អតីតយុទ្ធជនពិការ លោក ឯក លន់ បានទទួលខ្នងផ្ទះលើកទី១២០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានផ្តល់ជូនអតីតយុទ្ធជនពិការ ដែលមានជីវភាពខ្វះខាតតាមរយៈ ឯកឧត្តម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសាងសង់រួច និងមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ សាងសង់ពីឈើខ្ពស់ផុតពីដី ក្រាលរនាប និងជញ្ជាំងក្តារ ប្រក់ស័ង្កសី ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន៧,២៥០,០០០រៀល។ ការប្រគល់ផ្ទះជូនអតីតយុទ្ធជនពិការ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពូជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដែលជាអំណោយខ្នងផ្ទះលើកទី១២០របស់ សម្ដេចតេជោ ហ៊ុន សែន សម្រាប់អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានផ្តល់ដល់ជូន លោក ឯក លន់ ជាអតីតយុទ្ធជនពិការ មានភរិយាឈ្មោះ ផៃ វ៉េត អាយុ៣៧ឆ្នំា មានកូនតូចៗនៅក្នុងបន្ទុកចំនួន២នាក់ បច្ចុប្បន្នរស់នៅភូមិកោះឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក ឯក លន់ មានអាយុ៤៣ឆ្នំា ធ្លាប់បម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨៩ នៅអង្គភាពកងពលតូចលេខ១២ ឈរជើងនៅតំបន់អានសេះស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបានត្រូវរបួសពិការនៅឆ្នាំ១៩៩៧ បច្ចុប្បន្នលោក និងភរិយារស់នៅជ្រកកោនផ្ទះតូចចង្អៀត ជាមួយបងប្អូនហើយប្រកបមុខរបរនេសាទត្រី សម្រាប់ចិញ្ចឹមគ្រួសារ រស់នៅក្នុងជីវភាពលំបាកខ្វះខាត។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ
នៅក្នុងពិធីប្រគល់ផ្ទះជូន លោក ឯក លន់, ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឧបត្ថម្ភជូនបន្ថែម មានអង្ករ៥០គ.ក មីយើង២កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ មុងជ្រលក់ថ្នាំចំនួន២ និងថវិកាចំនួន ២១០,០០០រៀលផងដែរ។ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានចូលរួមអបអរសាទរ ចំពោះក្រុមគ្រួសាររបស់លោក ឯក លន់ អតីតយុទ្ធជនពិការ ដែលបានទទួលផ្ទះថ្មីពី សម្តេចតេជោហ៊ុន សែន ដែលសម្តេចបានយកចិត្តទុកដាក់មកលើ អតីតយុទ្ធជន គ្រប់រូបដែលកំពុងតែជួប និងការលំបាក និងមានជីវភាពខ្វះខាត ដែលត្រូវបានមើលថែទាំពីសមាគម អតីតយុទ្ធជនខេត្តកំពង់ធំជាប្រចាំ ដែលបានដឹកនាំដោយ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះជួយដោះស្រាយគ្រប់ទិសទី ធ្វើឲ្យអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ មិនអស់សង្ឃឹមចំពោះការលះបង់ និងការធ្វើពលីកម្មរបស់បងប្អូននាពេលកន្លងមក ៕