លោកវរសេនីយ៍ឯកពិសេស ស៊ូ វេងហ៊ូ (XU WENHUA) នាយករងសាលាបណ្ឌិតសភាកាំភ្លើងធំ និងការពារអាកាស កងទ័ពជើងគោក កងទ័ពរំដោះប្រជាជនចិនបានឲ្យដឹងថា៖ បើតាមផែនការបន្តទៀតនៅមុនឆ្នាំ២០២០ កងទ័ពរំដោះប្រជាជនចិន គ្រោងនឹងពង្រឹងលើការកសាងធនធានមនុស្ស ដោយផ្តោតសំខាន់លើចំណេះដឹងទូទៅ ការងារគ្រប់គ្រង និងជំនាញផ្នែកភាសាចិន ជាពិសេសផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានយោធាចារ្យ។ ការលើកឡើងបែបនេះរបស់ លោកវរសេនីយ៍ឯកពិសេស ស៊ូ វេងហ៊ូ បានធ្វើឡើងនារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក ស៊ូ វេងហ៊ូ បានដឹកនាំក្រុមការងារចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋានក្នុងក្រុងភ្នំពេញ។ លោកវរសេនីយ៍ឯកពិសេស ស៊ូ វេងហ៊ូ (XU WENHUA) នាយករងសាលាបណ្ឌិតសភាកាំភ្លើងធំ និងការពារអាកាស កងទ័ពជើងគោក កងទ័ពរំដោះប្រជាជនចិន
នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯកពិសេស ស៊ូ វេងហ៊ូ បានថ្លែងថា៖ វិទ្យាស្ថានទ័ពជើងគោកកម្ពុជា ជានិច្ចជាកាលបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់គណៈកម្មាធិការមជ្ឈឹម រួមទាំងផ្នែកទទួលការងារហ្វឹកហ្វឺន នៃកងទ័ពរំដោះប្រជាជនចិន។ ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ អ្នកជំនាញកងទ័ពរំដោះប្រជាជនចិន បានកសាងបន្ថែមនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ របស់វិទ្យាស្ថានលើផ្នែកសំណង់រឹង និងធ្វើការកែសម្រួលលើផ្នែកទន់ មួយចំនួនផងដែរ។ លោក ស៊ូ បន្តថា៖ នៅក្នុងផែនការផ្តល់ជំនួយ ដើម្បីអភិវឌ្ឍន៍វិទ្យាស្ថានកងទ័ពជើងគោក នៅក្នុងឆ្នាំ២០១៩នេះ ភាគីចិនបានផ្តោតសំខាន់ទៅលើការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលបញ្ហាចម្បងសំរាប់អ្នកជំនាញកងទ័ពរំដោះប្រជាជនចិន។ តាមរយៈការចុះសិក្សាស្វែងយល់នៅលើកនេះ កងទ័ពទាំងពីរ នឹងពង្រីកឲ្យកាន់តែទូលំទូលាយ លើកិច្ចប្រតិបត្តិការផ្តល់ជំនួយបណ្តុះបណ្តាលដល់នាយទាហានជំនាន់ក្រោយរបស់កម្ពុជា។ គោលបំណងធំបំផុតនោះ គឺកងទ័ពរំដោះប្រជាជនចិន និងសហការជាមួយស្ថាប័ននានា ដែលពាក់ព័ន្ធ ជាពិសេសគឺវិទ្យាស្ថានទ័ពជើងគោក ដើម្បីបានស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់វិទ្យាស្ថាន ក៍ដូចជាកំណត់ទិសដៅសំរាប់គំរោងជំនួយនាពេលអនាគតបន្ថែមទៀត។ មួយផ្នែកទៀតនោះ ក្រុមជំនាញ នឹងចុះទៅសិក្សានៅតាមបណ្តាប្រភេទទ័ពរបស់កម្ពុជា ដូចជាស្ថាប័ន ទ័ពជំនាញរថក្រោះ, រថពាសដែក, កាំភ្លើងធំ, កាំភ្លើងការពារអាកាស, ដើម្បីស្វែងយល់បន្ថែម ព្រមទាំងសំណូមពរនានា ដើម្បីឲ្យភាគីកងទ័ពរំដោះប្រជាជនចិន ជួយសម្របសម្រួលកសាងចំណុចទាំងនោះផងដែរ។ បន្ថែមពីនេះ កម្ពុជា និងចិន នឹងរួមគ្នាបង្កើតកម្មវិធីសិក្សា ដែលសមស្រប ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍របស់កងទ័ពនៅពេលបច្ចុប្បន្ននេះ។ ផ្នែកមួយទៀត ក៍ត្រូវរៀបចំការងារបង្រៀនរបស់វិទ្យាស្ថានចំនួន៧ជំនាញ ដែលរួមមាន៖ ជំនាញវិស្វកម្ម, ជំនាញកាំភ្លើងធំ, ជំនាញកាំភ្លើងការពារអាកាស់, ជំនាញគីមីសាស្ត្រ, បញ្ជូនសារ, ព្រមទាំងជំនាញផ្សេងៗទៀតជាច្រើន ទៅតាមសំណូមពររបស់វិទ្យាស្ថានកងទ័ពជើងគោកកម្ពុជា។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណ ដល់កងទ័ពរំដោះប្រជាជនចិន ដែលបានជួយបណ្តុះបណ្តាលធន់ធានមនុស្ស ផ្តល់សំភារៈបច្ចេកទេសនានា ដើម្បីចូលរួមជួយកសាងកងយោធពលខេមរភូមិន្ទ ដោយភាពស្មោះត្រង់ ស្ទើគ្រប់អង្គភាពទ័ព ដោយក្នុងនោះមានវិទ្យាស្ថានទ័ពជើងគោកកម្ពុជាជាដើម។ ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានឲ្យយោបល់ដល់កងទ័ពរំដោះប្រជាជនចិន ពិនិត្យមើលផ្នែករឹង និងផ្នែកទន់នានា ដូចជាការកសាងហេដ្ឋានរចនាសម្ព័ន្ធ គ្រឿងបំពាក់យោធបរិក្ខាទ័ព ការបណ្តុះបណ្តាលយោធាចារ្យវ័យក្មេងកម្ពុជា ដើម្បីចូលរួមចំណែកបម្រើការងារកសាងកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត លើកិច្ចការពារជាតិ ប្រឆាំងនឹងការឈ្លានពានណាមួយពីពួកអមិត្ត។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានសំណូមពរដល់ភាគីចិន ដើម្បីបញ្ជូនយោធាចារ្យជាជនជាតិចិន មកស្នាក់នៅកម្ពុជា ដើម្បីជួយបណ្តុះបណ្តាលដល់យោធិនកម្ពុជាលើផ្នែកភាសាចិន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ព្រោះថាក្នុងជួរកងទ័ពកម្ពុជា នៅខ្វះខាតយ៉ាងខ្លាំងអ្នកចេះភាសាចិន ដើម្បីទំនាក់ទំនងការងារផ្សេងៗ។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានស្នើរឲ្យភាគីចិន បង្កើនចំនួនអ្នកសិក្សាភាសាចិនឲ្យកាន់តែច្រើនឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតាមបណ្តាអង្គភាពទ័ពនានា ផងដែរ ៕