ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ ជួប​ប្រជុំ​ទ្វេ​ភាគី​ជា​មួយ ​អនុ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ជប៉ុន​
នាយកដ្ឋានព័ត៌មាន(៣)
108
1256 ឯកឧត្តម​ នាង​ ផាត​ ជួប​ប្រជុំ​ទ្វេ​ភាគី​ជា​មួយ ​អនុ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ជប៉ុន​

    កិច្ច​ប្រជុំវេទិការអនុរដ្ឋមន្ត្រី​ការពារ​ជាតិជប៉ុន-អាស៊ាន លើក​ទី១១ ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានប្រព្រឹត្តិទៅ ទទួលលទ្ធផលប្រកបដោយជោគជ័យ។ កិច្ចប្រជុំនេះបានដឹកនាំដោយ ឯកឧត្តម យ៉ាស៊ូណូរី នីស៊ីដា ( Yasunori Nishida) អនុរដ្ឋ​មន្ត្រីការពារជាតិជប៉ុន ទទួលបន្ទុកកិច្ចការបរទេស។ វេទិការអនុរដ្ឋមន្ត្រី​ការ​ពារ​​ជាតិ​ជប៉ុន-អាស៊ាន លើក​ទី១១ ឆ្នាំ២០១៩នេះ បានផ្តោតការពិភាក្សាទៅលើខ្លឹមសារសំខាន់ៗចំនួន៣ ចំនុចរួមមាន៖ អំពី​ស្ថាន​ការណ៍​សន្តិសុខក្នុងតំបន់, ចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិក និង គំនិតផ្តួចផ្តើម​អាស៊ាន សំរាប់​​កិច្ច​សហ​ប្រតិបត្តិការការពារជាតិ។ វេទិកា​​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន អាស៊ាន លើកទី១១នេះ ក៏​នឹងផ្ដល់​នូវឱកាស​ដ៏ល្អ ដើម្បីបង្កើន​កិច្ចសហ​ប្រតិ​បត្តិការលើវិស័យការពារជាតិ ​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​ថ្មី​ នៃ​កិច្ចសហប្រតិបត្តិការ​ ​ក្នុងការ​ឆ្លើយ​​តបទៅ​​នឹងការ​គំរាម​​កំហែង​​សន្តិសុខ​រួម ដែលកំពុងលេចឡើង។

    បន្ទាប់ពីបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំវេទិការអនុរដ្ឋមន្ត្រី​ការពារ​ជាតិជប៉ុន-អាស៊ាន លើក​ទី១១ រួច​មក​ ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ​ ក្រសួងការពារជាតិ​ ព្រមទាំងគណៈប្រតិភូ​អម​តំណើរ បានអញ្ជើញចូលជួបពិភាក្សា​ការ​ងារ​ទ្វេរភាគីជាមួយ ឯកឧត្តម យ៉ាស៊ូណូរី នីស៊ីដា អនុរដ្ឋ​មន្ត្រី​ការ​ពារ​​ជាតិ​ជប៉ុន ផងដែរ។ នៅ​ក្នុងជំនួបនោះ ឯកឧត្តម នាង ផាត បានចាត់ទុកកិច្ចប្រជុំវេទិកា​​អនុ​រដ្ឋមន្ត្រី​ការ​ពារ​​ជាតិ​​​​ជប៉ុន អាស៊ាន មានសារៈសំខាន់ ដែលបាននាំមកនូវការលើកកំពស់​កិច្ចសហ​ប្រតិបត្តិការ ​លើវិស័យ​ការពារ​​ជាតិ​ ​ជាមួយបណ្តាប្រទេសក្នុងតំបន់ និងរួមចំ​ណែកពង្រឹងសន្តិភាព ស្ថិរភាព​ក្នុងតំបន់ផងដែរ។ ដោយ​បាន​ធ្វើ​ការ​វាយ​តំលៃ​លើ​សភាពការណ៍ សន្តិសុខ ការប្រឈមនានា ដែលកើត​មានឡើង​នៅក្នុងតំបន់ និងលើពិភព​លោក​។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា ជប៉ុន ឯកឧត្តម នាង ផាត បាន​លើកឡើង​ពីការជួយបណ្តុះបណ្តាល របស់ជប៉ុន ដល់ខ.ភ.ម លើមុខជំនាញជាច្រើនដូចជា ជំនាញ​ សេនាធិការវិស្វកម្ម ​និងជំនាញ​ប្រតិបត្តិការ​រក្សាសន្តិភាព។

   មានមតិឆ្លើយតបវិញ ឯកឧត្តម យ៉ាស៊ូណូរី នីស៊ីដា អនុ​រដ្ឋ​មន្ត្រី​ការពារ​​ជាតិ​ជប៉ុន បានជំរុញអោយកម្ពុជា មាន​កិច្ច​សហប្រតិបត្តិការ ​លើ​វិស័យ​កង​ទ័ព​ និង​សហ​ប្រតិបត្តការជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ​ដើម្បី​ពង្រឹង​សន្តិភាព ​និង​សន្តិសុខ ក្នុងតំបន់។ ឯកឧត្តម បាន​​បញ្ជាក់​ថា៖ ជប៉ុន នឹងជួយកម្ពុជាលើវិស័យប្រតិបត្តិការ​រក្សា​សន្តិភាព ជាពិសេសអង្គភាព​មជ្ឈមណ្ឌលជាតិ​គ្រប់គ្រង​កង​​កំលាំងរក្សាសន្តិភាព បោសសំអាតមីន និង​កាកសំណល់សង្គ្រាម ដែលក្នុងពេល​បច្ចុប្បន្ននេះ​​បាន​ដើ​​រតួនាទី​​យ៉ាង​សំខាន់​ក្នុងបេសកកម្ម ថែរក្សាសន្តិភាព របស់​អង្គការសហប្រជាជាតិ។ ឯកឧត្តម យ៉ាស៊ូណូរី នីស៊ីដា បាន​សង្កត់ធ្ងន់ថា៖ ប្រទេសជប៉ុន នឹងបង្កើនទំនាក់ទំនង​ និងធ្វើកិច្ចសហប្រតិបត្តិការ​ ​អោយកាន់​តែ​ជិតស្និត​បន្ថែម​​ទៀត​ជា​​មួយ​​នឹង​ប្រទេស​កម្ពុជា​។​​

  ក្នុង​ឱកាសបញ្ចប់​កិច្ច​ប្រជុំវេទិការអនុរដ្ឋមន្ត្រី​ការពារ​ជាតិជប៉ុន-អាស៊ាន លើក​ទី១១ ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ឯកឧត្តម នាង ផាត រួមជាមួយអនុរដ្ឋមន្ត្រី​ការពារ​ជាតិ នៃបណ្តា​ប្រទេសជា​សមាជិក​អាស៊ាន​​ទាំង១០​ និងអគ្គ​លេ​ខាធិការ​អាស៊ាន​ បានចូលជួបសំ​ដែងការគួរសម ឯកឧត្តម តារ៉ូកូណូ (TARO KONO) រដ្ឋមន្ត្រីការពារជាតិជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម តារ៉ូកូណូ បានថ្លៃងអំណរ​គុណចំពោះការ​ចូលរួមរបស់ថ្នាក់​ដឹកនាំ ជាន់ខ្ពស់​នៃប្រទេសសមាជិកអាស៊ានក្នុងវេទិកា អនុរដ្ឋមន្ត្រីការពារជាតិ ជប៉ុន-អាស៊ាន លើកទី១១ នៅ ទីក្រុងតូក្យូ  ដែល​វេទិការនេះបានផ្ដល់នូវបទពិសោធន៍ និងចំណេះដឹង ដើម្បីរួមគ្នាធានាបាននូវស្ថិរភាព​ និង​សន្តិភាព​ក្នុងតំបន់​។ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បាន​បង្ហាញពីឆន្ទៈក្នុ​ងការចូលរួម​សហការជា​មួយអាស៊ាន ជាពិសេសក្នុងវិស័យការពារជាតិ។ ឯកឧត្តម បានសង្កត់ធ្ងន់លើទិសដៅបន្ត​កិច្ចសហប្រតិបត្តិការ​ ជាមួយប្រទេស ​សមា​ជិក​អាស៊ាន ដើម្បីលើកកម្ពស់​សេរីភាព​ និង​ភាពបើកទូលាយ​ក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ឯកឧត្តម តារ៉ូកូណូ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​ បានបញ្ជាក់ថា៖ ​ប្រទេសអាស៊ានស្ថិត​នៅចំកណ្ដាល​ នៃសមុទ្រ​ឥណ្ឌា និងប៉ាស៊ីហ្វិក។ ដោយឈរលើភាពជាកណ្តាល និងរួបរួមរបស់អាស៊ាន នឹងរួមចំណែក​ធានា​នូវ​ស្ថិរភាព​ និងសន្តិសុខក្នុងតំបន់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ