ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃ ខ ភ ម បាន ជម្រុញឲ្យ ថ្នាក់ដឹកនាំ យោធាចារ្យ មន្ត្រីបំរើការ និងនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១១ និងនាយទាហានបន្តវេនជំនាន់ទី១២ និងនិស្សិតនាយទាហាន គ្រប់ជំនាន់ ដែលកំពុងបំពេញការងារ និងកំពុងបំពេញកម្មសិក្សាហ្វឹកហ្វឺនជំនាញយោធា នៅក្នុងវិទ្យាស្ថានទ័ពជើងគោកទាំងអស់ ត្រូវបន្តពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទះប្រជាជន និងការគាំទ្ររបស់រាជរដ្ឋាភិបាល គឺជាភាពជោគជ័យក្នុងការទទួលបានសុខសន្តិភាព និងភាពរីកចម្រើននាពេលកន្លងមក។ ជាមួយគ្នានោះដែរ អស់លោកក៍ត្រូវបន្តពង្រឹងថែមទៀត លើការគាំទ្រប្រមុខរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តម បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បណ្ទុះបណ្តាលនាយទាហានទ័ពជើងគោកជំនាន់ទី១១ នៅវិទ្យាស្ថានទ័ពជើងគោកនៃ ខ ភ ម ថ្លុកតាសេក ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក
ក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បើកវគ្គដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក បានគូសបញ្ជាក់ថា៖ វិទ្យាស្ថានទ័ពជើងគោកនៃ ខ ភ ម អនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ព្រមទាំងបានកិច្ចសហការដ៍ល្អពីថ្នាក់ដឹកនាំទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ និងដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គមេបញ្ជាការនៃ ខ ភ ម ពិសេសប្រធានគណៈកម្មការហ្វឹកហ្វឺននៃ ខ ភ ម វិទ្យាស្ថានបានដំណើការបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ ទី១១ នឹង វគ្គនាយទាហានបន្តវេនជំនាន់ទី១២ ដែលមានសិស្ស និស្សិតនាយទាហានដែលទើបប្រឡងជាប់ចូលជានាយទាហានទ័ពជើងគោកជំនាន់ទី១១ ចូលរួមហ្វឹកហ្វឺនសរុប២៤៨នាក់ ក្នុងនោះមាននិស្សិតនាយទាហានជានារីចំនួន ៣៩ នាក់ផងដែរ ដោយប្រើរយៈពេលហ្វឹកហ្វឺន ៤ឆ្នាំ លើខ្លឹមសារមុខវិជ្ជា មេរៀន រួមមាន៖ ចំណេះដឹងយោធា .ចំណេះដឹងវប្បធម៌ទូទៅ .ចំណេះដឹងឯកទេស .និងការអនុវត្តការងារផ្សេងៗ។ ដោយឡែកសំរាប់វគ្គនាយទាហានបន្តវេនជំនាន់ទី១២ មានសិស្ស និស្សិត ដែលទើបប្រឡងជាប់ចូលជានាយទាហានបន្តវេនសម្រាប់វគ្គជំនាន់ទី១២ នេះ មានសិស្សនិស្សិតចូលហ្វឹកហ្វឺន សរុប ១៧៤នាក់ ក្នុងនោះមានសិស្សជានារីចំនួន ២៨នាក់ សិក្សារយៈពេលហ្វឹកហ្វឺន ៦ ខែ លើខ្លឹមសារមេរៀនរួមមាន.ចំណេះដឹងយោធាចំណេះអប់រំ.គរុកោសល្យ.ចំណេះដឹងទូទៅ.និងការងារត្រៀមបម្រុងផ្សេងៗ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃ ខ ភ ម
ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមឲ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អគ្គមេបញ្ជាការនៃ ខ ភ ម បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកបំរើការ និងនាយទាហានទាំងអស់របស់វិទ្យាស្ថាន ដែលរហូតមកបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំឲ្យមានកម្មវិធីសិក្សា និងកិច្ចដំណើការនូវវគ្គហ្វឹកហ្វឺនជាច្រើន សំដៅពង្រឹងពង្រីកសមត្ថភាពកងទ័ព របស់យើងឲ្យកាន់តែមានគុណភាព ដែលអាចពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីកម្ពុជា ឲ្យកាន់តែរឹងមាំ។ ឯកឧត្តម ឥត សារ៉ាត់ ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំ ខ ភ ម ផ្ញើរជូនចំពោះនាយ ពលទាហាន យោធាចារ្យ និងសិក្ខាកាមនិស្សិតនាយទាហានគ្រប់ជំនាន់ទាំងអស់ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាសម្ដេចព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះផងដែរ។ ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ថា៖ ការងារហ្វឹកហ្វឺន គឺជាការងារចាំបាច់បំផុតតម្រូវឲ្យ ខ ភ ម នៅគ្រប់កងឯកភាពត្រូវតែមានការហ្វឹកហ្វឺនឲ្យបានជាប់ជាប្រចាំ ដល់កងទ័ពលើគ្រប់ជំនាញ ទាំងជំនាញយោធា ចំណេះដឹងទូរទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗ ដើម្បី ខ ភ ម មានគ្រប់លទ្ធភាពក្នុងការចូលរួមបំពេញ ភារកិច្ច ការពារអធិបតេយ្យ បូរណៈភាពទឹកដីកម្ពុជា។ ឯកឧត្តម ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់ប្អូនៗដែល ទើបចូលមកហ្វឹកហ្វឺនសម្រាប់វគ្គបណ្ដុះបណ្ដាលនាយទាហានទ័ពជើងគោកជំនាន់ទី១១ និងវគ្គនាយទាហានបន្តវេនជំនាន់ទី ១២ និងប្អូនៗ ដែលកំពុងហ្វឹកហ្វឺន និងត្រូវហ្វឹកហ្វឺនបន្ត ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន រៀនសូត្រ ជំនាញយោធា នៅទីនេះឲ្យបានកាន់តែប្រសើរ ដើម្បីពេលបញ្ចប់វគ្គ ប្អូនៗមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានប្រកាសបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានទ័ពជើងគោកជំនាន់ទី១១ និងវគ្គហ្វឹកហ្វឺននាយទាហានបន្តវេនជំនាន់ទី១២ នេះចាប់ពីពេលនេះតទៅ ព្រមទាំងបានប្រកាសផ្ដល់ថវិកាចំនួន១០លានរៀល ដល់វិទ្យាស្ថានផងដែរ ៕