បន្ទាប់ពីបានដំណើការអស់រយៈពេលពេញ១ថ្ងៃ អង្គសន្និសីទមេបញ្ជាការសុខាភិបាលយោធាអាស៊ាន លើកទី៩ ស្តីពីផលប៉ះពាល់ និងប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយ ក្នុងវិស័យសុខាភិបាលយោធាអាស៊ាន ដែលរៀបចំធ្វើជាម្ចាស់ផ្ទះដោយនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ បានបញ្ចប់ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងនាមកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា, ឯ.ឧ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជានាយក នាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ បានថ្លែងនូវក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់មេបញ្ជាការសុខាភិបាលយោធាអាស៊ាន និងនាយទាហានវ័យក្មេង នៃបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមចំណែក កិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុត ដើម្បីធ្វើឱ្យសន្និសិទនេះ ទទួលបានជោគជ័យជាមួយផ្លែផ្កាលទ្ធផល។ អង្គសន្និសីទសុខាភិបាលយោធាអាស៊ានយើង ជឿជាក់យ៉ាងមុតមាំថា សហគមន៍របស់យើង នឹងទទួលបានច្រើន នូវការយល់ដឹងពង្រឹងកម្រិតមេរៀន ដែលបានរៀនពីគ្នាទៅវិញទៅមក ជាពិសេសសម្រាប់មន្ត្រីយោធាសុខាភិបាលអាស៊ានវ័យក្មេង។ ក្នុងពេលអនាគតយើងនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ វិធីសាស្រ្ត និងទ្រឹស្តីអំពីការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, លំហាត់ហ្វឹកហ្វឺនការហ្វឹកហាត់នៅលើទីលាន អ្នកឯកទេស ការផ្លាស់ប្តូរការធ្វើសន្និសីទ និងការបង្កើតធនធានមនុស្សផងដែរ។ គួររំលឹកដែរថា៖ សន្និសីទមេបញ្ជាការសុខាភិបាលយោធាអាស៊ាននេះ បានធ្វើឡើងចាប់តាំងពីឆ្នាំ២០១១ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ជាលើកទី១ និងត្រូវបានរៀបចំផ្លាស់ប្តូរវិលជុំរៀបចំធ្វើជាម្ចាស់ផ្ទះតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ានជាបន្តបន្ទាប់ រហូតមកដល់ឆ្នាំ២០១៩នេះ ជាកត្តិយសរបស់នាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិកម្ពុជា បានរៀបចំធ្វើជាម្ចាស់រៀបចំអង្គសន្នសីទ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទស្តីពីផលប៉ះពាល់ និងប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយក្នុងវិស័យសុខាភិបាលយោធាអាស៊ាន។ ដោយមានការចូលរួមពីមេបញ្ជាការសុខាភិបាលយោធាអាស៊ាន ទាំង១០ប្រទេស ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នា ទាក់ទង និងវេជ្ជសាស្ត្រយោធា និងការជួយសង្គ្រោះដល់ជនរងគ្រោះ ដែលកើតចេញពីគ្រោះមហន្តរាយ។ ក្នុងឱកាសបិទអង្គសន្និសីទនោះ ក៏បានប្រគល់វិញ្ញាបនបត្រដល់នាយទាហានវ័យក្មេង នៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលមានស្នាដៃល្អក្នុងការធ្វើបទបង្ហាញ និងស្លាយ និងប្រគល់ជូនដល់ផងដែរមន្ត្រីសុខាភិបាលយោធាអាស៊ាន លើកទី៩ ដែលរួមមាន ប្រទេសថៃ កម្ពុជា សឹង្ហបុរី ប៊្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាម៉ា ហ្វីលីពីន និងវៀតណាម។ ជាមួយគ្នានេះដែរ ក៏បានធ្វើពិធីផ្ទេរប្រគល់អង្គសន្និសីទ មេបញ្ជាការសុខាភិបាលយោធាអាស៊ាន ទៅដល់កងទ័ពភូមិន្ទថៃ ដើម្បីរៀបចំធ្វើជាម្ចាស់អង្គសន្និសីទមេបញ្ជាការសុខាភិបាលយោធាអាស៊ាន លើកទី១០ជាបន្ត នាឆ្នាំ២០២០ ៕