត។ 

    ក្នុង​ជំនួប​នាឱកាស​នោះ ​ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានសំ​ដែងការស្វាគមន៍ចំពោះ សម្តេចពិជ័យ​សេនា​ ទៀ បាញ់ ដែល​បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា មកចូលរួមក្នុងពិធីបើកការប្រកួត​កីឡា​យោធាពិភព​លោកលើកទី ៧ នៅទីក្រុង អ៊ូហាន និងចូលរួមក្នុងវេទិកាសៀនសានលើកទី៩ នៅទី​ក្រុង​ប៉េកាំង។ ឯកឧត្តម វ៉េ ហ៊្វុងហឺ បានសំ​ដែង​​ការ​កោត​សរសើរ​ចំពោះសម្តេចពិជ័យសេនា ដែលបានខិតខំជំរុញ ក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហ​ប្រតិបត្តិកា​រ រវាង​ប្រទេស​ទាំងពីរកម្ពុជា និងចិន។ ឯកឧត្តម រដ្ឋមន្ត្រី្ហ​ការ​ពារជាតិចិន បានបញ្ជាក់ថា៖ ចិន និងកម្ពុជា ជាមិត្តភក្រ្ត័ដែកថែប។ ក្រោម​ការដឹកនាំរបស់ប្រ​ធា​នា​ធិបតី​ ​ស៊ី ជីនពីង ក៏ដូចជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​ ទំនាក់​ទំនង​​កិច្ច​​សហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ ហើយបច្ចុប្បន្ននេះ​គឺស្ថិតនៅក្នុងកំរិតខ្ពស់​ជាងគេក្នុង​ប្រវត្តិសាស្រ្ត​។ ឯកឧត្តម វ៉េ ហ៊្វុងហឺ បានសង្កត់ធ្ងន់ថា៖ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ជិតស្និត និងទទួលបាន​នូវសមិទ្ធផល​ធំធេងជាច្រើន ហើយកិច្ចសហប្រតិបត្តិការ រវាង​កងទ័ពទាំងពីរ បានក្លាយទៅ​ជាយន្តការមួយ ដែល​បានជួយជំរុញដល់​ការអភិវឌ្ឍ​ទំនាក់​ទំនង រវាងប្រទេសទាំងពីរកម្ពុជា និងចិន។ ជាចុងក្រោយ​ ឯកឧត្តម រដ្ឋមន្ត្រី្ហការពារជាតិចិន បានបញ្ជាក់ថា៖ ប្រទេសចិននៅតែបន្តផ្តល់ជំនួយ និងការគាំទ្រ​ដល់ការ​កសាង​កងទ័ព និងការអភិវឌ្ឍវិស័យការពារជាតិរបស់ប្រទេសកម្ពុជា។

    នៅក្នុងជំនួបពិភាក្សា​ការងារទ្វេភាគី​នា​ពេ​ល​នោះ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បានសំ​ដែងការអបអរសាទរ​ក្នុង​​ឱកាស​ប្រទេសចិន​ បានប្រារព្ធខួបលើកទី៧០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដ៏មហោឡារិក កាល​ពីថ្ងៃទី០១​ ខែ​តុលា ឆ្នាំ២០១៩ និងអបអរសាទរចំពោះជោគជ័យ នៃពិធីបើកការប្រកួតកីឡា​យោធាពិភព​លោកលើកទី៧ នៅទីក្រុងអ៊ូហាន ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន​ ដែលបានចាប់ផ្តើមដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ រហូតមក​ដល់​បច្ចុប្បន្ន​នេះ​ ត្រូវបានពង្រឹង និងពង្រីកថែមទៀត យ៉ាងខ្លាំងក្លា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សម្តេចពិជ័យសេនា បានវាយតំលៃខ្ពស់ និងមានជំនឿជឿជាក់ ជាមួយតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសចិន ជាពិសេស​តួនាទីរបស់កងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមយ៉ាង​ស្វាហាប់ និងយ៉ាងមោះមុត ក្នុងការកសាង និងអភិវឌ្ឍ ចំពោះសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូច​ជា​ក្នុង​ពិភពលោក​។​ សម្តេចពិជ៏យសេនា បានថ្លែង​អំណរគុណ​ចំពោះ​ការជួយជ្រោមជ្រែង ផ្តល់ការជួយឧបត្ថម្ភក្នុង​ការ​អនុវត្តិកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងកងទ័ពទាំងពីរកម្ពុជា ចិន​ ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការ​បង្កើន​កំរិត​ នៃការធ្វើលំហាត់ហ្វឹកហ្វឺន បង្កើន​ប្រសិទ្ធភាព ​​នៃការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស រួមទាំងកិច្ចសហប្រតិបត្តិការកំរិតតំបន់ និងអន្តរជាតិផងដែរ ដែលបាន​ធ្វើអោយ​ទំនាក់ទំនង​កងទ័ពទាំងពីរកាន់តែរឹងមាំ​។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ត្រី្ហការ​ពារ​ជាតិ​ចិន ​បានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ ស្តីកិច្ចសហ​ប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា និងចិន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ