ព័ត៌មាន

សម្ពោធអគារ​ ១០​ ខ្នង​ជា​អំណោយ​របស់​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
81
1052 សម្ពោធអគារ​ ១០​ ខ្នង​ជា​អំណោយ​របស់​វៀត​ណាម​

     អគារចំនួន 10 ខ្នងដែលជាអំណោយរបស់បញ្ជាការដ្ឋានយោធា ទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់ជូនដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ត្រូវ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃទី 7 ​ខែមិថុនាឆ្នាំ ​2019 ក្រោម​អធិបតី​ភាព ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក ​ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​​ជា​មេ​បញ្ជាការ​កង​ទ័ពជើងគោក ។

      ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា៖ ក្រោមកិច្ច​សហប្រតិបត្តិការ​សម្ព័ន្ធ​មេត្រីភាពរវាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាមួយបញ្ជាការដ្ឋាន​យោទី​ក្រុង​ហូជីមិញ​ អង្គភាព​តំបន់ប្រតិបត្តិការសឹករង​កំពង់​ធំ​ពិត​ជា​ទទួល​បាន​នូវ​ការ​ប្រែប្រួល​រីក​ចម្រើន​ផ្នែក​អគារ​ធ្វើការ ​អាគារទទួលភ្ញៀវនិង អាគារស្នាក់នៅ បានរីកដុះដាលយ៉ាងហួសពីការស្មានដែលបានធ្វើឲ្យបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំប្រែមុខ ប្រែមាត់ទាំងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក និងនៅតាមវរសេនាតូច ផ្នែកសឹករងចំណុះ ដែលបានធ្វើឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ មានលទ្ធភាពភាពក្នុងការពង្រឹងនិរន្តភាពការងារខ្លួនបានកាន់តែប្រសើរឡើង។ឯកឧត្តម បានបញ្ចាក់ទៀតថា៖ សមិទ្ផលដែលទទួលបាននៅពេលនេះ បានដែលកើតចេញក្រោមជំនួយឧបត្ថម្ភរបស់ភាគីមិត្តបញ្ជាដ្ឋានយោធាទីក្រុងហូជីមិញនិងការរីកចម្រើននានាផ្សេងទៀតរបស់អង្គភាពក៏ដូចជារបស់សង្គមជាតិទាំងមូលគឺអាស្រ័យដោយកត្តាសុខសន្តិភាព។ 

       លោកវរសេនីយ៍ឯក ឡេ ង៉ុកហាយ អនុប្រធានគណបញ្ជាការ យោធាទីក្រុងហូជូមិញ និង ជាម្ចាស់អំណោយ បានមានប្របសាសន៍ថា៖អាគា 10ខ្នងដែល បានសម្ពោធនាថ្ងៃនេះគឺជាសាក្សីច្បាស់បញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តការរវាងកងទ័ពទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ និង រីកចំរើន ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក

       ក្នុងនាមឱ្យកងទ័ពជើងគោក ឯកឧត្តម ហ៊ុនម៉ាណែត បានថ្លែងអំណរគុណដល់សាធារណរដ្ឋសង្គមនិយមវៀតណាមជាពិសេសបក្ស រដ្ឋ កងទ័ព និង ប្រជាជនទីក្រុងហូជីមិញ ព្រមទាំងសប្បុរសជនដែលកន្លងមកបានជួយឧបត្ថម្ភដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ការជួយឧបត្ថម្ភនា​ពេលនេះ បាន​ឆ្លុះបញ្ចាំង​អោយ​ឃើញពី​ទំនាក់​ទំនង​មិត្តភាព សាមគ្គីភាព និង កិច្ចសហការល្អ រវាងកងទ័ព និង ប្រជាជនប្រទេសយើងទាំងពីរ ក៏ដូចជាកិច្ចសហប្រតិការរឹងមាំលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ស្របតាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិត​ថេរ​យូរអង្វែង។ លទ្ធផលនៃកិច្ចសហការដ៏ល្អរវាងកងទ័ពទាំងពីរនេះមានរយៈពេលកន្លងមកបានជួយរួម​ចំណែ​កយ៉ាង​សំខាន់​ក្នុង​ការធ្វើ​ ឲ្យ​ទំនាក់​ទំនង​មិត្ត​ភាព​ជា​ប្រពៃណី​រវាង​កង​ទ័ព​ និង​ប្រជាជនប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​រឹង​មាំ ​និង​ប្រកប​ទៅ​ដោយ​ការ​យោគ​យល់​គ្នា​ នឹង​ការជឿទុកចិត្តគ្នា ធានាបាននូវតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព ​កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទប់ស្កាត់បាននូវបទល្មើសឆ្លងដែនគ្រប់ប្រភេទ និង បង្កលក្ខណៈងាយស្រួលដល់ប្រជាជនទាំងពីររស់នៅក្នុងភាពសុខសាន្ត ។នៅក្នុងឱកាសនោះបន្ទាប់ពី ឯកឧត្តម ហ៊ុនម៉ាណែត បានបំពាក់គ្រឿងឥស្សរិយយសរបស់ ព្រះ​រាជាណាចក្រកម្ពុជាជូន សប្បុរសជននានាដទៃទៀត ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​ការ​កសាង ​អង្គ​ភាព​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ​រួច​មក ឯកឧត្តម ហ៊ុនម៉ាណែត និង លោកវរសេនីយ៍ឯក ឡេ ង៉ុកហាយ អនុប្រធានគណបញ្ជាការ យោធាទីក្រុងហូជូមិញ បានអញ្ជើញទៅកាត់ខ្សែបូរសម្ពោធបើកអោយប្រើប្រតាស់ជាផ្លូវការនូវអគារទាំង ១០ ខ្នង ចាប់ពីពេលនេះតទៅ ។ សូមបញ្ជាក់ថា៖ អាគារ ទាំង ១០ ខ្នងដែលត្រូវបានដាក់សម្ពោធនាពេលនេះ ត្រូវបានសាងសង់នៅតាមផ្នែកសឹករង ក្រុង ស្រុកទាំង ៨ និង នៅវរសេនាតូចទាំងពីរ របស់ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលអគារនីមួយនីមួយមានទំហំ 194 ម៉ែត្រក្រឡា ធ្វើពីឥដ្ឋ ប្រក់ក្បឿង និង មានបន្ទប់ទឹកមួយនៅខាងក្រៅអគារ ដែលសរុបថវិកាសាងសង់ទាំងអស់ មានចំនួន ៤៣៥ ០០០ ដុល្លារអាមេរិក ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ