ព័ត៌មាន

ឯកឧត្តម​ មាស ​សំ​អុល​ ជួប​ស្នង​ការ​កម្មាភិបាល​ និង​ស្នង​ការ​ការ​ពារ​សន្តិសុខ ​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
99
1209 ឯកឧត្តម​ មាស ​សំ​អុល​ ជួប​ស្នង​ការ​កម្មាភិបាល​ និង​ស្នង​ការ​ការ​ពារ​សន្តិសុខ ​វៀត​ណាម​

     នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា គណៈប្រតិភូស្នងការកម្មាភិបាល និង​ស្នងការការពារ​សន្តិសុខ នៃកងទ័ព​ប្រជាជន​​វៀតណាម ដឹកនាំដោយ ឯ.ឧ ឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ អនុប្រធានស្នងការកម្មាភិបាល កងទ័ព​ប្រជាជន​វៀតណាម បានអញ្ជើញចូលជួបពិភាក្សាការងារ​ជាមួយនឹង ឯ.ឧ នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋាន​យោធសេវា និងជា​​​នាយក នាយកដ្ឋានបុគ្គលិក ក្រសួង​ការពារ​ជាតិ ដើម្បីជំរុញការពង្រឹងពង្រីកនៅលើ​​​​កិច្ច​សហប្រតិបត្តិការ នៃការហ្វឹកហ្វឺនបណ្តុះ​បណ្តាល​ ការគ្រប់គ្រង និងការដោះស្រាយគោលនយោបាយដល់នាយទាហាន និងពលទាហាន នៃប្រទេសទាំងពីរ។

ឯ.ឧ ឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ អនុប្រធានស្នងការកម្មាភិបាល កងទ័ព​ប្រជាជន​វៀតណាម


     ក្នុងកិច្ចជំនួបនោះ ឯ.ឧ ឧត្តមសេនីយ៍ត្រី ត្រី ឡេ ឌឹកម៉ាញ់ បានមានប្រសាន៍ថា៖ យោងតាម​ពិធីសារ នៃ​កិច្ចព្រមព្រៀងក្រសួងការពារជាតិទាំងពីរ និងអនុសារណៈយោគយល់ រវាងអគ្គស្នងការនយោបាយ កងទ័ព​ប្រជាជន​វៀតណាម និងអគ្គយោធសេវា ក្រសួងការពារជាតិកម្ពុជា, គណៈប្រតិភូស្នងការ​កម្មាភិបាល និងស្នងការការពារសន្តិសុខ កងទ័ពប្រជាជនវៀតណាម បានមក​កាន់​​កម្ពុជា ដើម្បីពិភាក្សា​ជាមួយ​នាយកដ្ឋាន​​បុគ្គលិក សិក្សាស្វែងយល់អំពីការ​បណ្តុះ​បណ្តាល​ នៅវិទ្យាស្ថាន និងបណ្តាសាលាកងទ័ព​ប្រជាជន​វៀតណាម។ ក្នុងរយៈពេល៥ឆ្នាំ (ពីឆ្នាំ២០១៥ ដល់ ២០១៩) វិទ្យាស្ថាន និងបណ្តាសាលាកងទ័ព​ប្រជាជន​វៀតណាម ទាំង២៥ បានជួយបណ្តុះបណ្តាលនាយទាហាន ខ.ភ.ម តាមតម្រូវការ​របស់​កម្ពុជា មានចំនួន៥,១៦៧នាក់ និងសម្រាកបំប៉នពិនិត្យសុខភាព មានចំនួន៥៨,៦៥១នាក់។ សម្រាប់ឆ្នាំ២០១៩នេះ ទទួលយកបណ្តុះបណ្តាលនាយទាហាន ខ.ភ.ម នៅវៀតណាម មានចំនួន៣០០នាក់។ ដោយឡែកសិក្ខាកាមវៀតណាម មកសិក្សាភាសានៅកម្ពុជា ចំនួន១៥នាក់ជារៀងរាល់ឆ្នាំ។

ឯ.ឧ នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋាន​យោធសេវា និងជា​​​នាយក នាយកដ្ឋានបុគ្គលិក ក្រសួង​ការពារ​ជាតិ


    ក្នុងនាមអគ្គនាយកដ្ឋានយោធសេវា នាយកដ្ឋានបុគ្គលិក ថ្នាក់ដឹកនាំ​ក្រសួង​​ការពារ​ជាតិ និងខ.ភ.ម, ឯ.ឧ មាស សំអុល បានថ្លែង​នូវការដឹង​គុណ​ចំពោះ​បក្សរដ្ឋ ក្រសួងការពារប្រទេសវៀតណាម និងកងទ័ពប្រជាជន​វៀតណាម ដែល​បាន​ជួយរំដោះ​ប្រទេស ​និងប្រជាជពលរដ្ឋកម្ពុជា ​ឲ្យរួចពីរបប​ប្រល័យពូជសាសន៍ ប៉ុល​ពត ជាពិសេសការ​ជួយឧបត្ថម្ភ​គាំទ្រដល់​ការបណ្តុះបណ្តាល​ដល់ជួរ ខ.ភ.ម។ ឯ.ឧ បាន​បន្តថា៖ នាយទាហាន ខ.ភ.ម ដែលបានចាត់បញ្ជូនទៅសិក្សា​បណ្តុះ​បណ្តាល​​នៅ​វៀតណាម បច្ចុប្បន្នមានសមត្ថភាព និង​គុណភាពក្នុងបំពេញតួនាទីភារកិច្ចដ៏​ល្អរបស់​ខ្លួន។ ឯ.ឧ មាស សំអុល សង្ឃឹមថា ស្ថិតក្រោមពិធីសារ នៃកិច្ច​សហប្រតិបត្តិការ​ រវាងក្រសួងការពារជាតិទាំងពីរ និងអនុសារណៈយោគយល់ រវាងអគ្គស្នងការនយោបាយ កងទ័ព​ប្រជាជន​វៀត​ណាម​ និងអគ្គយោធសេវា ក្រសួងការពារជាតិកម្ពុជា ពិសេសស្នងការ​កម្មាភិបាល កងទ័ពប្រជាជនវៀត​ណាម និងនាយកដ្ឋានបុគ្គលិក នឹង​បន្តពង្រឹង​ពង្រីក​ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ​កិច្ច​សហប្រតិបត្តិការ រួមគ្នា​លើកកម្ពស់​ពង្រីក​សមត្ថភាព គុណភាព​ដល់ជួរកងទ័ព​ នៃ​ប្រទេសទាំងពីរ ដើម្បីចូលរួម​កសាង ការពារ និង​អភិវឌ្ឍប្រទេសជាតិ​ឲ្យកាន់តែ​រីកចម្រើន​ឡើង​ថែមទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ