សមិទ្ធិផលនានានារួមមាន៖ ក្លោងទ្វារធំ របង រូបសំណាកខ្ទីងចំនួន១គូរ ផ្លូវបេតុង ស្លាកបញ្ជា នៃបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ១២៨ និងអគារស្នាក់នៅសិក្ខាកាម សាលាហ្វឹកហ្វឺនពលទាហានទី១ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រារព្ធពិធីសម្ភោធ និងកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រួមទាំងការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ បំពាក់ឋានន្តរសក្តិជូននាយទាហានជាន់ខ្ពស់ នៃបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ពិធីនេះបានរៀបចំធ្វើនៅបញ្ចាការដ្ឋាន កងពលតូចអន្តរាគមន៏លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងមតិស្វាគមន៏ និងរបាយការណ៏របស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានឲ្យដឹងថា៖ បញ្ចាការដ្ឋាន កងពលតូចលេខ១២៨ ជាអង្គភាពចល័ត មានភារកិច្ចទទួលខុសត្រួវនៅក្នុងភូមិសាស្ត្រ និងក្របខ័ណ្ឌយោធភូមិភាគ ក៏ដូចជានៅតាមបណ្តាព្រំដែនកម្ពុជា-ឡាវ កម្ពុជា-វៀតណាម និងការកសាងពង្រឹងអង្គភាពឲ្យមានការរីកចម្រើន រឹងមាំលើគ្រប់វិស័យ។ ឯកឧត្តម ហួត ឈាង ក្នុងនាមនាយទាហាន នាយទាហានរង ពលទាហានចំណុះយោធភូមិភាគទី១ ក៏បានសម្តែងនូវភក្តីភាព និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានខិតខំជំរុញឲ្យការស្ថាបនា កសាងហេដ្ឋារចនាសម្ព័ន្ធនានា ជូនបញ្ចាការដ្ឋាន កងពលតូចអន្តរាគមន៏លេខ១២៨ និងសាលាហ្វឹកហ្វឺនពលទាហានទី១ យោធភូមិភាគទី១ បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដែលបានផ្តល់ជូននាយទាហាន នាយទាហាន និងពលទាហានចំណុះយោធភូមិភាគទី១ មានភាពកក់ក្តៅក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខកងទ័ពជាប្រចាំ។ ឯកឧត្តម ហួត ឈាង និងឯកឧត្តម ឧត្តមសេនីយ៏ទោ មៀច សាមុត មេបញ្ជាការ កងពលតូចអន្តរាគមន៏លេខ១២៨ យោធភូមិភាគទី១ បានបញ្ជាក់ឲ្យដឹងថា៖ អគារស្នាក់នៅរបស់សិក្ខាកាម ០១ខ្នង ដែលបានប្រារព្ធពិធីសម្ពោធនេះ បានចាប់ដំណើរការសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ហើយបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានទំហំ៧ម៉ែត្រ គុណ៣៦ម៉ែត្រ ដោយបានបំពាក់គ្រែដែក មានបន្ទប់ទឺក និងបង្គន់អនាម័យ ១ខ្នងចំនួន៤បន្ទប់ ចំណាយថវិការសាងសង់អស់ចំនួន៤៦,៩៤០ដុល្លារ ក្នុងនោះថវិការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ចំនួន៤៥,០០០ដុល្លារ។ ចំពោះអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជាអាទិ៍៖ ក្លោងទ្វារធំរបស់បញ្ចាការដ្ឋាន កងពលតូចអន្តរាគមន៏លេខ១២៨ បានរៀបចំសាងសង់ពិថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថាបនាអំពីឥដ្ឋ គ្រោងបេតុងដែក មានបណ្តោយ១៥ម៉ែត្រ កំពស់៦.៧៩២ម៉ែត្រ បំពាក់ទ្វាររុញចំរឹងដែក ផ្នែកកំពូលមាន២ជាន់ ប្រក់ក្បឿងស្រកាលេញ លំអរទៅដោយនាគ តាមរចនាបទបែបខ្មែរបូរាណ ដំបូលមានរូបហនុមាន អមដោយប៉ិស្តិ៍យាម និងស្លាកមូលដ្ឋានទ័ពដែលចារឹកអក្សរមានឈ្មោះថា មូលដ្ឋានកងទ័ព ភ្ជាប់ដោយរបងមានប្រវែងសរុប៤៨.៥ម៉ែត្រ មានកំពស់២ម៉ែត្រ ៣តឹក ធ្វើអំពីឥដ្ឋ គ្រោងបេតុងដែក មានបំពាក់អំពុលភ្លើង។ រីឯរូបសំណាកខ្ទីង ជានិមិត្តសញ្ញា នៃកងពលមានចំនួន០២ ស្ថិតនៅចំពីមុខអមសងខាងក្លោងទ្វារធំ ទីបញ្ជាការកងពល ដោយទាំងរបង និងរូបសំណាកខ្ទីង សរុបថវិការអស់ចំនួន ៣,៤៩២ដុល្លារ។ ផ្លូវបេតុងចូលអង្គភាពមានប្រវែងសរុប៥៨ម៉ែត្រ ទទឺង៧ម៉ែត្រ សាងសង់អស់រយៈពេល២៥ថ្ងៃ សរុបថវិការអស់ចំនួន១៧,០០៨ដុល្លារ និងស្លាកបញ្ជាការដ្ឋានកងពល ធ្វើអំពីឥដ្ឋ គ្រោងដែកបេតុង ទំហំ៧.១ម៉ែត្រ កំពស់៣ម៉ែត្រ ប្រើពេលសាសង់៣៧ថ្ងៃ អស់ថវិការចំនួន៣,៧៥០ដុល្លាសហរដ្ឋអារិក សរុបថវិការសាងសង់អស់ចំនួន៥៥,១៥០ដុល្លារសហរដ្ឋអាមេរិក។ ក្នុងឪកាសនោះអង្គពិធីក៏បានធ្វើការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាយទាហានជានខ្ពស់ចំណុះយោធភូមិភាគទី១ ចំនួន១៣រូប និងបំពាក់ឋានន្តរសក្តិចំនួន៩រូបផងដែល។
ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសំដែងនូវការកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ ក្នុងភារកិច្ចទទួលខុសត្រូវ ក្នុងភូមិសាស្ត្រផ្ទៃក្នុង និងតាមបណ្ដោយព្រំដែន ពិសេសការបន្តយកចិត្តទុកដាក់ពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យតាមរយៈការកសាងនូវសមិទ្ធផល និងហេឋារចនាសម្ព័ន្ធនានា ជាច្រើនក្នុងអង្គភាព។ ឯកឧត្តម បញ្ជាក់ថា៖ ការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការដឹកនាំបញ្ជា កសាងកម្លាំង និងពង្រឹងប្រៀបការពារជាតិ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតបញ្ជាក់ថា៖ ការពង្រឹងប្រៀបការពារជាតិ មិនមែនមានគោលដៅក្នុងគោលបំណងបង្កសង្គ្រាមនោះទេ តែជាកាតព្វកិច្ចសមស្រប តាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ព សម្រាប់កិច្ចការការពារជាតិ ការធានាថែរក្សាសន្តិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ក្រាបបទល្មើសក្នុងប្រទេស និងតាមបណ្ដោយព្រំដែន ដែលទាំងនេះជាផ្នែកមួយ នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការទៅមុខឲ្យស្របតាមស្ថានការណ៍ និងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសជាតិ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ទាំងអស់ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាត ចំពោះជាតិសាសនាព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចុះ។ ត្រូវបង្កើនការយកចិត្តទុកដាក់លើ ការងារអប់រំចិត្តសាស្ត្រ និងស្វែងយល់សភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់ចំណេះដឹង ធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ឲ្យបានរឹងមាំថែមទៀត ៕