នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់កងឯកភាពចំណុះយោធភូមិភាគទាំងអស់ ត្រូវគោរពច្បាប់រដ្ឋ ព្រមទាំងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតរាល់ទង្វើញុះញុងទាំងឡាយណារបស់ពួកអគតិដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះជាប្រសាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានថ្លែងក្នុងកិច្ចប្រជុំបូកសរុប ការងារយោធា ប្រចាំខែឧសភា និងទិសដៅអនុវត្តបន្តខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមរបស់ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងទាំងពីរ និងកងឯកភាពចំណុះយោធភូមិភាគជាច្រើនរូបទៀត។លោកវរសេនីយ៍ឯក សួន មុនីសារ៉ា នាយការិយាល័យទី៣ យោធភូមិភាគពិសេស អានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាប្រចាំខែឧសភា
ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារយោធាប្រចាំខែឧសភា និងទិសដៅអនុវត្តបន្តខែមិថុនា ឆ្នាំ ២០១៩ ដែលអានដោយ លោកវរសេនីយ៍ឯក សួន មុនីសារ៉ា នាយការិយាល័យទី៣ យោធភូមិភាគពិសេសនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ បានលើកឡើងពីលទ្ធផល ស្នាដៃដែលយោធភូមិភាគ និងតំបន់ប្រតិបត្តិការសឹករងទាំងពីរសម្រេចបានក្នុងការចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ច បង្ក្រាបរាល់បទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រទទួលខុសត្រូវបានជាបន្តបន្ទាប់ ពិសេសហការធានាសន្តិសុខ សណ្តាប់ធ្នាប់ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យទន្លេរនៅខេត្តកំពង់ឆ្នាំនារយៈពេលកន្លងមកនេះ ដោយមានការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះដែរ កម្លាំងកងការពារព្រំដែនលេខ៦០១ បានសហការជាមួយកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៥ ខេត្តកណ្តាល ចុះត្រួតពិនិត្យ តាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងចូលរួមទុបស្កាត់បទល្មើស ឆ្លងដែនខុសច្បាប់ផ្សេងៗជាដើម។ លើការងារ ហ្វឹកហ្វឺនរៀនសូត្រគ្រប់កងឯកភាពចំណុះបានហ្វឹកហ្វឺនវគ្គរៀបរយ និងការងារផ្សព្វផ្សាយ អប់រំចិត្តសាស្ត្រព្រមទាំង ការងារដោះស្រាយគោនយោបាយជូនក្រុមគ្រួសារអតិតយុទ្ធជនផងដែរ។ ក្រៅពីនេះនៅបានជួសជុលថែរក្សានូវរាល់គ្រឿងបំពាក់ និងការជួសជុលជុំរំជុំរកស្នាក់ បានជាបន្តបន្ទាប់។ ចំពោះការងារធានាជីវភាពរស់នៅរបស់កងទ័ព កម្លាំងយើងបានចូលរួមយ៉ាងផុលផុសក្នុងការងារដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដោយបានទទួលការកោតសរសើរ និងលើកទឹកចិត្តពីថ្នាក់ក្រសួងការពារជាតិ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការ យោធភូមិភាគពិសេស បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបាយការណ៍ ដែលសម្រេចបានល្អក្នុងខែឧសភា កន្លងមកនេះ និងទិសដៅអនុវត្តបន្តខែមិថុនា ខាងមុខនេះត្រូវបន្តសហការនូវប្រពៃណីដ៏ល្អនេះបន្ថែមទៀត។ ឯកឧត្តមមេបញ្ជាការយោធភូមិភាគ បានជំរុញលើកទឹកចិត្តដល់ជំនាញ បន្តអនុវត្តលើការងារហ្វឹកហ្វឺនរៀនសូត្រ អប់រំចិត្តសាស្ត្រ ដើម្បីបង្កើនមនសិការស្នេហាជាតិ និងពង្រឹងសមត្ថភាពដល់យោធិនគ្រប់រូប ឲ្យមានសមត្ថភាព និងឆន្ទះក្នុង បេសកកម្មការពារបូរណភាពទឹកដី។ ពិសេសត្រូវបំផុសឲ្យយោធិនគ្រប់រូប ឲ្យចូលរួមក្នុងចលនាប្រឡងប្រណាំ លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីជួយលើកកំពស់ ជីវភាពរស់នៅរបស់កងទ័ពឲ្យបានសមរម្យ ព្រមទាំងរស់នៅស្អាតជានិច្ច។ បន្តការពារនូវសុខសន្តិភាព និងសហការជាមួយកម្លាំងមានសមត្ថកិច្ចក្នុងការធានាការពារឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ នៅភូមិសាស្ត្រដែលយោធភូមិភាគទទួលខុសត្រូវ និងបន្តរក្សាប្រពៃណីដ៏ល្អជាមួយបងប្អូនប្រជាពលរដ្ឋ រាល់គ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ៕