ព័ត៌មាន

ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​អាវុធ​គាំទ្រ​ធុន​១២០មម​ ប្រចាំ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
194
1198 ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​អាវុធ​គាំទ្រ​ធុន​១២០មម​ ប្រចាំ​ឆ្នាំ​២០១៩​

    ទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគិរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតនៅ ស្រុកគិរី ខេត្តកំពត នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអាវុធគាំទ្រធុន ១២០មម ប្រចាំឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៏ឯក ច័ន្ទ សុភត្រា​ នាយរងសេនាធិការចំរុះ នាយកទីចាត់ការហ្វឹកហ្វឺន អក្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក និងនាយទាហានជាន់ខ្ពស់ ចំណុះកងទ័ពជើងគោកជាច្រើនរូបទៀត។

លោកវរសេនីយ៏ទោ ព្រើម សារុំ នាយករងសាលាហ្វឹកហ្វឺនកងពលតូចលេខ៧០ កងទ័ពជើងគោក

 

    ក្នុងរបាយការណ៏បិទវគ្គ ដែលផ្តល់ដោយ លោកវរសេនីយ៏ទោ ព្រើម សារុំ នាយករងសាលាហ្វឹកហ្វឺនកងពលតូចលេខ៧០ កងទ័ពជើងគោក បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺននេះមានរយៈពេល ០៣ខែ ស្មើរ៩២ថ្ងៃ ចាប់បើកពីថ្ងៃទី៣ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រ ចំនួន ១១៨នាក់ គ្រូយោធាចារ្យចំនួន ០៨នាក់ មកពីបណ្តាកងឯកភាពយោធភូមិភាគទី៤,ទី៥ និងកងពលតូចថ្មើរជើងលេខ៧០ កងទ័ពជើងគោក សិក្សាលើខ្លឹមសារមេរៀនរួមមាន៖ លំហាត់របៀប ការយល់ដឹងរួមកាំភ្លើងត្បាល់១២០មម លក្ខណៈបច្ចេកទេស និងប្រសិទ្ធភាព យល់ដឹងអំពីគ្រឿងផ្សំ និងវិធីសាស្ត្រក្នុងការប្រើប្រាស់ វិធីថែរទាំបច្ចេកទេស អនុវត្តន៏បច្ចេកទេស វិធីសង្គ្រោះ៥យ៉ាង និងអប់រំចិត្តសាស្ត្រ។ ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អ៣៨នាក់ និទ្ទេសល្អបង្គួរ៧៦នាក់ និង និទ្ទេសមធ្យម៣នាក់។ នៅក្នុងឱកាសនោះ គណៈអធិតីបានទស្សនា ពិនិត្យការបញ្ចេញសមត្ថភាពសម្តែងបាញ់គ្រាប់ពិត របស់សិក្ខាកាមផងដែរ។

 ឯកឧត្តម ឧត្តមសេនីយ៏ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក


    ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម ជា សារ៉ន បានលើកឡើងថា៖ វគ្គហ្វឹកហ្វឺនវគ្គបណ្តុះបណ្តាលជំនាញអាវុធគាំទ្រធុន១២០មម ប្រចាំឆ្នាំ២០១៩ ប្រារព្ធបិទនាពេលនេះ ថាពិតជាបានរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការពង្រឹងធនធានមនុស្ស ជាប្រភពកម្លាំងបន្តវេនក្នុងកងយោធពលខេមរភូមិន្ទ និងបានឆ្លើយតបទៅនឹងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងជាតិមាតុភូមិរបស់យើងនាពេលបច្ចុប្បន្ន និងទៅអនាគត សាកសមនឹងការផ្តល់ទំនុកខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងមេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តម ជា សារ៉ន បានមានប្រសាសន៏បន្ថែមទៀតថា៖ ថ្វីត្បិតតែបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពក៏ពិតមែន តែកងទ័ពត្រូវតែធ្វើការហ្វឹកហាត់ជាប្រចាំដូចភ្លៀងរលឹម សំដៅលើកកម្ពស់ សមត្ថភាព ចំណេះជំនាញពិតប្រាកដ និងឆ្លើយតបទាន់ពេលវេលាទៅនឹងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី រក្សាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ នៅក្នុងនាម ឯកឧត្តម មេបញ្ចាការកងទ័ពជើងគោក ឯកឧត្តម ជា សារ៉ន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ កងទ័ពជើងគោក ដែលបានជួយទាំងស្មារតី សម្ភារះ ថវិការសំរាប់ផ្គត់ផ្គង់បន្ថែមដល់ការហូបចុកប្រចាំថ្ងៃរបស់យោធាចារ្យ និងសិក្ខាកាមពីដើមរហូតដល់បញ្ចប់វគ្គ និងបានថ្លែងកោតសរសើរ វាយតំលៃខ្ពស់ចំពោះឯកឧត្តម អស់លោកជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងពលតូចថ្មើរជើងលេខ៧០ គ្រូយោធាចារ្យ គណះគ្រប់គ្រងវគ្គ សិក្ខាកាមទាំង​អស់​ ដែលបានសហការគ្នាជាធ្លុងមួយ និងស្ថាប័នពាក់ព័ន្ធដែលបានបង្កលក្ខណះគ្រប់បែបយ៉ាងបានធ្វើឲ្យវគ្គនេះបានដំណើរការដោយរលូន តាំងពីបើករហូតដល់បិទបានដំណើរការដោយរលូន និងទទួលលទ្ធផលជាវិជ្ជមាន។ ឯកឧត្តមនាយសេនាធិការ ក៏បានគូសបញ្ជាក់ពីលក្ខណៈពិសេស នៃតួនាទី ភារកិច្ចអាវុធគាំទ្រ​១២០​មម​​​ សំរាប់កម្ទេចរាល់គោលដៅសត្រូវ និងសម្រាប់ទាំងក្នុងរូបភាពជាយុទ្ធសាស្ត្រ និងយុទ្ធវិធីសម្រាប់ការវាយលុកក៏ដូចជាការ ការពារទីទាំងផងដែរ ព្រមទាំងបានគូសបញ្ជាក់យុទ្ធសាស្ត្រ យុទ្ធវិធីនៃជំនាញនេះដែលបណ្តាប្រភេទទ័ពត្រូវខិតខំបង្កើនការហ្វឹកហាត់ក្នុងន័យសំខាន់ នៃការងារការពារបូរណភាពទឹកដី។ ឯកឧត្តម ជា សារ៉ន បានផ្តាំផ្ញើរដល់កម្មសិក្សាការរីទាំងអស់បន្តខិតខំស្រាវជ្រាវឯកសារបន្ថែម និងជួយហ្វឹកហ្វឺនដល់មិត្តរួមអង្កភាពបានយល់ដឹងគ្រប់ៗគ្នា បន្តពង្រឹងជំហរស្មោះត្រង់គោរពការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ បន្តចូលរួមអនុវត្តន៏នយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តយ៉ាងសកម្មចូលរួមជួយប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ពិសេសត្រូវចូលរួមយ៉ាងសកម្មអនុវត្តន៏បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដាក់ចុះអោយមានប្រសិទ្ធភាពខ្ពស់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ