ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត​កង​ពល​តូច​លេខ​ ៧០​
នាយកដ្ឋានព័ត៌មាន(៣)
277
1255 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត​កង​ពល​តូច​លេខ​ ៧០​

     សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ មេបញ្ជាការ មេបញ្ជាការរង និងនាយ ពលទាហាន ក្នុងកងពលតូចលេខ៧០ ក៏ដូចជាកងទ័ពទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ត្រូវសហការជាមួយ ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការចំពោះគ្រប់សកម្មភាព របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួល​រំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទះរាស្ត្រ។ ការប្រកាស បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ ៧០ ដែលមាន​ប្រភព​ផ្ដើមចេញពីវរសេនាតូចលេខ៧១ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


    សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ បើទោះបីយើង មានមោទកភាពចំពោះស្នាដៃ និងសមិទ្ធផលដែលសម្រេចបានមកហើយក៏ដោយ ប៉ុន្តែចលនាឧទ្ទាមរបស់ពួកក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៉ី និងបក្ខពួកដែលមានបរទេសនៅពីក្រោយខ្នង នៅតែមិនបោះបង់នូវមហិច្ចតាប៉ុនប៉ងបង្កអស្ថិរភាពដល់ប្រទេសជាតិ ដូចនេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូច​លេខ​៧០​ នៃ​កងយោធពលខេមរភូមិន្ទ នៅមានភារកិច្ចជាច្រើនទៀត ដែលត្រូវបំពេញ ដើម្បីធានាភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ និងធានាឲ្យបាននូវបរិយាកាសសន្តិសុខល្អប្រសើរ។ សម្ដេច បញ្ជាក់ទៀតថា៖ ដូចដែលយើង ទាំង​អស់គ្នា បានដឹងពត៌មាន តាមរយៈបណ្ដាញសង្គម ឬតាមវេបសាយហើយថា ទណ្ឌិត សម រង្ស៉ី បានប្រកាស​វិល​ចូល​ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកៀរគរកម្លាំងធ្វើរដ្ឋប្រហារខុសច្បាប់ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ក្រោយប្រកាសវិលចូលប្រទេស ជនក្បត់​ជាតិ និងបក្សពួករូបនេះ បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយប្រកាស​ថា​នឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមរូបនេះ ថែមទាំងអំពាវ​នាវ​ប្រឆាំង​រដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រ ដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។ សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំលឹកថា៖ ដើម្បីសម្រេចបាននូវទស្សនទានចក្ខុវិស័យ និងទប់ស្កាត់បញ្ហាប្រឈម​នានា​ខាងលើនេះ មេបញ្ជាការ មេបញ្ជាការរង និងនាយ ពលទាហាន កងពលតូចលេខ៧០ ត្រូវបន្តបេសកកម្ម​រប​ស់​ខ្លួនតាមយុទ្ធសាស្រ្តសំខាន់ៗ ដូចខាងក្រោម៖ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ។ ត្រូវអនុវត្តភារកិច្ចឲ្យសម្រេចជោគជ័យ តាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រជាតិ ពិសេសបាវចនា២ អភិក្រមទាំង៩ និងអនុសាសន៍ទាំង១០ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគោរពឲ្យបានម៉ឺងម៉ាត់ចំពោះច្បាប់ និងបទបញ្ជា​ទូ​​ទៅរបស់កងយោធពលខេមរភូមិន្ទ។ ជាមួយនេះដែរ ក៍ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពការងារ បណ្តុះបណ្តាលយោធិនបន្តវេន ការធ្វើទំនើបកម្ម ឧបករណ៍ សម្ភារៈ មធ្យោបាយ ដើម្បីត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើង​គោក ឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបង្កបង្កើនផល លើកកម្ពស់កំរិត​ជីវភាពរស់នៅរបស់កងទ័ព ចូលរួមសកម្មភាពមនុស្សធម៌ កិច្ចការសង្គម និងសង្គ្រោះគ្រោះមហន្តរាយ ឲ្យកាន់​តែប្រសើរឡើងថែមទៀត ។ ទន្ទឹមនឹងនេះអស់លោកក៍ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំនយោ​បាយ​សតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ឲ្យជាប់ជាប្រចាំ និងធ្វើការហ្វឹកហ្វឺន រំលឹក​មេរៀន បណ្តុះបណ្តាលជំនាញ ទាំងនៅក្នុង និងក្រៅប្រទេស សំដៅពង្រឹងសមត្ថភាព សម្រាប់ចូលរួមបំពេញ​ការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបំពេញបេសកកម្មជាលក្ខណៈអន្តរជាតិប្រកបដោយវិជ្ជាជីវៈ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៍បានរំលឹកដល់ថ្នាក់ដឹកនាំជា មេបញ្ជាការ មេបញ្ជាការរង និងនាយ ពលទា​ហាន​ ទាំងអស់ក្នុងកងពលតូចលេខ ៧០ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ប្រើប្រាស់ ថែរក្សា ជួសជុលសម្ភារៈ​យោ​​ធា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមលក្ខណៈបច្ចេកទេសបានកំណត់ និងត្រូវចាត់តាំងប្រើប្រាស់សម្ភារៈ ដែលទទួលបានពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងបណ្តាប្រទេសជាមិត្ត ឲ្យចំគោលដៅ មានតម្លាភាព ឆ្លើយតបទៅនឹងភារកិច្ចការពារជាតិ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាជន ។

     សូម​បញ្ជាក់ថា៖ នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍គំរប់ ២៥ ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ ៧០ នេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងឥស្សរជនជាន់ខ្ពស់ជាតិ អន្តរជាតិ ក៏បានទស្សនាពិធីក្បួនធ្វើព្យុះហយាត្រា ដែលបានបង្ហាញពីសកម្មភាពយ៉ាងស្វាហាប់អង់អាចក្លា​ហាន​របស់ នាយទាហាន នាយទាហានរង និង ពលទហាន កងពលតូចលេខ ៧០ តាមផែនជំនាញនៃកងឯក​ភាព​ នីមួយៗផងដែល ។ តាមរយៈនៃក្បួនព្យុះហយាត្រា ដែលបង្ហាញដោយ នាយ ពលទាហានគ្រប់ជំនាញ របស់​កង​​ពលតូចលេខ ៧០ ក្នុងខួបគម្រប់ ២៥ ឆ្នាំនាឆ្នាំនេះ ត្រូវបានទទួលការលើកសរសើរថា កងយោធពលខេមរភូមិន្ទ ពីមួយថ្ងៃទៅមួយថ្ងៃ មានការវិវត្តក្នុងការកែទម្រង់កងកម្លាំង និងអង្គភាព ឲ្យក្លាយជាកងឯកភាពមាន​វិន័យ សីលធម៌ សណ្ដាប់ធ្នាប់ម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សមត្ថភាពស្ទាត់ជំនាញ មានទឹកចិត្ត​ស្មោះត្រង់ ដោយហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យមាតុភូមិ ដោយឥត​រាថយ ប្រកបដោយប្រសិទ្ធភាពនិងជោគជ័យជានិច្ច គ្រប់កាល:ទេស: ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ