ព័ត៌មាន

ឯកឧត្តម ​គង់​ មុនី ​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ ឯកឧត្តម​ ប៉ូច ​ឃៀង ​​
នាយកដ្ឋានព័ត៌មាន(៣)
206
1094 ឯកឧត្តម ​គង់​ មុនី ​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ ឯកឧត្តម​ ប៉ូច ​ឃៀង ​​

     ដើម្បីចូល​រួមរំលែក​ទុក្ខ​ជាមួយ​នាយ​ទាហាន នាយ​ទាហានរង និង​ពល​ទាហាន ក្នុង​កង​ហោះឧទ្ធម្ភាគ​ចក្រ កង​ទ័ពជើ​ង​អា​កាស នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ ព្រម​ទាំង​លោក​ជំទាវ​ ជា​ភរិយា​ នៃ​ក្រុម​គ្រួសារ​សព លោក​ឧត្តម​សេនីយ៍​ត្រី​ ប៉ូច ឃៀង ​នាព្រឹក​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៩នេះ គណៈ​ប្រតិភូ​បញ្ជាការ​ដ្នាន​កង​ទ័ព​ជើង​អាកាស​ ដឹក​​​នាំ​​ដោយ​ ឯកឧត្តម ​​ឧត្តម​​​សេនីយ៍​ឯក​​ គង់​​ មុនី ​មេ​បញ្ជាការ​រង ​បញ្ជាការ​ដ្ឋាន​កង​ទ័ពជើង​អាកាស តំណាង​​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧប​នាយក​​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​​ការពារជាតិ បានអញ្ជើញ​ ដាក់កម្រងផ្កា ​គោ​រព​​វិញ្ញាណ​ក្ខ័ន្ធ និង​ផ្តល់​កិត្តិយសជា​លើក​ចុង​ក្រោយ​ បំពាក់​ឋានន្តរសក្តិ ថ្នាក់​ឧត្តមសេនីយ៍​ទោ ​ជូន​សព​ ​ឧត្តម​​សេនីយ៍​ត្រី​ ​ ប៉ូច ឃៀង ជា​កិច្ចបច្ឆាមរណៈ។ ​សព​ឯកឧត្តម​ ​​ឧត្តម​​សេនីយ៍ទោ​ ​ប៉ូច ឃៀង ​ជា​មេ​បញ្ជាការ​កង​ហោះ​ឧទ្ធម្ភាគចក្រ បញ្ជាការ​ដ្ឋាន​កង​ទ័ពជើង​អាកាស ​បាន​​ទទួល​មរណ​​ភាព​វេលាម៉ោង ៧ : ១០ នាទី ព្រឹកថ្ងៃ ចន្ទ ​ទី២៥ ខែ មិថុនា ក្នុង​ជន្មាយុ ៥៩ ឆ្នាំ ដោយ​​សារ​រោគាពាធ។​ សព​ឯកឧត្តម ​ប៉ូច ឃៀង ​ត្រូវបាន​ក្រុមការងារ​កងទ័ព​ជើង​អាកាស ​និង​គណកម្មាធិការរៀប​​​ចំ​បុណ្យ​​សព​ថ្នាក់​​ឧត្តមសេនីយ៍​​​ ឧត្តមនាវី ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ សហការ​ជា​មួយ​ក្រុម​គ្រួសារ​បាន បា​ន​រៀប​ចំ​តម្កល់​​ធ្វើ​បុណ្យ​​ទក្ខិណា​នុប្ប​ទាន​ ​ទៅ​តាម​​​ប្រពៃណី​​​ ព្រះពុទ្ធ​សាស​នា​ខ្មែរ​យើង ​និង​​បែប​​ពិធីការកងទ័ព​ ផ្ទះលេខ ៥៦A ផ្លូវលេខ 2002 ស្ថិត​ក្នុង​ភូមិ ផ្សារទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជ​ធានីភ្នំពេញ ។ ឯកឧត្តម​ ​ឧត្តម​​សេ​នីយ៍​​ឯក​ សៅ សារឿន អគ្គនាយករង អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ជា​ប្រធាន​​អនុ​​គណកម្មការ​ រៀប​​​ចំបុណ្យ​​សព​ថ្នាក់​​ឧត្តមសេនីយ៍ ឧត្តមនាវី ​​កងយោធពល​ខេមរភូមិន្ទ ប្រគល់ថវិកាគោល​​នយោបាយ​របស់​ក្រ​សួង​​កា​រ​ពារ​​ជាតិ​ជូន​​លោក​​ជំទាវ ជាភរិយា​​នៃ​​ក្រុម​គ្រួសារសព ​

     បន្ទាប់​មក​​ប្រតិភូ​​ក្រសួង​ការ​ពារ​ជាតិ​ ដឹក​​​នាំដោយ​ ឯកឧត្តម​ ​ឧត្តម​​សេ​នីយ៍​​ឯក​ សៅ សារឿន អគ្គនាយករង អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ជា​ប្រធាន​​អនុ​​គណកម្មការ​ រៀប​​​ចំបុណ្យ​​សព​ថ្នាក់​​ឧត្តមសេនីយ៍ ឧត្តមនាវី ​​កងយោធពល​ខេមរភូមិន្ទ បាន​នាំ​យក​នូវ​​ថវិកា​គោល​​នយោបាយ​របស់​ក្រ​សួង​​កា​រ​ពារ​​ជាតិ​ ​ចំនួន​​ជាង ៣០ លាន រៀល ដើម្បី​ប្រគល់​​ជូន​​លោក​​ជំទាវ ជាភរិយា​​នៃ​​ក្រុម​គ្រួសារសពឯកឧត្តម ប៉ូច ឃៀង ដើម្បី​​រៀប​ចំ​ពិធី​បុណ្យទៅ​តាម​​ប្រពៃ​ណី​​​ព្រះពុទ្ធ​​សាសនា​ខ្មែរ​យើង ​​និង​​បែប​ពិធីការ​កងទ័ព។ ក្នុងនាម​​សម្តេចពិ​ជ័យសេនា​រដ្ឋមន្រ្តី​ក្រសួង​​ការពារ​ជាតិ, ​ឯកឧត្តម សៅ សារឿន បាន​បញ្ជាក់​​​ថា៖ ​ថវិកា​​ឧបត្ថម្ភ​សម្រាប់​ ពិធី​បុណ្យ​សព​នា​ពេល​នេះ​​គឺបាន​មក​ដោយ​​គំនិត​​ផ្តួច​ផ្តើម​ដ៏​​ថ្លៃ​ថ្លា​របស់​ ​សម្តេច​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្រ្តី ​នៃ​ព្រះ​រាជា​ណចក្រ​កម្ពុជា និង​​ថ្នាក់​ដឹក​​នាំ ​ក្រសួង​​ការ​ពារ​ជាតិ ​អគ្គមេ​បញ្ជាការ នៃកង​យោធពល​ខេមរ​ភូមិន្ទ ​ដែលជា​និច្ចកាល​ ​សម្តេច​តេជោ ​និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ ​តែង​​តែ​គិត​​គូរ ​​និង​​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​​ចំពោះ​​សុខ​​ទុក្ខ​​របស់​នាយទាហាន ​នាយ​ទា​ហាន​រង​​ និង​ពល​​ទា​ហាន​​​ទាំង​​អស់​​ក្នុង​​កង​​​​យោធ​​ពល​ខេមរភូមិន្ទ​ទោះ​​ស្ថិត​​​ក្នុង​ការ​គ្រប់​គ្រង​ ឬចូល​​និវត្តន៍​​​​​ ហើយ​ក៏​​ដោយ​​ ​​ក៏​រាជ​​រដ្ឋាន​​ភិបាល​កម្ពុជា​​តាមបី​​បាច់​​​ថែ​​រក្សា​​ជា​​និច្ច ដើម្បីជា​​ការ​លើក​ទឹកចិត្ត ដល់​ញាតិមិត្ត ​នៃ​ក្រុម​គ្រួសារ​សព។ មិន​ត្រឹម​តែប៉ុណ្ណោះ​​សម្តេច​ទាំង​ធ្វេរ​នូវ​បាន​កសាង​ជុំរំ​ជុំរក​ និង​ផ្ទះ​ស្នាក់​នៅ​ជូន​ក្រុម​គ្រួសារ​កង​ទ័ព​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​ថៃ ​ព្រម​ទាំ​ងបាន​កសាង​នូវ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង ​មជ្ឈមណ្ឌល​សម្រាប់​ជូន​យោធិន​ពិការ​ និង​បង​ប្អូន​គ្រួសារ​អតីត​យុទ្ធជន​យើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​​ចំនួន​នៅទូទាំង​ប្រទេស​។ ពិសេស​ថ្មីៗ​សម្តេច​​តេជោ​​បាន​​អញ្ជើញ​ ​ចុះ​ជួប​​សួរ​សុខទុក្ខ​ដោយ​ផ្ទាល់​បង​ប្អូន​ដែល​បាន​​បាត់​បង់​ជីវិត​ និង​រង​រមូស​ដោយ​​គ្រោះ​​ឧបទ្ទវ​​ហេតុ​ រលំ​បាក់​​អគារ​៧​​ជាន់​​នៅខេត្ត​ព្រះ​សីហនុ​ និង​បាន​ឧបត្ថម្ភ​ថវិកាចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ និង​អ្នក​រង​គ្រោះ​ក្នុង​ឧបទ្ទវ​ហេតុនោះ​ផង​ដែរ​។​ គ្រប់​គណៈ​ប្រតិភូ​​នា​នាក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​បាន​អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ដោយ​បាន​ សំដែង​​នូវ​​សមាន​ចិត្ត​ចូល​រួម​​រំលែកទុក្ខ​ជា​​មួយ​​លោ​ជំទាវ ​នៃ​ ក្រុម​​គ្រួ​សារ​​សព​​យ៉ាង​​ក្រៀម​​ក្រំ និង​​សោក​​ស្តាយ​​​ជា​ទី​បំផុត​​ចំពោះ​​ការ​បាត់​​បង់​នូវ ​នាយ​ទា​ហាន​​ជាន់​ខ្ពស់​ ​មួយ​រូបនៅ​ក្នុង​កង​ហោះ​ឧទ្ធម្ភាគចក្រ បញ្ជាការ​ដ្ឋាន​​ក​ងទ័ព​ជើង​អាកាស ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​​​កន្លង​មក​ ក្នុង​មួយ​ជីវិត​របស់​ ឯកឧត្តម​បាន​បំពេញការ​​ងារ​​យ៉ាង​សកម្មការ​ចូល​រួម​បំរើ​ក្នុង​បុព្វ​ហេតុជាតិ​ និង​ជា​ប្រភព​​ធន​​ធាន​មនុស្ស​ដ៏​កម្រ​ ដែល​​​ជាអ្ន​កមាន​​សមត្ថភាព​ ​ជំនាញ​​ច្បាស់​​លាស់​ ​​​ដែលបាន​បណ្តុះបណ្តាល​ ​នូវ​ប្រភព​ធន​ធាន​​វ័យ​ក្មេង​សម្រាប់​បន្ត​វេន​ពី​រៀប​ ច្បង​​របស់កង​ហោះ​ឧទ្ធម្ភាគចក្រ និង​​បាន​ចូលរួម​​ចំណែក​ក្នុង​បុព្វ​ហេតុ​សុខ​សន្តិភាព ​និង​ភាព​សុខ​សាន្ត​ជូន​​​ប្រជាជន​នៅ​គ្រប់​កាលៈ​ទេសៈ។ សូម​ឧទ្ទិ​សបួងសួង​​ ដល់​ដួង​​វិញ្ញាណ​ក្ខ័ន្ធ ​នៃ​សព​ ​ឯកឧត្តម ប៉ូច ឃៀង សូមបាន​ទៅ​​កាន់​​សុគតិ​ភព​គ្រប់ៗ​ ជាតិ​​កុំបី​ឃ្លៀង​ឃ្លាត​​​​ ឡើយ។ សូម​ប​ញ្ជាក់​ថា៖ សពឯកឧត្តម ប៉ូច ឃៀង នឹង​ប្រារព្ធ​ពិធី ​ដង្ហែរឆ្ពោះទៅ​ឈាបណដ្ឋាន​បូជានៅ​វត្តទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជ​ធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ