ព័ត៌មាន

អង្គការ​សហ​ប្រជា​ជាតិ​ ស្ញប់​ស្ញែង​ចំពោះ​ការ​លះ​បង់​របស់​កង​កម្លាំង​កម្ពុជា​ ក្នុង​បេសក​កម្ម​រក្សា​សន្តិ​ភាព​លើ​ពិភព​លោក​
នាយកដ្ឋានព័ត៌មាន(៣)
333
1013 អង្គការ​សហ​ប្រជា​ជាតិ​ ស្ញប់​ស្ញែង​ចំពោះ​ការ​លះ​បង់​របស់​កង​កម្លាំង​កម្ពុជា​ ក្នុង​បេសក​កម្ម​រក្សា​សន្តិ​ភាព​លើ​ពិភព​លោក

    អង្គការ​សហប្រជាជាតិ​តាម​រយៈ​ទំព័រ​ Facebook ​ផ្លូវការ​របស់​ខ្លួន​ដែល​មាន​អ្នក​ Like​ ជាង ​៤​លាន​ នៅថ្ងៃ​ទី​២៤ ​ខែឧ​សភា ​ឆ្នាំ២០១៩​នេះ ​បាន​បង្ហោះ​រូប​ភាព​កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​មួយ​សន្លឹក​ មាន​ទាំង​កង​កម្លាំង​ជា​នារី​ និង​បុរស​ឈរ​ជុំ​គ្នា​ជា​មួយ​ស្នាម​ញញឹម​យ៉ាង​ស្រស់​ស្រាយ​។ ជា​មួយ​នឹង​ការ​បង្ហោះ​រូបភា​ព​មួយ​សន្លឹ​កនេះ​ អង្គការ​សហ​ប្រជាជាតិ ​ក៏​បាន​សរសេរ​នូវ​អត្ថបទ​ខ្លី​មួយ​ដោយ​បាន​អរគុណ ​និង​ស្ញប់​ស្ញែង​ចំពោះ​ការ​លះ​បង់​របស់​កង​កម្លាំង​មួក​ខៀវ​របស់​កម្ពុជា ​ដើម្បី​ចូល​រួម​ក្នុង​បេសក​កម្ម​រក្សាសន្តិភាព​នៅ​ជុំវិញ​ពិភព​លោក​។

 ​​   អង្គការ​សហប្រជាជាតិ ​បាន​សរសេរ​រៀប​រាប់​យ៉ាង​ដូច្នេះ «​កង​កម្លាំង​ស្ត្រី ​និង​បុរស​ដ៏​អង់​អាច​ក្លាហាន​មក​ពី​ប្រទេស​កម្ពុជា ​សុខ​ចិត្ត​ចាក​ចេញ​ពី​គ្រួសារ​របស់​ពួកគេ​ ដើម្បី​បំពេញ​បេសកកម្មរក្សា​សន្តិភាព​ជា​មួយ​អង្គការ​សហ​ប្រជាជាតិ ​នៅ​ជុំវិញ​ពិភព​លោក។​ ​យើង​ពិត​ជា​អរគុណ​ដល់​ពួក​គេ​ចំពោះ​ការ​ងារ​ និង​ការ​លះ​បង់​របស់​ពួក​គេ​»​។​ រូបភាព​មួយ​សន្លឹ​កនេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ផង​ដែរ​ពី​អ្នក​លេង​បណ្តាញ​សង្គម​នៅ​កម្ពុជា ​និង​តាម​បណ្តា​ប្រទេស​នានា។​ ​អ្នក​លេង​បណ្តាញ​សង្គម​ Facebook​ បាន​ចូល​ទៅ​ចុច​ចូល​ចិត្ត​ (Like) ​ស្រឡាញ់ ​(Love) ​និង​ចែក​រំលែក ​(Share)​ រាប់​ពាន់​ផង​ដែរ​។​

    សូម​បញ្ជាក់ ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ចិត្ត​បញ្ជូន​កង​កម្លាំង​ចូល​រួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​លើ​ពិភព​លោក​ក្រោម​ទង់​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​២០០៦​។ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​ដែល​ជា​អ្នក​សម្រេច​ចិត្ត​លើ​ការ​ងារ​នេះ ​ធ្លាប់​បាន​បញ្ជាក់​ថា​៖ ការ​សម្រេច​ចិត្ត​បញ្ជូន​កង​កម្លាំង​ចូល​រួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ជា​មួយ​អង្គការ​សហ​ប្រជាជាតិ​នេះ ​គឺ​ជាការ​សម្រេច​ចិត្ត​​ដ៏​លំបាក​បំផុត ​ព្រោះ​ត្រូវ​ប្រឈម​នឹង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ជា​មួយ​ជាតិ​ និង​ក្រុម​គ្រួសារ​របស់​កង​កម្លាំង​ប្រសិន​បើ​កង​កម្លាំង​ទាំង​នេះ​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗ ​ឬ​ដល់​អាយុ​ជីវិត​ជា​ដើម​នោះ​។​ 

    របាយការណ៍​បាន​បង្ហាញ​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ម​ក​ កម្ពុជា ​បាន​បញ្ជូង​កង​កម្លាំង​មួក​ខៀវ​ចេ​ញទៅបំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេ​សនានា​ចំនួន ​៦,០៥៣​នាក់​ នារី ​២៨៥​នាក់។​ ប្រទេស​ដែល​កង​កម្លាំង​កម្ពុជា​បាន​ចូល​រួម​បំពេញ​បេសកកម្ម​នោះ​មាន​ដូច​ជា៖​ សាធារណរដ្ឋ ​ស៊ូដង់​ខាង​ត្បូង ​លីបង់​ សាយ​ប្រឺស​ ស៊ីរី ​ឆាដ​ ម៉ាលី ​និង ​អាហ្វ្រិ​កកណ្តាល​ជា​ដើម។​ បច្ចុប្បន្ន​កង​កម្លាំង​កម្ពុជា ​៧៩៧នាក់ ​មាន​នារី​ ៥៤​នាក់ ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នេះ​។​ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​បាន​រួម​ចំណែក​ធំ​បំផុត​ក្នុង​អាស៊ាន ​ដែល​បាន​មាន​កម្លាំង​រក្សា​សន្តិភាព​កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​បណ្តា​ប្រទេស​នានា។​ ​កម្ពុជា​ ក៏​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ ​ឱ្យ​ចំណាត់​ថ្នាក់​លេខ​២៩​ ផ្នែក​បុរស​ និង​នារី​លេខ​១៧​ ក្នុង​ចំណោម ​១២២​ប្រទេស ​ដែល​បាន​ចាត់​កង​កម្លាំង​ទៅ​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​ របស់​អង្គកា​រសហ​ប្រជាជាតិ​។​ កង​កម្លាំង​កម្ពុជា ​ក៏​ធ្លាប់​បាន​រង​គ្រោះ​រហូត​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​ និង​ការ​វាយ​ប្រហារ​ផ្សេងៗ​ផង​ដែរ ​ពេល​បំពេញបេសកកម្ម​នេះ។​ បើ​ទោះ​បី​ជា​យ៉ាង​ណា​ សម្តេច​តេជោ ​ហ៊ុន​ សែន​ តែង​បាន​ប្រកាស​បង្ហាញ​ពី​ជំហរ​ដ៏​រឹង​មាំ ​និង​មិន​ចុះ​ញម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​កា​រ​ចូល​រួម​ក្នុង​បេសកកម្ម​ជា​មួយ​អង្គការ​សហ​ប្រជាជាតិ ​ដើម្បី​រក្សា​សន្តិភាព​ជូន​បណ្តា​ប្រទេស​កំពុង​មាន​វិបត្តិ​សង្គ្រាម​។​ ក្នុង​នាម​ជា​មេដឹក​នាំ​ក្នុង​ប្រទេស​ធ្លាប់​ញាំញី​ដោយ​វិបត្តិ​ភ្លើង​សង្គ្រា​ម និង​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អង្គការ​សហប្រ​ជា​ជាតិ​ដែរ​នោះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​មិន​ត្រឹម​តែ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ជំហរ​ក្នុង​បេសក​កម្ម​មួយ​នេះ ​ថែម​ទាំង​បាន​ប្រកាស​ប្តេជ្ញា​ចូល​រួម​ក្នុង​បេសក​កម្ម​នេះ​ឱ្យ​កាន់​តែ​សកម្ម​ និង​ក្លៀវ​ក្លា​ថែម​ទៀត​ផង​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ