តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំទទួលការស្វាគមន៍គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ក្នុងកិច្ចជំនួបពង្រឹងកិច្ចសហប្រតិបត្តិការ ជីករុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលមានពលីជីវិតនៅលើទឹកដីខេត្តកំពង់ធំ ក្នុងសម័យសង្រ្គាម។ កិច្ចពីភាគក្សានេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម អភិបាលខេត្តកំពង់ធំ អមដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង លោកឧត្តមសេនីយ៍ត្រី ជិន ហ៊ិវតាយ អនុប្រធានស្នងការនយោបាយ គណៈបញ្ជាការដ្ឋាន យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម រួមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើនរូប។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ បញ្ជាក់ពីគោលបំណង នៃកិច្ចប្រជុំបានផ្តោត លើការ ឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវជីករុកអដិ្ឋធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានមកបំពេញភារកិច្ចអន្តរជាតិ នៅលើទឹកដីប្រទេសកម្ពុជា ក្នុងខេត្តកំពង់ធំ ក្នុងសម័យទសវត្សរ៍ ទី៧០ និង បានពលីជីវិតក្នុងសម័យសង្រ្គាម។ កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវជីករុកអដិ្ឋធាតុ កងទ័ពស្ម័គ្រចិត្ត វៀតណាមនេះ ដោយបានអនុវត្តនូវកិច្ចព្រមព្រៀងរបស់ រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែល បានស្រាវជ្រាវជីករកអដិ្ឋធាតុក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចំនួន១៨ដំណាក់កាល ចាប់តាំងពីឆ្នំា ២០០៣ មកដល់ឆមាសទី១ ឆ្នាំ ២០១៩ ក្រុមបច្ចេកទេស ការ៧០ ( K70 ) យោភូមិភាគទី៧ ជីកបាន២៦២អដិ្ឋធាតុ ក្រុមបច្ចេកទេស K72 ខេត្តប៊ិញភឿក ជីកបាន៨៤៥អដិ្ឋធាតុ ដោយឡែកក្នុងរដូវប្រាំងនេះ បាន៣៣អដិ្ឋធាតុ សរុបទាំង១៨ ដំណាក់កាលជីកបាន១,១០៧អដិ្ឋធាតុ សរុបទូទាំងប្រទេសបានចំនួន៩,៥៦៤អដិ្ឋធាតុ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ បច្ចុប្បន្នការជីករកអដិ្ឋធាតុ ត្រូវប្រឈមនូវបញ្ហាមួយចំនួន ក្នុងនោះមានបញ្ហាអាកាសធាតុ ប្រែប្រួលកំដៅ សាក្សីដែលបានដឹងទីតាំងកប់សាកសព មានវ័យចំណាស់ បាត់បង់ការចងចាំ និងមួយចំនួនបានស្លាប់ ខ្លះទៀតចំណាក់ស្រុក និងទីតាំងមានការប្រែប្រួល។ ក្នុងនោះតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានបន្តកិច្ចសហការល្អ ដើម្បីបន្តជីករកអដិ្ឋធាតុ ក្រោមកិច្ចសហប្រតិបត្តិការនេះ ខេត្តប៊ិញភឿក និងយោធភូមិភាគទី៧ បានឧបត្ថម្ភនូវថវិការសាងសង់សំណង់អាគារសរុប១៧ខ្នង ផ្លូវបេតុង ម៉ាស៊ីនផលិតទឹកស្អាត សម្រាប់ពិសារ ១គ្រឿង ឧបករណ៍តន្រ្តីសម័យ១ឈុត និងថវិការមួយចំនួនទៀត ដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែល។
ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណ និងលើកឡើងពីចំណងសាមគ្គីភាព មិត្តភាព កម្ពុជា វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការ ជីករុករកអដិ្ឋធាតុ កងទ័ពស្ម័ក្រចិត្តវៀតណាម ដែលបានពលីជីវិត នៅលើទឹកដីកម្ពុជា ក្នុងសម័យសង្រ្គាម និងបានសំដែងការគោរពដឹងគុណដល់កងទ័ពប្រជាជនវៀតណាម ដែលបានលះបង់ឳពុក ម្តាយ បងប្អូន កូនចៅ និងប្រពន្ឋជាទីស្រឡាញ់ មកចូលរួមរំដោះប្រជាជនកម្ពុជា ឲ្យបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងធ្វើអោយមាតុភូមិកម្ពុជារស់រានមានជីវិតឡើងវិញ និងមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ ៕