ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ ជួប​ប្រតិភូ ​បង់​ក្លា​ដេស​
នាយកដ្ឋានព័ត៌មាន(៣)
244
1006 ឯកឧត្តម​ នាង​ ផាត​ ជួប​ប្រតិភូ ​បង់​ក្លា​ដេស​

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង​ ផាត​ រដ្ឋលេខាធិការ​​ក្រសួង​​ការ​ពារ​ជាតិ ​នា​ព្រឹក​ថ្ងៃទី១៧​ ខែ​ឧសភានេះ​​  បាន​អនុញាតិ​ឲ្យ​គណៈ​ប្រតិភូ​មហា​វិទ្យាល័យ​បញ្ជាការសេនា​ធិការ​ បង់​ក្លា​ដេស ​ដឹក​នាំ​ដោយ​ ឯ.ឧ ​ឧត្តម​សេនីយ៍​ទោ ​អេ​នៀ​យេត​ យូ​លាស់​ (Eneayet Ulah) ចូល​​ជួប​សំដែង​​ការ​គួរ​សម ​នៅ​វិមាន​មិត្ត​ភាព ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​។

       នៅ​ក្នុង​កិច្ច​ជំនួបនោះ​ ឯ.ឧ ​ឧត្តម​សេនីយ៍​ទោ ​អេ​នៀ​យេត​ យូ​លាស់​ (Eneayet Ulah) បាន​មាន​ប្រសាសន៍​ថា​៖ បាន​សម្តែង​នូវ​ការ​កោត​សរសើរ ​និង​វាយ​តម្លៃ​​ខ្ពស់​ចំពោះ​ការ​វិវត្តន៍​​រីក​​ចម្រើន​របស់​ ព្រះរាជាណាចក្រ​កម្ពុជា ​និង​ខ.ភ.ម ​នា​ពេល​បច្ចុប្បន្ន​។ ឯ.ឧ​ ឧត្តម​សេនីយ៍​ទោ ​បាន​បញ្ជាក់​ថា​៖ ទោះបី​កិច្ច​ព្រម​ព្រៀម​ នៃ​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពីរ ​បង់​ក្លាដេស ​និង​កម្ពុជា ​មិន​ទាន់​បាន​ចុះ​ហត្ថ​លេខា​ក៏​ដោយ​ តែ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការ​ដក​បទ​ពិសោធន៍​​ស្វែង​​យល់​​ពី​គ្នា​ទៅ​វិញ ​ទៅ​មក​។ ឯ.ឧ ​ឧត្តម​សេនីយ៍ទោ ​បាន​គូស​​បញ្ជាក់​ថា​ មហា​វិទ្យាល័យ​បញ្ជាការ​ សេនា​ធិការ​ បង់ក្លាដេស ​បាន​បើក​ទូលាយ​រង់​ចាំ​ទទួល​នាយ​ទាហាន​កម្ពុជា ​ទៅ​សិក្សា​ និង​​ដក​បទ​ពិសោធន៍​ជា​មួយ​នឹង​គ្នា​។ ឯ.ឧ ​បាន​លើក​ឡើង​ថា ​ប្រទេស​កម្ពុជា ​និង​បង់​ក្លាដេស ​មាន​ប្រពៃណី​ស្រដៀង​គ្នា​ ហើយ ​បាន​ឆ្លង​ កាត់​នូវ​សង្គ្រាម​ស៊ីវិល​ដូច​គ្នា​។​ សង្ឃឹម​ថា ​ទំនាក់​ទំនង​​​នៃកងទ័ព​​ ​នៃ​ប្រទេស​​យើង​​ទាំ​ងពីរ ​បង់​ក្លាដេស​-​កម្ពុជា ​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ​ក្នុង​សហប្រតិ​បត្តិ​ការ​​សន្តិ​សុខក្នុង​តំបន់។​ ឯកឧត្តម​ ក៏​បាន​ថ្លែង​​នូវ​​អំណរ​គុណ​ផង​ដែរ​ ការ​ទទួល​​បដិ​សណ្ឋាកិច្ច​​យ៉ាង​កក់​ក្តៅ ​ពី​សំណាក់ ​ថ្នាក់​ដឹក​នាំក្រសួង​ការ​ពារ​ជាតិ ​និង​ខ.ភ.ម​។ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង​ ផាត​ រដ្ឋលេខាធិការ​​ក្រសួង​​ការ​ពារ​ជាតិ និងឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​អេ​នៀ​យេត​ យូ​លាស់​ (Eneayet Ulah)គណៈ​ប្រតិភូ​មហា​វិទ្យាល័យ​បញ្ជាការសេនា​ធិការ​ បង់​ក្លា​ដេស

      មាន​ប្រសាសន៍​តប​ក្នុង​ឱកាស​នោះដែរ​ ឯ.ឧ ​នាង ​ផាត​ ​បាន​សំដែង​​ការ​ស្វាគមន៍​ចំពោះ ឯ​.ឧ​​ ឧត្តម​​សេនីយ៍​ទោ អេ​នៀ​យេត ​យូ​លាស់​ (Eneayet Ulah) ព្រម​ទាំង​សហការី ​ដែល​បាន​មក​បំពេញ​ទស្សន​​កិច្ច​សិក្សា​ស្វែង​យល់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នា​ពេល​នេះ,​ ហើយ​បាន​ចាត់​ទុក​ថា ​តាម​រយៈ​​នៃ​​ដំណើរ​បំពេញ​ទស្សនកិច្ច​សិក្សា​នេះ ​គឺ​បាន​​ពង្រឹង​ពង្រីក​ថែម​ទៀត ​នូវ​ការ​រឹត​ចំណង​មិត្តភាព ​សាមគ្គី​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​​ដ៏​ល្អ​ រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពី​រ ពិសេសការ​ផ្លាស់​ប្តូរ​នូវ ​ពិសោធន៍​ល្អៗ​ រវាង​កង​ទ័ព​វ័យ​ក្មេង​ កម្ពុជា​ និង​បង់​ក្លាដេស។​ ឯ.ឧ ​​រដ្ឋ​លេខា​ធិការ ​នាង​ ផាត ​ក៏​បាន​លើក​ឡើង​ថា​ នឹង​ខិត​ខំយ៉ា​ងណា​​ជំរុញ​​ឲ្យ​កិច្ច​ព្រម​ព្រៀងនៃ​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពីរ​ ឈាន​ដល់​ការ​ ចុះ​ហត្ថលេខា ​ជា​មួយ​គ្នា​​​នាពេល​​ខាង​មុខ ​ដើម្បី​ងាយ​ស្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ ​កម្ពុជា ​និង​ ​បង់ក្លាដេស ​បានកា​ន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។​  ឯកឧត្តម​ នាង ​ផាត​ បាន​ជូន​ពរ​គណៈប្រតិភូ​​មហា​វិទ្យាល័យ​បញ្ជាការ​​សេនាធិការ ​បង់​ក្លា​ដេស ​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​ដំណើរ​​បំពេញ​​ទស្សន​​កិច្ច​សិក្សា ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ