ព័ត៌មាន

ឯកឧត្តម​ ម៉ឹង ​សំផន​ អញ្ជើញជាអធិបតីភាពក្នុងពីធីបិទវគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បើក​-​ជួស​ជុល​អូប័រ​ និង​របៀប​សង្គ្រោះ​ជំនាន់​ទី៤ ​នៅ​ភូមិ​សាស្ត្រ​ស្រុក​ពញាឮ ​ខេត្ត​កណ្តាល​
នាយកដ្ឋានព័ត៌មាន(៣)
96
1259 ឯកឧត្តម​ ម៉ឹង ​សំផន​ អញ្ជើញជាអធិបតីភាពក្នុងពីធីបិទវគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បើក​-​ជួស​ជុល​អូប័រ​ និង​របៀប​សង្គ្រោះ​ជំនាន់​ទី៤ ​នៅ​ភូមិ​សាស្ត្រ​ស្រុក​ពញាឮ ​ខេត្ត​កណ្តាល​

    បន្ទាប់ពីបានដំណើរការហ្វឹកហាត់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៅទីលានអស់រយៈពេល៣ខែ របស់សិក្ខា​កាមបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៤ ត្រូវបានអនុវត្តជាក់ស្តែង នៅភូមិ​សាស្ត្រ​ ភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីបញ្ចប់វគ្គរបស់ខ្លួន ប្រកបដោយជោគជ័យ ក្រោម​ការ​រៀប​ចំ​ទាំង​ការ​ហ្វឹក​ហាត់​ យ៉ាង​យកចិត្តទុកដាក់ពីអង្គភាព កងពល តូចទ័ពពិសេសឆត្រ​យោង​៩១១​។ ​ហើយពិធីនេះ ត្រូវបានប្រារព្វពិធី​បញ្ចប់​នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅភូមិសាស្ត្រ ភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខា​ធិការ ​ក្រសួងការពារជាតិ ប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់  និង​ស្តា​ឡើង​វិញ។​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើង​គោក មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១


    ក្នុង​របាយ​ការណ៍​ស្វាគមន៍ ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើង​គោក មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជាហ្វឹក​​ហ្វឺ​ន របស់មេបញ្ជាការកងទ័ពជើងគោក និងផ្អែកតាមសេចក្តីត្រូវការចាំបាច់ របស់កងយោធពលខេមរភូ​មិន្ទ​ លើការបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ឲ្យដល់​កង​យោធ​​ពលខេមរភូមិន្ទ កងពលតូចទ័ពពិសេសឆត្រ​យោង៩១១ បានដំណើរការ​នូវ​វគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល​បំប៉ន​​ជំនាញ​បើក​-​ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤ ដែលមានសិក្ខាកាមចូលរួមហ្វឹកហ្វឺន សរុបចំនួន​៨០នាក់ ក្នុងនោះមានសិក្ខាកាមរបស់កងពលតូចទ័ពពិសេសឆត្រយោង៩១១ ចំនួន៦១នាក់ សិក្ខាកាមបញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំងពិសេសប្រឆាំងភេរវកម្ម​ចំនួន១៦នាក់ និងសិក្ខាកាមមកបញ្ជាកាដ្ឋានការពារកោះឆ្នេរ​ចំនួន​០៣​នាក់។ ក្រោយពីហ្វឹកហាត់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងអស់រយៈពេល០៣ខែ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផល និទ្ទេសល្អ៤០នាក់, ល្អបង្គួរ១៤នាក់, មធ្យម០៤នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខា​ធិការ ​ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និង​ស្តា​ឡើង​វិញ


     ក្រោយពីបានតាមដានស្តាប់នូវរបាយការណ៍ និងទស្សនាការសម្តែង របស់សិក្ខាកាមហ្វឹកហ្វឺន វគ្គបំប៉នជំនាញ​បើក​-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៤ នៃអង្គភាពកងពលតូចទ័ពពិសេសឆត្រយោង៩១១ រួច​មក​ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ប្រធាន​ក្រុមការងារសម្រប​សម្រួល ​ការ​ត្រៀម​រៀប​ចំ​ឆ្លើយ​តប​សង្រ្គោះ​បន្ទាន់ និងស្តាឡើងវិញ ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី ក្នុងនាម​ក្រសួង​ការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានពាំនាំនូវការផ្តាំផ្ញើសាកសួសខទុក្ខ ពី​សំណាក់​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​និង​សម្តេចគតិ​ព្រឹត្ត​បណ្ឌិ​ត ប៊ុន ​រ៉ានី ហ៊ុនសែន ជូន​ដល់​នាយ​ទាហាន​ នាយទាហាន​រង​ ពល​ទាហាន​ ក្រុមគ្រួសារ​សិក្ខាកាម​ទាំង​អស់​ និង​ផ្ញើការ​នឹក​រលឹក​ផង​ដែរ​ ចំពោះ​ក្រុម​គ្រួសារ ​យោធិន​ទាំង​អស់​ ដែល​បានរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ដណ្តើម​ស្នាដៃ ​លើ​កិច្ច​ការ​ពារ​បូរណៈ​ភាព​ទឹក​ដី​ ជូន​ជាតិ​មាតុ​ភូមិ។​ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏​បានសម្តែងនូវ ការកោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរបស់ ឯកឧត្តម មេបញ្ជាការ មេបញ្ជា​ការ​រង​ និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៅក្នុងកងពលទាំងអស់ ដែលបានសហការសាមគ្គីឯកភាព ធ្វើឲ្យសម្រេច​នូវ​ផែនការ​ហ្វឹកហ្វឺនប្រចាំ​ឆ្នាំ​ របស់កងពលនាពេលនេះ។ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ម៉ឹង ​សំផន​ បាន​ផ្តល់​ អនុសាស្ត្រ និងជំរុញដល់កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបន្តជំរុញការយកចិត្តទុកដាក់ បង្កើន​សមត្ថភាពធនធានមនុស្ស ដើម្បីដើរតាមការវិវឌ្ឍន៍ជឿនលឿន លើគ្រប់វិស័យក្នុងតំបន់ ពិសេសក្នុងវិស័យ​ការ​ពារ​ជាតិ​។ ឯកឧត្តម​ក៏បានឲ្យដឹងទៀតថា៖ ការហ្វឹកហ្វឺនថ្ងៃនេះ គឺជាការឆ្លើយតបដ៏សមស្រប ទាន់ពេល​វេលា​ទៅ​នឹង​គោល​នយោ​បាយ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​កសាង​ធនធានមនុស្ស ប្រកបដោយ សមត្ថ​ភាព​ គុណភាព​ខ្ពស់​ ដើម្បីបំរើឲ្យការបំពេញភារកិច្ច បំរើជាតិមាតុភូមិរបស់យើង ចំពោះមុខ និងទៅថ្ងៃអនាគត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានថ្លែងអំណរគុណ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយ​ទាហាន​ នាយ​ទាហាន​រង​ យោធា​ចារ្យ​ និង​សិក្ខាកាម​ទាំង​អស់​ ដែល​បាន​ពុះពារ​រាល់​ការ​លំបាក​ ជំរុញដំណើរការ​ហ្វឹក​ហ្វឺន​ ចាប់​ពី​ដើម​រហូត​​ដល់​ពេលបញ្ចប់វគ្គ សម្រេចបានលទ្ធផលប្រកបដោយជោគជ័យ។ ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ ដែលទើបបញ្ចប់ការ​ហ្វឹកហ្វឺន ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូអនុវត្តឲ្យបានល្អ និងត្រូវព្យា​យាម​ប្រឹង​ប្រែង​បន្ថែមទៀត លើការសិក្សារៀនសូត្រ គ្រប់ជំនាញវិជ្ជាជីវៈ ដើម្បីក្លាយជាអ្នកបន្តវេន ទៅថ្ងៃអនាគត​។​ ឯកឧត្តម ក៏បានជំរុញនាយទាហាន ពលទាហានត្រូវចូលរួមថែរក្សា សុខសន្តិភាព មិនអនុញ្ញាត្តិឲ្យ​ជន​ណា ​ឬ​ក្រុម​ណា មកបំផ្លាញសុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខ រាជ​រដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា យើងមានសន្តិភាព​​មកដល់ពេលនេះ ដោយការសាមគ្គីភាព ឯក​ភាព​គ្នា ​និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីកការងារ ការកសាងធនធានមនុស្ស និងការកសាងអង្គភាព​របស់​ខ្លួន​។​

   ក្នង​ឱកាស​ ប្រកាស​បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​ វគ្គបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៤​នេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាននាំយកនូវអំណោយ មាន អង្ករ, មី និងថវិការ​មួយ​ចំនួនរបស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ជូន​ដល់​កងពលតូចទ័ព​ពិសេស​ឆត្រ​យោង​៩១១​ ផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ