រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៣ (13th ASEAN Defence Ministers' Meeting (ADMM)) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិសុខប្រកបដោយចីរភាព។ ការអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៣ របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ ដោយសារឆ្នាំនេះ ប្រទេសថៃបានធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ាន កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសអាស៊ានមួយចំនួនផងដែរ ៕