ព័ត៌មាន

ឯកឧត្តម​ មាស​ សា​វ៉ន​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ​ នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
157
1239 ឯកឧត្តម​ មាស​ សា​វ៉ន​ ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ​ នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​

    ក្នុង​ឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៦ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ និង​ថ្ងៃ​ខួប​កំណើត ខ.ភ.ម (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆកា ២០១៩) ដែលនៅសល់រយៈពេល​មិនដល់១ខែ​ទៀត​នោះ​, អគ្គនាយកដ្ឋានយោធសេវា ក្រសួ​ងការពារជាតិ បានធ្វើការផ្សព្វផ្សាយការងារ​អប់រំ​ចិត្ត​សាស្ត្រ និងសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរងនៃ ខ.ភ.ម ប្រមាណជាង ៧០០​​នាក់ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ​២០១៩​​នេះ ស្ថិតក្រោម​អធិបតី​ភាព ​​​ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា ក្រសួង​ការពារ​ជាតិ។ ពិធីនេះបានរៀបចំឡើង មានគោលបំណងសំខាន់ៗចំនួនបី៖ ទី១/ គឺចង់ឲ្យ​នាយ​ទាហាន នាយ​ទាហានរង នៃ ខ.ភ.ម យល់ដឹងពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិកម្ពុជា និង​កំណើតនៃ ខ.ភ.ម ដែលបានកើតឡើង និងមានការតស៊ូដ៏អង់អាចក្លាហ៊ាននៅគ្រប់ដំណាក់កាល និង​នៅក្នុង​សង្គម​ជាតិ​នីមួយៗ។ ទី២/ ចង់ឲ្យយុវជនសម័យក្រោយមើលឃើញ​ពីតម្លៃសុខ​សន្តិភាព និង​ទី៣/ ចង់ឲ្យនាយទាហាន ពលទាហាន ក៏ដូចជាមហាជននិងប្រជាជនយើង មើល​ឃើញឲ្យ​បាន​យល់​ច្បាស់ពីមេរៀនដ៏ជូរចត់ ដែលបន្សល់ពីអតីតកាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា ក្រសួង​ការពារ​ជាតិ


     ថ្លែងទៅកាន់នាយទាហាន នាយទាហានរងនៃ ខ.ភ.ម ក្នុងឱកាសនោះ ឯ.ឧ នាយឧត្តម​សេនីយ៍ មាស សាវ៉ន បានគូសបញ្ជាក់ថា៖ ទោះបីក្នុងតម្លៃណាក៏ដោយ ខ.ភ.ម មិន​ត្រូវ​បណ្តែត​បណ្តោយឲ្យនរណាម្នាក់មកបំផ្លាញ​ដល់សុខសន្តភាព ដែលកំពុងកើតមាននៅប្រទេសជាតិកម្ពុជានាពេលនេះបាននោះឡើយ។ ឯ.ឧ បានបន្តថា៖ បទពិសោធន៍ប្រវត្តិសាស្ត្រដែលយើង​ទទួល​បានច្រើនណាស់មកហើយ ការដណ្តើមអំណាច ការផ្លាស់ប្តូរ​របប​ដឹកនាំប្រទេស តាមរយៈ​កងកម្លាំងប្រដាប់អាវុធ ការធ្វើរដ្ឋប្រហារ ពិសេសតាមរយៈការធ្វើបដិវត្តន៍ពណ៌ ដូច​ជា​នៅ​​ប្រទេស​មជ្ឈឹមបូរព៌ា និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដែលរហូតមក​ដល់​បច្ចុប្បន្ន​​មិនទាន់​មានសន្តិភាពនោះទេ ថែមទាំងធ្វើឲ្យប្រទេសនោះទៀតសោត រងគ្រោះ​ខ្ទេច​ខ្ចាំ លំបាកវេទនា និងស្លាប់ព្រាត់​ប្រាស់ប្តីប្រពន្ធ កូនចៅ សាច់ញាត្តិថែមទៀតផង។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា៖  នៅក្នុងឆមាសទី១ ឆ្នាំ២០១៩​កន្លង​ទៅ​នេះ សភាពការណ៍សន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ នៅ​តែ​រក្សា​​បានល្អ​ប្រសើរ។ អំពីវិស័យសេដ្ឋកិច្ចសង្គមកិច្ច បានបន្តរីកចម្រើនឥតឈប់ឈរ​ ប្រកប​ដោយ​ចិរភាព  ដែល​ធ្វើឲ្យមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ នូវជីវភាពរបស់ប្រជាជន ទាំងខាងសម្ភារៈ ​និង​ទាំង​ខាង​​​ស្មារតី។ កម្ពុជាត្រូវ​បានចាត់ទុកជាប្រទេសឯកត្តកម្ម​កំណើន​ និងជាខ្លាសេដ្ឋកិច្ចថ្មីមួយ​នៅ​អាស៊ី ដែលរក្សាកំណើនសេដ្ឋកិច្ចខ្ពស់​ជា​មធ្យម៧% ក្នុងរយៈពេល២ទស្សវត្ស​ចុងក្រោយ​នេះ ដែលធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសចំណូលទាប ទៅ​ជា​ប្រទេស​ចំណូល​មធ្យមកំរិតទាប និង​​កំពុងបន្តដំណើរយ៉ាងស្វាហាប់ឈានឆ្ពោះទៅជាប្រទេសចំណូលមធ្យមកំរិត​ខ្ពស់​ នៅ​ឆ្នាំ​​២០​៣០​។​ លើមូលដ្ឋាននេះ​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុនសែន បានពង្រឹងឆន្ទៈខ្ពស់ ស្មារតីម្ចាស់ការប្រកបដោយការទទួលខុសត្រូវ ជាមួយ​ជំនឿយ៉ាងមុតមាំថា ​កម្ពុជានឹងជំនះបាននូវ​បញ្ហាប្រឈមទាំងឡាយ ​លើមាគ៌ាឆ្ពោះ​ទៅកាន់​វឌ្ឍនភាព និងវិបុលភាព។ ទោះ​បី​ទទួលបរាជ័យជាបន្តបន្ទាប់ និងបាត់បង់ឥទ្ធិពល​កាន់​ច្រើន​ក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពួកប្រឆាំងនៅក្រៅប្រទេស ដែលមាន សមរង្សី ជា​មេក្លោង​នៅតែបន្តឃោសនាសង្គ្រាមចិត្តសាស្ត្រមួលបង្កាច់ និងវាយប្រហារម​កលើ​រាជរដ្ឋាភិ​បាល​ជា​បន្តបន្ទាប់ ពួកបរទេសដែលមាននិន្ទនាប្រឆាំងក៏បានរៀប​ចំយុទ្ធសាស្ត្រ  និង​បាន​ដាក់​ចេញនូវវិធីសាស្ត្រប្រទាក់ក្រឡាគ្នាជាមួយពួក សមរង្សី តាមគ្រប់រូបភាព និងគ្រប់​វិធីទាំងអស់ ប៉ុនប៉ងធ្វើឲ្យរស់ឡើងវិញគណៈបក្សសង្គ្រោះជាតិ ដែលជានយោបាយ​ដ៏គ្រោះ​ថ្នាក់​បំផុត និង​បង្កមហន្តរាយដ៏ធ្ងន់​ធ្ងរដល់ប្រទេសកម្ពុជា។ ទាក់ទងនឹងបញ្ហានេះ ឯ.ឧ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានផ្តាំផ្ញើរ​ដល់​នាយ​ទា​ហាន ពល​ទាហាន នៃ ខ.ភ.ម ត្រូវបន្តការពារជាតិ សាសនា ព្រះមហក្សត្រ និងការពារ​រាជរដ្ឋា​ភិ​​បាល​ស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងវាយបំពាក់​រាល់​ឧបាយកល​ទាំង​ឡាយ ដែលមានបំណងធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម បំផ្លាញសុខ​សន្តិភាព​នៅកម្ពុជា ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ