នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូអគ្គបញ្ជាការដ្ឋាន ចុះបេសកកម្មនៅយោធភូមិភាគទី៥។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ បានទទួលស្វាគមន៍ប្រតិភូអគ្គបញ្ជាការនៅទីបញ្ជាការយោធភូមិភាគទី៥។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ មានមតិស្វាគមន៍ចំពោះប្រតិភូ អគ្គបញ្ជាការដែលបានអញ្ជើញមកបំពេញការងារនៅយោធភូមិភាគទី៥ នាពេលនេះ។
នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងាររយ:ពេល៩ខែ របស់យោធភូមិភាគទី៥ ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានលើកឡើងពីលទ្ធផលការងារ ដែលនាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៥ សំរេចបាន លើការងារកសាងអង្គភាព ការងារដឹកនាំបញ្ចា ការងារហ្វឹកហ្វឺន និងការងារចឹញ្ជឹមទ័ព ទស្សនកិច្ចសិក្សាកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននាពេលនេះ ឯ.ឧ វង្ស ពិសេន បានថ្លែងកោតសរសើរដល់ការអនុវត្តការងារ របស់កងកម្លាំងយោធភូមិភាគទី៥ ដែលខិតខំអនុវត្តសម្រេចបានលទ្ធផលល្អ ក្នុងការបំពេញភារកិច្ចកន្លងមក។ ឯកឧត្តមស្នើសុំអោយ យោធភូមិភាគបន្តយកចិត្តទុកដាក់លើការងារ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ធ្វើយ៉ាងណាដើម្បីកសាងព្រំដែនសន្តិភាព និងការអភិវឌ្ឍ រីកចំរើន ដើម្បីប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា។ ត្រូវចូលរួមអនុវត្តកំណែទម្រង់កងទ័ពដោយឈរលើការពង្រឹងគ្រប់គ្រងកម្លាំង ត្រូវចៀសវាងប្រើប្រាស់ខុសគោលដៅ។ ត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺនកងទ័ព លើកកម្ពស់សមត្ថភាពគុណភាពពិសេសការងារអប់រំចិត្តសាស្ត្រ អោយកងទ័ពមានជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំង និងថែទាំសម្ភារៈ ធានាគ្រប់បែបយ៉ាង សម្រាប់ដោះស្រាយរាល់យថាហេតុកើតឡើង។ ត្រូវអប់រំកងទ័ព អោយជៀសឆ្ងាយពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ក្នុងជួរកងយោធពលខេមរភូមិន្ទ។ ចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញកាត់ខ្សែបូសម្ពោធ ផ្ទះបាយរួមក្នុងទីបញ្ជាការយោធភូមិភាគទី៥ និងឧបត្ថម្ភថវិកាចំនួន១០.០០០.០០០រៀល ដល់យោធភូមិភាគទី៥ផងដែរ ៕