ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ ឯកឧត្តម​ ស៊ី ​ជីន​ពីង​ ប្រធានា​ធិបតី​ នៃ​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
135
1262 សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ ឯកឧត្តម​ ស៊ី ​ជីន​ពីង​ ប្រធានា​ធិបតី​ នៃ​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន​

     ក្នុង​ឱកាសអញ្ជើញ​ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងពិធីបើកការប្រកួតកីឡា​យោ​ធា​ពិភព​​លើកលើកទី ៧ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអ៊ូហាន ខេត្តហ៊ូបេ សាធារណរដ្ឋ​ប្រជាមានិត​ចិន ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អម​តំណើរ​ដោយ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស​ ក្រសួង​ការ​ពារ​ជាតិ​ រួម​ជា​មួយថ្នាក់ដឹកនាំស្ថាប័នការពារជាតិ មកពី​បណ្តាប្រទេសនានាដ៏ទៃទៀត បាន​​ចូលជួប សំ​ដែង​ការ​គួរសម ​ឯកឧត្តម ស៊ី ជីនពីង អគ្គលេខា​គណបក្ស​កុម្មុយនីស្ត​ចិន​ ប្រធានា​ធិបតី​ នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈឹម​។​

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ


   ​ នៅ​ក្នុងជំនួបនោះ​ សម្តេចពិជ័យសេនា ទៀ បាញ់ តាង​នាម​កង​យោធពលខេមរ​ភូមិន្ទ​ និង​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​វិស័យ​ការពារជាតិ​ ស្ថាប័ន​កង​ទ័ព​ នៃ​បណ្តាប្រទេសទាំងអស់ បាន​សម្តែងការអបអរសារទ​ ចំពោះការ​ប្រព្រឹត្ត​ទៅយ៉ាង​ជោគ​ជ័យ​ ក្នុង​ព្រឹត្តិការណ៍​កីឡាយោធា​ពិភព​លោក​លើក​ទី៧​ នៅ​ក្នុង​ទីក្រុង​អ៊ូហ៊ាន ​នៃ​សា​ធារណរដ្ឋ​ប្រជា​មានិត​ចិន ​ប្រកបដោយអត្ថន័យ​យ៉ាង​វិសេស​វិសាល​ សម្រាប់​ប្រវត្តិសាស្រ្ត​មនុស្សជាតិ ​និង​កង​ទ័ព​ទាំង​អស់​នៅ​លើស​កល​លោក​។​ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​បញ្ជាក់​ថា៖​​ ព្រឹត្តិការណ៍កីឡាយោធា​ពិភព​លោកនេះ ​ពិត​ជា​បាន​ដើរ​តួយ៉ាង​សំខាន់​នៅ​ក្នុងបុព្វហេតុស្វែងរក និងធានាសន្តិភាព សេ្ថរភាព ទាំងក្នុងតំបន់ និង​លើ​ពិភព​លោក ​ក្រោមខ្លឹមសារ​កីឡានាំ​មក​នូវសន្តិភាព ​កីឡានាំ​មក​នូវមិត្តភាព​ និង​ជា​ធាតុ​មួយយ៉ាងសំខាន់ក្នុង​ការ​បណ្តុះ​ឆន្ទៈស្មារតី​ស្រឡាញ់​នូវ​សន្តិភាព​ សម្រាប់​វិស័យ​អប់រំ​ក្នុង​កង​ទ័ព​ និង​ជា​វេទិកា​បើក​ចំហ​ឲ្យ​កង​ទ័ពទាំង​អស់​នៅ​លើ​ពិភពលោក ​មាន​ឱកាស​បាន​ប្រាស្រ័យ​ទាក់ទង ឈ្វេងយល់ពីគ្នាទៅវិញទៅមក រួមចំណែកពង្រឹង ​និង​ពង្រីកមិត្តភាព កិច្ចសហប្រតិបត្តិការ ក្រោមឆ័ត្រនៃបេសកកម្មរក្សាសន្តិភាព ដែលមានតម្លៃយ៉ាងធំ​ធេង​ក្នុង​ប្រវត្តិសាស្រ្តមនុស្សជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ ​ព្រឹត្តិការណ៍កីឡាយោធា​ពិភព​លោក​លើកទី៧ បានបង្ហាញឲ្យឃើញអំពីតួនាទីដ៏ស័ក្តិសិទ្ធ​ របស់កងទ័ព​រំដោះ​ប្រជាជនចិន​ ក្នុងនាម​ជា​ម្ចាស់​ផ្ទះរៀបចំ​ព្រឹត្តិ​ការណ៍​លើក​នេះ ​កាន់​តែបង្ហាញឲ្យឃើញច្បាស់នូវសក្ខីកម្ម​ នៃតួនាទីដ៏ចម្បង និង​ធំធេង​យ៉ាង​សំខាន់​បំផុត មិនអាចខ្វះបានរបស់​សាធារណរដ្ឋប្រជា​មានិត​ចិន ​ក្នុង​បុព្វហេតុ​កសាង ​និង​ថែរក្សាសន្តិភាព ​សេ្ថរភាព ​និង​ការរីក​ចម្រើនរបស់​ពិភព​លោក ​និង​មនុស្ស​ជាតិ​។​ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​សំ​ដែង​សេចក្តី​សង្ឃឹម​ និង​ជឿជាក់​យ៉ាង​មុត​មាំ​ថា​៖ តាមរយៈការចូលរួមព្រឹត្តិការណ៍​កីឡាយោធា​ពិភព​លោក​លើក​ទី៧​នា​ពេល​នេះ ​នឹង​ក្លាយទៅជាឱកាស​ដ៏ប្រសើរមួយ​សម្រាប់ប្រតិភូចូលរួម​ ប្រតិភូអង្កេតការណ៍​មក​ពីបណ្តា​ប្រទេស​ទាំងអស់ បានរៀនសូត្រឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត​ អំពីបទពិសោធន៍ ក៏​ដូច​ជា​ចំណេះ​ដឹងថ្មីៗ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗលំដាប់ពិភពលោក ដូចជាព្រឹត្តិការណ៍ដែលកំពុងដំណើរការ នា​ពេល​នេះ។​

​ឯកឧត្តម ស៊ី ជីនពីង អគ្គលេខា​គណបក្ស​កុម្មុយនីស្ត​ចិន​ ប្រធានា​ធិបតី​ នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈឹម​


    ឯកឧត្តម​ ប្រធានា​ធិបតី​ ស៊ី​ ជីង​ពីន​ បាន​មាន​ប្រសាសន៍​ថា៖​ ថ្ងៃនេះយើង​ជួបជុំរៀបចំ​ព្រឹត្តិការណ៍យោធា​ពិភព​លោក​លើក​ទី៧​ នៅ​ក្នុង​ទីក្រុង​អ៊ូហ៊ាន ​មាន​កង​ទ័ពប្រមាណជាង​មួយ​ម៉ឺន​នាក់​ មក​ពី​បណ្តា​ប្រទេសជាង​១០០​ប្រទេស ​ចូល​រួម។ ឯកឧត្តម ​បាន​បញ្ជាក់ថា៖ កីឡា​គឺ​ជា​អត្តសញ្ញាណដ៏សំខាន់​មួយ​ សម្រាប់ការអភិវឌ្ឍ និង ការ​រីកចម្រើន នៃសង្គមមនុស្សជាតិ ​ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់​ នៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។ កង​ទ័ពនិងកីឡា គឺមានទំនាក់ទំនងជាធម្មជាតិ ដូចជា កីឡាបាញ់កាំភ្លើង កីឡារត់ម៉ារ៉ាតុង និងវិញ្ញាសារកីឡាផ្សេងៗទៀត គឺសុទ្ធតែមានប្រភពពីយោធា។ កីឡាយោធាមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកាយសម្បទា​កង​ទ័ព​ ពង្រឹងឆន្ទៈ និងសាមគ្គីភាព បង្ហាញពីមុខមាត់របស់កងទ័ព​ ក៏ដូចជាជម្រុញទំនាក់ទំនងរវាងកងទ័ព និង​កង​ទ័ព​ ដែលមានការទទួលស្គាល់ទូទាំងប្រទេស នៅលើពិភពលោក។ សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាយោធាពិភពលោកលើកទី៧ បានប្រព្រឹត្តទៅក្រោមប្រធានបទ “រួមគ្នាចែករំលែកនូវមិត្តភាព រួមគ្នាកសាងនូវសន្តិភាព” ៕