ព័ត៌មាន

គណៈ​ប្រតិភូ​មេ​បញ្ជា​កា​រ​សុខា​ភិបាល ​យោធា​អាស៊ាន​ ទស្សនកិច្ច​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​
នាយកដ្ឋានព័ត៌មាន(៣)
175
1090 គណៈ​ប្រតិភូ​មេ​បញ្ជា​កា​រ​សុខា​ភិបាល ​យោធា​អាស៊ាន​ ទស្សនកិច្ច​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​

    គណៈ​ប្រតិភូមេ​បញ្ជាការសុខា​ភិបាល យោធាអាស៊ាន លើកទី៩ ដែលដឹកនាំ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ព្រំ សត្ថារ័ត្ន នាយករង នាយកដ្ឋានសុខា​ភិបាល ក្រសួង​ការពារ​ជាតិ នាព្រឹក​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បាន​​អញ្ជើញ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ អំពីការ​វិត្តន៍​រីក​ចម្រើន​ផ្នែក​សុខា​ភិបាល​យោធា​កម្ពុជា​ នៅមន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​។ ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាយក​មន្ទីរពេទ្យ​​ព្រះកេតុមាលា

   ក្នុង​ឱកាស​អញ្ជើញ​ដល់​គណៈប្រតិភូមេបញ្ជាការ​សុខាភិបាល ​យោធាអាស៊ាន លើកទី៩ ត្រូវ​បាន​ការទទួល​​ស្វាគមន៍​ ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាយក​មន្ទីរពេទ្យ​​ព្រះកេតុមាលា រួមនឹង​​ឯកឧត្តម លោកជំទាវ ជានាយករង វេជ្ជបណ្ឌិត និងនាយទាហាន បុគ្គលិក នៃមន្ទីរពេទ្យ​ព្រះកេតុមាលា ​ជាច្រើ​នរូប​ទៀត។​ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ វេជ្ជបណ្ឌិត លី សុវណ្ណ នាយក មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​បាន​​មាន​ប្រសាសន៍​ថា៖  មន្ទីរពេទ្យ​ព្រះកេតុមាលា បានចាប់បើក​ដំណើរ​ការ​កកើត​ឡើង​វិញពី​​បាត​​​ដៃ​ទទេ នៅក្រោយថ្ងៃ​​រំដោះ​​ជ័យ​ជំនះ ៧មករា​ ឆ្នាំ១៩៧៩ ដែលកាល​នោះមាន​ឈ្មោះថា ​មន្ទីរពេទ្យ ១.៧៩ ដោយ​មាន​ការ​ជួយ​​ឧបត្ថម្ភ​គាំទ្រ និងវេជ្ជបណ្ឌិត​ជួយ​ពិនិត្យ​​ព្យាបាល​ជម្ងឺ​ពី​​សំណាក់​​កង​ទ័ព​ ស្ម័គ្រ​ចិត្ត​ប្រជាជន​វៀតណាម​។ ហើយជា​​បណ្តើរៗ​​យើង​បានខិតខំ​​បណ្តុះ​​បណ្តាល​​វេជ្ជបណ្ឌិត គិលានុប្បដ្ឋាកយិកា ​រហូត​ដល់​ឆ្នាំ១៩៨៩​​ ទើប​យើង​​បា​ន​ម្ចាស់​ការ​​ទាំង​​ស្រុង​លើការ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ដល់​យោធិន ​និង​ប្រជាពល​រដ្ឋ​កម្ពុជា​។​ បច្ចុប្បន្ន ​បានប្រែ​​ឈ្មោះ​​មក​ថា ​មន្ទីរពេទ្យព្រះកេតុមាលា ស្ថិតក្រោម​ក្រសួង​ការ​ពារ​ជាតិ​ ដោយ​បាន​ និង​​កំពុង​​អភិវឌ្ឍន៍​​​​នៅ​លើផ្នែក​វេជ្ជសាស្ត្រ និង​ពង្រឹងសមត្ថភាព​ខ្លួន​ក្នុ​ងការ​ពិនិត្យ​ព្យាបាល​ជម្ងឺ​​គ្រប់​ប្រភេទ ដើម្បី​ជួយ​​សង្រ្គោះ​​​​ដល់​អាយុជីវិតយោធិន និង​​ប្រជាជនកម្ពុជា។ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បានបញ្ជាក់ដែរថា៖ បច្ចុប្បន្ន​​មន្ទីរពេទ្យ​ត្រូវ​បានទទួល​ស្គាល់​​​ពី​​ ថ្នាក់​ដឹកនាំក្រសួង​ការពារ​ជាតិ ​ក្រសួង​​សុខាភិបាល និង ទំនុកទុក​​ចិត្តពី​​ប្រជាជន​កម្ពុជា​។ ហើយអ្វីៗដែល​សម្រេច​បាន​ ​និងទទួល​​បានមកនេះ ក៏ដោយ​សារ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​​ផង​ដែរ​ ​​​​ពី​សំណាក់កង​ទ័ព​ប្រជាជន​វៀត​ណាម ​និង​​ក្រសួង​​ការពារ​ប្រទេស​​វៀត​ណាម និង កងទ័ព​រំដោះ​​ប្រជាជន​ និង​ក្រសួង​​ការពារជាតិ​ចិន ​នៅលើផ្នែក​សម្ភារៈ​បរិក្ខា​ ​និង​​សំណង់​អគារសម្រាក​​ពិនិត្យ​​ព្យាបាល​ ជម្ងឺ​ផង​ដែរ​។ 

     ក្នុង​ឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍​ទោ ​វេជ្ជ​បណ្ឌិត​ ព្រំ វិសេស នាយក​រង មន្ទីរពេទ្យ​ព្រះកេតុ​មាលា ឯកទេស​បេះដូង បានធ្វើ​បទ​បង្ហាញ​ដល់​គណៈប្រតិភូ​មេ​បញ្ជាការ​សុខាភិបាល យោធា​អាស៊ាន ស្តីអំ​ពី​​ការ​វិវត្តន៍​រីកចម្រើន​នូវ​អគារបេះដូង​ និង​សរសៃឈាម នៃមន្ទីរ​ពេទ្យ​​ព្រះ​កេតុមាលា។ ឯកឧត្តម វេជ្ជបណ្ឌិត បានឲ្យ​ដឹងដែរថា អគារជម្ងឺបេះដូង​ និង​សរសៃឈាម បានបើកដំណើរការ​នៅ​ក្នុង​ឆ្នាំ២០១៥ ដោយមាន​​កិច្ច​សហប្រតិបត្តិការ​ និង​ការ​ជួយ​​ឧបត្ថម្ភ​ពី​ក្រសួង​ការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​បច្ចុប្បន្ន​យើង​មាន​លទ្ធភាព​ និង​​សមត្ថ​ភាព​គ្រប់​គ្រាន់​​ ក្នុង​ការ​ពិនិត្យ​ព្យាបាល​​ជម្ងឺ​បេះដូង ​ជូន​ដល់​​យោធិន និង​​ប្រជាជន​កម្ពុជា​។​ គួរបញ្ជាក់​ដែរ​ថា​៖ នេះជា​លើក​ទី១​ ដែល​កម្ពុជារៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ កិច្ចប្រជុំមេ​បញ្ជាការ​​សុខា​​ភិបាល​ យោធាអាស៊ាន លើកទី៩ ក្នុងគោលបំណង​ពង្រឹង​ពង្រីក​​ការ​រឹត​ចំណង​​សាមគ្គីភាព និង​​​កិច្ច​សហប្រតិបត្តិការ​នៅ​លើ​វិស័យ សុខាភិបាល​យោធា នៃ​បណ្តា​ប្រទេស​​អាស៊ាន​​ទាំ​ង​១​០ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ