ព័ត៌មាន

កង​ពល​ធំ​អន្តរាគមន៏​លេខ​៣ ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ការ​ងារ​ភស្តុភារ​ វគ្គ​យន្ត​យុទ្ធ​ថ្នាក់​វរសេនាតូច ​កង​អនុសេនាធំ​ ពេទ្យ​សង្គ្រោះ ​និង​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បើក​បរ​រថយន្ត​ ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
177
1238

    កងពលធំអន្តរាគមន៏លេខ៣ កងទ័ពជើងគោក បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការងារភស្តុភារ វគ្គយន្តយុទ្ធថ្នាក់វរសេនាតូច កងអនុសេនាធំ ពេទ្យសង្គ្រោះ និងវគ្គបណ្តុះបណ្តាលជំនាញបើកបររថយន្ត ឆ្នាំ២០១៩ ជូនដល់យោធិនចំណុៈកងពលធំអន្តរាគមន៏លេខ៣ កងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ពិធីបិទវគ្គនេះបានប្រារព្ធធ្វើនៅទីបញ្ជាការកងពលតូចអន្តរាគមន៏លេខ៩ នៃកងពលធំអន្ត​រា​គមន៏​លេខ៣​ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។

     នៅក្នុងសន្ទរកថាស្វាគមន៏ និងរបាយការណ៍បិទវគ្គដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក ស្រី ឌិក មេ​បញ្ជាការរង​កងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ បានគូសបញ្ជាក់ឲ្យដឹងថា៖ ​ដោយបានការជួយជ្រោមជ្រែងយកចិត្តទុក្ខដាក់ និងការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង​ទាំងស្មារតី សម្ភារៈ ថវិការ ពីសំណាក់ ក្រសួងការពារជាតិ អគ្គបញ្ជាការនៃ ខ ភ ម និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ពិសេសឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក បានធ្វើឲ្យវគ្គទាំងបួននេះបានបញ្ចប់ដោយជោគជ័យ ដែលបម្រើឲ្យការបណ្តុះបណ្តាលធនធានមនុស្ស នៃ ខ ភ ម និងសម្រាប់បំពេញការងារប្រចាំថ្ងៃ ចំពោះ​មុខរបស់កងពលធំអន្តរាគមន៏លេខ៣ កងទ័ពជើងគោក ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ។ របាយ​ការណ៏បានបន្តទៀតថា៖ វគ្គទាំងបួនដែលប្រារព្ធបិទនាពេលនេះ បានឆ្លងកាត់ការសិក្សាអស់រយៈពេល ៩០ថ្ងៃ ចាប់បើកពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានសិក្ខាកាមសរុបចំនួន ៣៦៦​នាក់​ មកពីបណ្តាអង្គភាពចំណុះកងពលធំអន្តរាគមន៏លេខ៣ កងទ័ពជើងគោក។ ក្រោយពេលបញ្ចប់វគ្គសិក្ខា​កាម​ទទួលបាននិទ្ទេសល្អប្រសើរចំនួន១០៧នាក់ និទ្ទេសល្អចំនួន១៨៨នាក់ និទ្ទេសល្អបង្គួរចនួន៤៦នាក់ និងនិទ្ទេស​មធ្យមចំនួន២៣នាក់។ នៅក្នុងរបាយការណ៏បានបន្តទៀតថា៖ នៅក្នុងឆ្នាំ២០១៩នេះ ក្រៅពីជំនាញទាំង​បួន​ខាងលើ កងពលក៏បានកំពុងដំណើរការហ្វឹកហ្វឺនតាមផែនការប្រចាំឆ្នាំ២០១៩ រួមមានចំនួន៩វគ្គបន្ថែមទៀត មានសិក្ខាកាមសរុបចំនួន ១១៥០នាក់ រហូតមកដល់ពេលនេះ កងពលបានធ្វើការហ្វឹកហាត់បានចំនួន ៥វគ្គ មានសិក្ខាកាមសរុបចំនួន ៥២០នាក់ ហើយវគ្គដែលនៅសេសសល់គ្រោង នឹងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ​។​

ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក


      អញ្ជើញមានប្រសាសន៏សំណេះសំណាលបិទវគ្គនៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកពិធី​បិទ​វគ្គហ្វឹកហ្វឺនជំនាញទាំងបួននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាឲ្យការងារប្រយុទ្ធ ការ​ងារ​បម្រើប្រយុទ្ធ ក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច និងការបង្កើនប្រសិទ្ធ​ភាព​ លើក​កម្ពស់​ដឹក​នាំបញ្ជា និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ទាំងការងារគ្រប់គ្រងភស្តុភា ការងារសុខាភិបាល បច្ចេកទេស និងការបើកបរ សំដៅធានាការរស់នៅ សុខមាលភាពកងទ័ព ព្រមទាំងការប្រើប្រាស់ថែទាំសម្ភារៈសឹក និងមធ្យោបាយបំពាក់ផ្សេងៗ បង្កគ្រប់លទ្ធភាពជូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលធំអន្តរាគមន៏លេខ៣ កងទ័ពជើងគោក សំដៅ រួមចំណែក ការបំពេញភារកិច្ចប្រកបដោយជោគជ័យ ប្រសិទ្ធភាព ការទទួលខុសត្រូវខ្ពស់ ឈានទៅសម្រេចក្នុងភារកិច្ចចាំបាច់ចំពោះមុខ ក៏ដូចជាដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ឆ្លើយតបបានតាមផែនការ និងយុទ្ធសាស្ត្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចុះ។ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានបន្ថែមទៀតថា៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអទិ​ភាព​មួយមានសារៈសំខាន់ ដែលត្រូវការដំណើការជាប់ជាប្រចាំឥតអាក់ខានបាន ដើម្បីអភិវឌ្ឍន៏សមត្ថភាព វិជ្ជាជីវៈយោធិន និងកសាងកងកម្លាំងបន្តវេន សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធ ឆ្លើយតបទៅនឹងសំណូមពរចំពោះមុខ ហើយក៏ជាភារកិច្ចរបស់កងទ័ពយើងនៅក្នុងកិច្ចការ​ ការពារបូរណភាពទឹកដី។ ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តាំផ្ញើរដល់សិក្ខាកាមទាំង ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សាទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ដោយឈរលើមនសិការស្នេហាជាតិ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រគល់​ជូន​។​ នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឧបត្ថម្ភថវិការ ចំនួន១៥លាន សំរាប់ពិធីបិទវគ្គ ឧបត្តមថវិការដល់ក្រុមគ្រូយោធាចារ្យចំនួន ១០លានរៀល អគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ​ ឧបត្ថម្ភអាវយឺតចំនួន ៤០០អាវ បាល់ឡូចំនួន ៤៥០បាឡូ ដែលនៅក្នុងបាឡូ នីមួយៗមានមុងជ្រលក់ថ្នាំ ១, ពិល១ និងអង្រឹង១ បាឡង់ដៃចំនួន ១០០ បាឡង់ ការបូបពេទ្យចំនួន ១០០កាបូប និងហ្រ្វង់កា​ចំនួន ០៩​ហ្វ្រង់​ការ​ផង​ដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ