ក្នុងជំនួបសំដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អូឡិចស៊ី សូកូភ្លី ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានថ្លែងជំនួស មុខឲ្យរដ្ឋាភិបាល និង កងទ័ពអ៊ុយក្រែន ពិសេសក្រសួងការពារជាតិអ៊ុយក្រែន បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងការពារជាតិកម្ពុជា ដែលបានអនុញាតិឲ្យឯកឧត្តម បានចូលជួបសំដែងការគួរសម ដើម្បីបានពង្រឹងពង្រីក ចំណងទាក់ទងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ អ៊ុយក្រែន និងកម្ពុជា ឲ្យកាន់តែមានភាពជិតស្និទ្ធ។ ឯកឧត្តម បានបញ្ជាក់ថា៖ ប្រទេសជាតិមួយមានសន្តិភាព, សន្តិសុខ , សុវត្ថិភាព គឺដោយសារមានកងទ័ពមួយក្លាហាន មានសំភារៈបច្ចេកទេសយោធាទំនើបៗ អាចទប់ទល់បានជាមួយសត្រូវ ដែលមានគោលបំណងមកឈ្លានពានបូរណភាពទឹកដីរបស់ខ្លួន។ ឯកឧត្តម អូឡិចស៊ី សូកូភ្លី ក៏បានជំរាប ឯកឧត្តម រដ្ឋលេខាធិការឲ្យបានដឹងទៀតថា៖ ដូចជាប្រទេសរបស់លោកបច្ចុប្បន្ន កំពុងទទួលរងនូវការឈ្លានពានពីសំណាក់ប្រទេសជិតខាងផងដែរ ក៏ព្រោះតែកងទ័ពអ៊ុយក្រែនមានសមត្ថភាពនៅមានកំរឹតនៅឡើយ។ ឯកឧត្តម បានបន្តថា៖ នាពេលខាងមុខក្រសួងការពារជាតិទាំង២ កម្ពុជា និងអ៊ុយក្រែន នឹងធ្វើការចុះអនុស្សារណៈធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីរឹតចំណងសាមគ្គីភាព, មិត្តភាព, លើការជួយបណ្តុះបណ្តាល និងផ្គត់ផ្គង់សំភារៈបច្ចេកទេសយោធា។ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឯកឧត្តម អូឡិចស៊ី សូកូភ្លី ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម
មានប្រសាសន៏តបក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត បានបញ្ជាក់ថា៖ រវាងកងទ័ពយើងទាំង២ អ៊ុយក្រែន និងខ.ភ.ម ធ្លាប់មានប្រវត្តិទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាំងពីយូរណាស់មកហើយ ហើយយើងនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមបានបន្តទៀតថា៖ ពេលនេះកងទ័ពអ៊ុយក្រែន កំពុងធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីការពារទឹកដី។ ដើម្បីធ្វើជាហត្ថលេខី នៃការចុះអនុស្សារណៈ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ កម្ពុជា-អ៊ុយក្រែន នាពេលខាងមុខនេះ ឯកឧត្តម រដ្ឋលេខាធិការសង្ឃឹមថា៖ បណ្តាប្រភេទជំនាញដែលមានការពាក់ព័ន្ធចំពោះខ្លឹមសារអនុស្សារណៈ នឹងខិតខំពិនិត្យរួមគ្នា ដើម្បីឈានទៅដល់ការព្រមព្រៀង និងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ ៕