ព័ត៌មាន

លោកជំទាវ ដាំ ដារីនី ជួបប្រតិភូគណៈកម្មាការនារី កងទ័ពប្រជាជនវៀតណាម
នាយកដ្ឋានព័ត៌មាន(៥)
49
1194 លោកជំទាវ ដាំ ដារីនី ជួបប្រតិភូគណៈកម្មាការនារី កងទ័ពប្រជាជនវៀតណាម

     គណៈប្រតិភូ គណៈកម្មាការនារី កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកស្រី វរសេនីយ៍ឯកបំរុង ហ៊្វុង ធីហ៊្វូ ប្រធាន​គណៈកម្មាការនារី កងទ័ពប្រជាជនវៀតណាម នាព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ​បាន​ចូល​ជួប​សំដែង​ការ​គួរសម និងផ្លាស់ប្តូបទពិសោធន៏ជាមួយ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ ។

 លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និង  លោកស្រី វរសេនីយ៍ឯកបំរុង ហ៊្វុង ធីហ៊្វូ ប្រធាន​គណៈកម្មាការនារី កងទ័ពប្រជាជនវៀតណាម


     លោកជំទាវរដ្ឋលេខាធិការបានថ្លែងជួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ សូមស្វាគមន៏ ចំពោះដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូគណៈកម្មាការនារី កងទ័ពប្រជាជនវៀតណាម ដែលបាននាំ មកនូវទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ពយើងទាំង២ ពិសេសគឺកិច្ចសហប្រតិបត្តិការ រវាងនារីក្នុងខ.ភ.ម​ និង នារី​កង​ទ័ព​ប្រជាជន​វៀត​ណាម​។ ក្នុងឱកាសនោះលោកជំទាវ ក៏បានលើកឡើងអំពីតួនាទី និង ភារកិច្ច របស់យោធិននារីជូន​ដល់​ប្រតិភូឲ្យ​ជ្រាប​ថា៖ ដោយបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានដាក់​ចេញនូវ​គោលនយោបាយ និងយន្តការទាំងឡាយ គឺ​សំដៅ​ជំរុញ​ការ​យកចិត្តទុកដាក់លើក ស្ទួយ​តំលៃ​ស្ត្រីខ្មែរក្នុងសង្គម ជំរុញលើការអភិវឌ្ឍលើគ្រប់ផ្នែក និង​លុប​បំបាត់​រាល់​ទស្សនៈ​ឥរិយាបថ​ រើសអើងចំពោះស្ត្រី។​ ដោយអនុវត្តទៅតាមផែនការ យុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រ ឆ្នាំ ២០១៥- ២០២០​ របស់ក្រសួងការពារជាតិ ក្រុមការងារយេនឌ័រនៅទូទាំងខ.ភ.ម ទាំងអស់ បានខិតខំអនុវត្តការងារយ៉ាង សកម្ម ដោយ​សំរេចបានស្នាដៃ ធំៗជា​ច្រើននៅតាមបណ្តាកងឯកភាពរបស់ខ្លួន។ ជារួមក្រុមការងារ នារីខ.ភ.ម បានរៀបចំ​បង្កើត​ឲ្យ​មាន​បណ្ដាញក្រុមការងារ យេនឌ័រនៅតាមបណ្ដាកងឯកភាពនីមួយៗ និងនៅតាមបណ្ដាយោធភូមិភាគទូទាំង ខ.ភ.ម​។ ខិតខំបង្កើនការយល់ដឹងអំពីទស្សនៈយេនឌ័រដល់ នាយទាហាន នាយទាហានរង និង​ពលទាហានទាំង២ភេទ ។ បានបង្កើនបរិមាណនិងគុណភាពដល់ នាយទាហាន នាយទាហានរង និងពលទាហាន ដែលជានារី ពិសេស​កង​ទ័ព​​នា​រីកម្ពុជា កំពុងមានការកើន​ឡើង និង ទទួលបានស្នាដៃ​ធំធេងក្នុងការ​ចេញទៅបំពេញបេសកកម្ម មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ។ លោកជំទាវ​បានថ្លែង​ទៀតថា៖ ក្រុមការងារក៏បានផ្ដល់ឱកាស និង ជំរុញលើក ទឹក​ចិត្ត​ដល់​នាយ​ទាហា​នជានារីក្នុងការទទួលបានតួនាទី ធ្វើសេចក្ដីសំរេចនានា លើការងារកងទ័ព។ បាន​បង្កើនការ​យកចិត្ត​ទុក​ដាក់​ដល់​គ្រួសារយោធិន ពលីពិការ និងយោធិនមុនចូលនិវត្តន៏, បង្កើនការ យកចិត្តទុកដាក់ដល់គ្រូ និងកីឡាការិនីក្នុង ខ.ភ.មផងដែរ។ ជាចុងក្រោយលោកជំទាវ ដាំ ដារីនី នឹងសង្ឃឹមថា៖​ ឆ្លង​​តាម​​រយៈកិច្ច​​សហប្រតិបត្តិការ​រវាង​កង​ទ័ពនារី​ នៃ​ប្រទេស​យើងទាំង​២កម្ពុជា​​-វៀតណាម​នោះ​ យើង​នឹង​បង្កើត​ជា​ពិធីសារ​រួមគ្នា​មួយ​ទៅ​ថ្ងៃ​មុខ​ផងដែរ​។​

     ឆ្លើយតបក្នុងឱកាសនោះ លោកស្រី​វរសេនីយ៍​ឯក​បំរុង ​ហ៊្វុង ធីហ៊្វូ ក៏​បានស្វាគមន៏​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​លោក​ជំទាវ​រដ្ឋលេខាធិការ​ ដែលចង់រួមគ្នាបង្កើត​អនុស្សារណៈកិច្ចសហប្រតិបត្តិការ​រវាង​នារីកងទ័​ពទាំង២​ប្រទេស។ លោក​ស្រីមា​នជំនឿថា តាមរយៈកិច្ចសហប្រតិបត្តិការយើងអាចធ្វើឲ្យកងទ័ពនារីនៃប្រទេសទាំង២ ទទួលបានការពង្រឹងនិងពង្រីកនូវស្មារតីសាមគ្គីភាព, មិត្តភាព ហើយអាចជួយគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូន ប្រទេសជិតខាង។ លោកស្រីក៏សំដែងនូវអំណរគុណចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិកម្ពុជា ដែលបានយកចិត្តទុកដាក់ ទទួលស្វាគមន៏ដំណើរទស្សនកិច្ច របស់គណៈប្រតិ​ភូ​គណៈកម្មាការនារី កងទ័ពប្រជាជនវៀតណាម របស់លោកស្រីក្នុងការស្វែងយល់ និង​ទទួលបានបទ​ពិសោធន៏ពីគ្នាទៅវិញទៅមក ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ