ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​អញ្ជើន​កាន់​បិណ្ឌ​វេន​ទី​៦​ នៅ​វត្ត​ព្រះឥន្ធ​កោសីយ៍​
នាយកដ្ឋានព័ត៌មាន(៣)
142
1217 សម្តេច​ពិជ័យ​សេនា​អញ្ជើន​កាន់​បិណ្ឌ​វេន​ទី​៦​ នៅ​វត្ត​ព្រះឥន្ធ​កោសីយ៍​

    ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ​ខ្មែរ ទៅតាមគន្លងប្រពៃណីសាសនា ក្នុងឱកាសកាន់បិណ្ឌវេនទី៦ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវត្តព្រះឥន្ធកោសីយ៍ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្ត​សៀម​​រាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការ ងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវជាសមាជិកក្រុមការងារថ្នាក់ជាតិ មន្ត្រីរាជ​ការ​ អាជ្ញាធរក្រុង សង្កាត់ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន១៦លាន៣៥០ពាន់រៀល  និងប្រាក់ដុល្លា៤ពាន់៥២០ដុល្លា ប្រគេនវត្តព្រះឥន្ធកោសីយ៍ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

    ពិធីបុណ្យកាន់បិណ្ឌត្រូវបានបុរាណាចារ្យរាជបណ្ឌិតខ្មែររៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិ​ដែលបានស្លាប់ទៅ។ តាមការបញ្ជាក់របស់លោកតាអាចារ្យបានឲ្យដឹងថា៖ ក្នុងជំនឿកាន់បិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតដល់សតវត្សរ៍ទី២១នេះ។

    មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ ក្នុងចំណោមពិធីបុណ្យច្រើនទៀត របស់ប្រជាពល​រដ្ឋ​ខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ សម្តេចក៏បានគូសបញ្ជាក់ថា៖ ក្រោម​គោល​​នយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាសបានប្រារព្ធពិធីបុណ្យនានាឡើង។ ក្នុងនោះដែរ សម្តេចពិជ័យសេនា ក៏បានលើកឡើងបញ្ជាក់ពិតជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទថា៖ ដោយមហិច្ឆតារបស់ខ្លួន នៃក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ គឺរួមសាមគ្គីគ្នាឡើង ប្រឆាំងទៅនឹងទង្វើក្បត់ជាតិ ដែលហ៊ានប្រមាថព្រះមហាក្សត្រ ដែលជីវិតតម្កល់លើត្បូង នៃប្រជាពលរដ្ឋកម្ពុជាយើង។ 

     ក្នុងនោះសម្តេច និងលោកជំទាវ ក្រុមការងារថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេន​នូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តព្រះឥន្ធកោសីយ៍ មាន អង្ករ១តោន, មី៣០កេស, ទឹកក្រូច១០កេស, ទឹកត្រី១០កេស, ទឹកស៊ីអ៊ីវ១០កេស, ទឹកសុទ្ធ​២០​កេស​, ត្រីខ៥កេស, ស្ករស២០គក្រ និងទឹកដោះគោ០៥កេស តែ១០កញ្ចប់ រួមទាំង​បច្ច័យ​ចំនួន​ ១៦​លាន​៣៥០​ពាន់​រៀល ​និង​ប្រាក់​ដុល្លា៤​​ពាន់៥​២០​ដុល្លា និងសីលវ័ន្ត សីលវន្តី ម្នាក់ៗ នូវក្រណាត់ស១ដុំ បច្ច័យ១ម៉ឺនរៀល។ បន្ត​មក​សម្តេចពិជ័យ​ និងលោកជំទាវ ឯកឧត្តម អស់លោក លោកស្រី មន្ត្រីរាជការ និងបងប្អូនពុទ្ធបរិស័ទ បានធ្វើពិធី​រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ត​ដល់កម្មាភិបាល ​យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល​លោកជំទាវ និងសមាជិក ក្រុមការងារ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃ នេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ