ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​៖ កង​ទ័ព​ត្រូវ​ចាត់​ទុក​ការ​ហ្វឹក​ហ្វឺន​ជំនាញ ​ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់​ និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​
នាយកដ្ឋានព័ត៌មាន(៣)
92
1211 នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​៖ កង​ទ័ព​ត្រូវ​ចាត់​ទុក​ការ​ហ្វឹក​ហ្វឺន​ជំនាញ ​ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់​ និង​បង្កើន​សមត្ថភាព​របស់​ខ្លួន

     កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានវ័យក្មេង គឺជាជ្រុងអាទិភាពមួយ នៃការធ្វើកំណែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់យោធិន ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាព នូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដ ឱ្យដល់កងទ័ព ជាពិសេសយោធិនមានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ នេះគឺជាប្រសាសន៍របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរៈភូមិន្ទ ក្នុងពិធីបើកវគ្គបំប៉នវិក្រិត្យការនាយទាហានជំនាន់ទី៥ ឆ្នាំ២០១៩ នៅវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ថ្លុកតាសេក ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរៈភូមិន្ទ

      នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា៖ វគ្គបំប៉នវិក្រិត្តការនាយទាហានជំនាន់ទី៥ ដែលយើងកំពុងប្រារព្ធពិធីបើកនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធ ឲ្យដល់យោធិន និងធ្វើឱ្យយោធិន យល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើជាតិ ដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃ ខ ភ ម ដែលបានដាក់ចេញ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តទៀតថា៖ ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម និងវិទ្យាស្ថានទ័ពជើងគោក ឯ.ឧ បានកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង។ ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៍ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព ប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព នៅពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធន់ធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា៖ លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំវិទ្យាស្ថានទ័ពជើងគោក ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់​។​ ឯកឧត្តមនាយឧត្តមសេនីយ៍ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់នាយទាហាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបាន ល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកប​ដោយ​សមត្ថភាព ក្នុងការ​ចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិ មាតុភូមិរបស់យើងបានរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺង​ម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពល​ខេមរភូមិន្ទ។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំឭកម្ដងហើយម្ដងទៀត ដល់កងកម្លាំងប្រដាប់អាវុធ ពិសេសថ្នាក់ដឹកនាំ យោធាចារ្យ និងនាយ ពលទាហាន ក្នុងវិទ្យាស្ថានទ័ពជើង​គោក នៃកងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់ភ្ជាប់ នៅវិន័យសេចក្តីថ្លៃថ្នូរ និងច្បាប់លក្ខន្តិក: របស់កង​យោធ​​​​​ពលខេមរភូមិន្ទ ដោយមិនត្រូវចូលរួមដាច់ខាត់ ក្នុងចលនា បាតុកម្ម ឬកុប្បកម្ម និងនយោបាយប្រឆាំង​​​​​ណាមួយ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទះរាស្ត្រ ដោយត្រូវការពារដាច់​ខាត​​រាជរដ្ឋាភិបាល ដែលប្រសូតចេញពីប្រជាជន។ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្កត់ធ្ងន់​​ថា៖​  កង​ទ័ពទាំងអស់ ត្រូវជឿជាក់លើការដឹកនាំប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយសូមកុំជឿលើការឃោសនា បោកប្រាស់ ណាមួយរបស់​ជនក្បត់ជាតិ ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ នៃភ្លើងសង្គ្រាមសារជាថ្មី។ ឯកឧត្តមបញ្ជាក់ថា៖ សម្ដីដែលជនក្បត់ជាតិ សម រង្ស៊ី និយាយប្រាប់គេឯងនៅក្រៅប្រទេស ថានឹងចូលមកស្រុកខ្មែរ ក្នុងឆ្នាំ២០១៩ ម្ដងហើយម្ដងទៀត លើកចុះលើកឡើង ថ្ងៃនេះថ្ងៃនោះ ដោយមូលហេតុនេះ មូលហេតុនោះ គឺជាការបោកប្រាស់ ហើយក៍ជាការធ្វើប្រជាពិថុត ដើម្បីឱ្យក្រុមជ្រុលនិយមជឿផ្កាប់មុខ ដែលដើរតាមខ្លួន មានសង្ឃឹមមកលើការឃោសនា បោកប្រាស់របស់ខ្លួនតែប៉ុណ្ណោះ។ ដែលធាតុពិត សម រង្ស៊ី ខ្លួនឯង មិនហ៊ានទាំងចូលស្រុកខ្មែរផងទេនោះ។

     សូមបញ្ជាក់ថា៖ បើតាមសេចក្តីរាយការណ៍ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន និងឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយករងវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ វិទ្យាស្ថានទ័ពជើងគោក បាននឹងកំពុងបន្តដំណើរការបណ្ដុះបណ្ដាលវគ្គនាយទាហានទ័ពជើង​គោក​ចំនួន៤ជំនាន់ ដែលរួមមានវគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ ជំនាន់១០ និងជំនាន់ទី១១ និងវគ្គបំប៉ននាយទាហានថ្នាក់ ខ.គ ថ្មើរជើងជំនាន់ទី ៥ មួយជំនាន់។ ដោយឡែកវគ្គបំប៉នវិក្រិត្យការនាយទាហានជំនាន់ទី៥ ដែលត្រូវបានដំណើរការបើកវគ្គនៅថ្ងៃនេះ មានសិក្ខាកាមនាយទាហានមកពីគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទចូលរៀនសូត្រចំនួន១៧៤នាក់ ដោយប្រើរយៈពេលសិក្សា៤ខែ លើខ្លឹមសារមេ​រៀន​ លំហាត់របៀប លក្ខន្តិកៈ វិន័យទូទៅ អប់រំនាយ យុទ្ធវិធី បច្ចេកទេសអាវុធថ្មើជើង ឋានលេខា វិស្វកម្ម កីឡា កីឡាយោធា អន្តរាវុធ សញ្ញាសំគាល់ប្រភេទទ័ព និងស្ថាប័នចំណុះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងការងារផ្សេងៗ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានប្រកាសបើកវគ្គចាប់ពីពេលនេះតទៅ ព្រមទាំងបានថវិកាមួយចំនួនផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ