នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន ក្នុងនាមអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់អគារ ស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលសព្វថ្ងៃក្រុមជាងកំពុងតែដំណើរសាងសង់ ឲ្យបានរួចរាល់ទៅតាមគម្រោងប្លង់ច្ចេកទេស។ អគារស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជានេះ មានបណ្តោយ២៦ម៉ែត្រ និងទទឹង៣៧ម៉ែត្រ មានកម្ពស់ពីរជាន់ ដែលចាប់ផ្តើមដំណើរសាងសង់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកទល់នឹងពេលនេះ មានរយៈកាលជិត៦ខែហើយ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលដំណើរសាងសង់ អគារស្នាក់ការកណ្តាលនោះ ឯកឧត្តម មាស សាវ៉ន បាន មានប្រសាសន៍ថា៖ នេះជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់សមាគមអតីតយុទ្ធជនកម្ពុជា ហើយអាគារនេះ គឺជាអាគារដ៏សំខាន់មួយ សម្រាប់សមាគមមានកន្លែងធ្វើការបានល្អផង និងសម្រាប់បំរើសេវាសាធារណ:ជូនបងប្អូនអតីតយុទ្ធជនបានទាន់ពេលវេលាផង។ ឯកឧត្តម មាស សាវ៉ន បានបន្តទៀតថា៖ សមាគមអតីតយុទ្ធជន កម្ពុជាមានការងារជាច្រើនដែលត្រូវបំរើ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ដើម្បីឆ្លើយតបឲ្យបានសក្តិសមទៅនឹងគុណបំណាច់បំរើជាតិ។ ដូចនេះយើងត្រូវមានកន្លែងធ្វើការស្អាត ហើយក៏ត្រូវខិតខំធ្វើការបំរើអតីតយុទ្ធជនយើងឲ្យបានល្អថែមទៀតផងដែរ។ ឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់សំណង់ ត្រូវយក ចិត្តទុកដាក់សាងសង់ឲ្យបានត្រឹមត្រូវតាមគម្រោងប្លង់បច្ចេសទេស ហើយក៏ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពខ្លួនយើងផង ដែរកុំឲ្យមានការធ្វេសប្រហែស ខ្លាចមានបញ្ហាណាមួយកើតឡើងជាយថាហេតុ គ្រោះថ្នាក់ដល់អាយុជីវិត ៕