ព័ត៌មាន

ឯកឧត្តម​ ពូ ​សា​ប៊ុត​ឌី ​បើក​វគ្គ​ជំនាញ​ព្រំ​ដែន ​កង​ព្រំ​ដែន​លេខ​៦០១​ ភូមិ​ភាគ​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
67
1235 ឯកឧត្តម​ ពូ ​សា​ប៊ុត​ឌី ​បើក​វគ្គ​ជំនាញ​ព្រំ​ដែន ​កង​ព្រំ​ដែន​លេខ​៦០១​ ភូមិ​ភាគ​ពិសេស​

     ដើម្បីពង្រឹងសមត្ថភាពជំនាញការងារព្រំ​ដែន ​ឲ្យ​យោធិន​ម្នាក់ៗ​មាន​ឆន្ទៈ​ក្នុងភារកិច្ចការពារបូរណភាពទឹក​ដី​ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩​ នៅ​ទីបញ្ជាការកងការពារព្រំ​ដែនលេខ៦០១ យោធភូមិភាគពិសេស ស្ថិត​​ក្នុ​ង​ភូមិ​សាស្រ្ត ស្រុកកោះធំ ខេត្តកណ្តាល បានប្រារព្វពិធីបើកវគ្គបំប៉ន​ជំនាញព្រំ​ដែន​​ ឲ្យដល់កម្លាំងកងការ​ពារ​ព្រំ​ដែន​លេខ៦០១​ ស្ថិត​ក្រោម​អធិប​តីភាព​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​​យោធ​ភូមិ​ភាគ​ពិសេស​។

 លោក​វរសេនីយ៍ឯក ​លន់ ​លុច ​មេបញ្ជាការ កង​ការពារព្រំ​ដែន ៦០១​ យោធ​ភូមិ​ភាគ​ពិសេស​ កង​ទ័ព​ជើង​គោក


     ​​​ក្នុង​របាយការណ៍ស្វាគមន៍​ដែល​អាន​ដោយ​ លោក​វរសេនីយ៍ឯក ​លន់ ​លុច ​មេបញ្ជាការ កង​ការពារព្រំ​ដែន ៦០១​ យោធ​ភូមិ​ភាគ​ពិសេស​ កង​ទ័ព​ជើង​គោក ​បាន​លើក​ឡើង​​ពី​ការ​វិវត្ត​រីក​ចម្រើន​របស់កងការពារ​ព្រំ​ដែន​លេខ​ ៦០១ និង​ការ​ងារហ្វឹកហ្វឺន​ជំនាញ​ការពារព្រំ​ដែន​ ឲ្យ​ដល់​នាយ​ទាហាន ​នាយទា​ហានរង​ ​និង​ពល​ទាហាន ​ក្នុងគោលបំណងជំរុញសកម្មភាពហ្វឹកហ្វឺន ដើម្បីបណ្តុះបណ្តាល និងបង្កើនសមត្ថភាពយោធិនគ្រប់រូប ឲ្យយល់ច្បាស់ ក្នុងការគ្រប់គ្រងដឹកនាំបញ្ជា សមស្របក្នុងការអនុវត្តភារកិច្ចការពារបូរណាភាពទឹកដី រក្សាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឈរជើង របស់កងការពារព្រំ​ដែនលេខ ៦០១ ជូនប្រជាពលរដ្ឋឲ្យ​បានល្អ​ប្រសើរ។​ លោកវរសេនីយ៍ឯក លន់ លុច ​ បានបញ្ជាក់ទៀតថា៖ ក្នុងភូមិសាស្ត្រកងការពារព្រំដែន ៦០១ យោធភូមិភាគពិសេស ទទួលខុសត្រូវក្នុងតំបន់នេះ គឺជា​តំបន់វាទំនាប ៦ខែគោក ៦ខែទឹក ដែល​មានបណ្តោយ​ខ្សែបន្ទាត់ព្រំ​ដែនប្រវែង​ប្រមាណជា ២៩,៧៧៥ គីឡូម៉ែត្រ នៅតាមបណ្តោយព្រំ​ដែនកម្ពុជា​មាន​ ឃុំ​សំ​ពៅ​ពូន ​ឃុំ​ព្រែកជ្រៃ ​ស្រុក​កោះ​ធំ ​និង​ឃុំក្អប​សំណរ​ ក្នុង​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល ជាប់​នឹង​ស្រុកអានភូ ខេត្ត ​អាន​យ៉ាង ​ប្រទេស​វៀត​ណាម​។ បច្ចុប្បន្នដែលកងការពារព្រំដែន ៦០១ បានសហការជាមួយវរៈនគរបាលការពារព្រំដែន ៦០៥ គ្រប់គ្រង ទទួលខុសត្រូវចាស់ ថ្មី មានចំនួន ២៦ បង្គោល និងបង្គោលបំពេញបន្ថែមាមានចំនួន ១៨ បង្គោល ខាងកម្ពុជា មាន ៩ បង្គោល ខាងវៀតណាមមាន ៩ បង្គោល។

    បន្ទា​ប់​ពី​លោកឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយ​សេនាធិការរង យោធភូមិភាគពិសេសទទួលការងារហ្វឹក​ហ្វឺន​បាន​អាន​សេចក្តី​សម្រេច​ បង្កើតក្រុមការងារគ្រប់គ្រង និងធានាដល់វគ្គហ្វឹកហ្វឺនបំប៉នជំនាញព្រំ​ដែនដល់កម្លាំង​កងការពារព្រំដែនលេខ៦០១​ ឆ្នាំ២០១៩ រួចមក លោកវរសេនីយ៍ត្រី មាស សារិទ្ធ មេបញ្ជាការរង​ កងការ​ពារ​ព្រំ​ដែនលេខ៦០១ បានអានផែនការហ្វឹកហ្វឺនបំប៉នជំនាញព្រំ​ដែន ដោយឡែក​​​វគ្គហ្វឹកហ្វឺនក្នុងឆ្នាំ២០១៩ នេះ​  មាន​​សិក្ខា​កាម​មកពីបណ្តាលផ្នែកសឹករងកណ្តាល ទីបញ្ជាការកងឯកភាព កងអនុសេនាធំល្បាតចំណុះ ចូល​មក​រៀន​សូត្រ ចំនួន ៥០នាក់,​ គ្រូ៥ និងសិក្ខាម ៥៥នាក់ មកពីកងអនុសេនាធំល្បាត ទាំង៤ ចំណុះកងការ​ពារព្រំ​ដែន ៦០១ ហ្វឹកហ្វឺនលើខ្លឹមសារមាន​លំហាត់​របៀប ​យុទ្ធវិធីថ្មើរជើង​ ជំនាញ​​ព្រំ​ដែន​ ឋានលេខា និងការ​ងារ​អប់​រំចិត្តសាស្ត្រ ដែលមាន​រយៈពេលហ្វឹក​ហ្វឺន ៤៥ថ្ងៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​​យោធ​ភូមិ​ភាគ​ពិសេស


    ក្នុង​នាម​ឯកឧត្តមមេបញ្ជាការ កងទ័ជើងគោក ឯកឧត្តម ពូ សាប៊ុតឌី បាន​​ថ្លែងនូវ​ការកោត​សរសើរ និងវាយ​​តំលៃ​ខ្ពស់ ចំពោះ​ការការិយា​ល័យ​ហ្វឹក​ហ្វឺន​យោធភូមិភាគ ដែលបាន​សហ​ការជាមួយជំនាញ​កងការ​ពារ ​ព្រំ​ដែន​លេខ ៦០១ បានរៀប​ចំ​អោយ​ដំណើរការ ហ្វឹកហ្វឺនលើខ្លឹមសារ ​ជំនាញ​ព្រំ​ដែន​ និងការងារអប់​រំចិត្តសាស្ត្រ  នា​ពេល​នេះ​។ ឯកឧត្តម ពូ សាប៊ុតឌី បានលើកឡើងផងដែរពីការវិវត្តន៍រីកចម្រើន នូវសមិទ្ទិផលសង្គមជាតិជាច្រើន​ទាំង​វិស័យពុទ្ធចក្រ និងអាណាចក្រ និងវិស័យសេដ្ឋកិច្ច ដែលធ្វើឲ្យប្រជាពលរដ្ឋមានកំរិតជីវភាពធូធារ ពិសេស​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានតម្លើងប្រាក់បៀវត្ស​ជូន​មន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ ជាបន្តបន្ទាប់ផងដែរ។ ទន្ទឹមនឹងនេះដែរឯកឧត្តមបានជម្រុញ​ឲ្យ​យោធិនគ្រប់រូប​ដែល​ជា​កម្លាំង​របស់​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​មានភាពស្មោះត្រង់ដាច់ខានចំពោះ​ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជារដ្ឋាភិបាល ព្រមទាំងការពាររាល់សមិទ្ធិផលសង្គមជាតិ ព្រមទាំងសុខ​សន្តិភាព។ ឯកឧត្តមមេបញ្ជាការយោធភូមិភាគពិសេស បានមានប្រសាសន៍ លើកទឹកចិត្ដ និងផ្ដាំផ្ញើ ដល់កម្មសិក្សា​ការី​ទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រជំនាញរបស់ខ្លួន ចំពោះគ្រូយោធាចារ្យត្រូវរៀបចំឯកសារសម្រាប់បង្រៀនឲ្យសិស្ស ងាយយល់នូវចំណេះដឹង​​​​ ​ជំនាញ​ ព្រំដែន​ និង​ការងារអប់​រំចិត្តសាស្ត្រ ដើម្បី​ជាត្រីវិស័យ សម្រាប់​យកអនុវត្តភារកិច្ចជាក់ស្តែង​ នៅលើភូមិសាស្ត្រ​ដែលកម្លាំងការពារព្រំដែន យោធភូមិភាគពិសេស ​ទទួលខុស​ត្រូវ​ឲ្យ​ ប្រកដោយការទទួលខុសត្រូវខ្ពស់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ