កិច្ចប្រជុំត្រៀមបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីយុទ្ធដំណើរទ័ពដល់កងកម្លាំង ដើម្បីបង្កើនប្រសិទ្ធភាព និងការពង្រឹងសមត្ថភាព ក្នុងការអនុវត្តន៍នូវភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ និងសហការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ ការប្រជុំនេះ ត្រូវបានធ្វើឡើងនៅ សាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ថ្នាក់កងអនុសេនាតូច ថ្នាក់កងអនុសេនាធំថ្មើរជើង និងយុទ្ធដំណើរទ័ព ដែលនឹងត្រូវបើកវគ្គនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយុទ្ធភូមិភាគទី៤។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា៖ ការបើកវគ្គហ្វឹកហ្វឺនឆ្នាំនេះមានរយៈពេល ៤៥ថ្ងៃ ពង្រឹងថ្នាក់យុទ្ធវិធីថ្មើរជើង ដល់កងអនុសេនាតូច កងអនុសេនាធំ ថ្មើរជើងរបស់កងកម្លាំងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ឲ្យមានសមត្ថភាពក្នុងការវាយសង្គ្រប់ វាយពួនស្ទាក់ និង វាយការពារទីតាំង ហើយនឹងមានយុទ្ធដំណើរទ័ពក្នុងចម្ងាយផ្លូវ៣៥គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ព្រៃអូរ តំបន់ខ្ពង់រាប នៅក្នុងតំបន់ព្រៃឡង់របស់ខេត្តកំពង់ធំផងដែរ។ ពិធីបើកវគ្គហ្វឹកហ្វឺននេះ គឺត្រូវបានឧបត្ថម្ភកញ្ចប់ថវិកាប្រចាំថ្ងៃក្នុងមួយនាក់ ៣,០០០ រៀល ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចឲ្យថ្នាក់ដឹកនាំទាំងអស់ត្រូវទទួលខុសត្រូវរួមមាន៖ គណៈកម្មការគ្រប់គ្រងផ្នែករៀនសូត្រទទួលខុសត្រូវរួម។ រៀបចំក្រុមគ្រូ យោធាចារ្យ ដែលមានសមត្ថភាពបង្រៀនបងប្អូនអោយបានល្អទាំងការងារយោធា និងការងារអប់រំចិត្តសាស្ត្រ, រៀបចំកិច្ចការធានាហូបចុកប្រចាំថ្ងៃឱ្យបងប្អូនមួយថ្ងៃបីពេល ក្នុងមួយពេលមានម្ហូបពីរមុខ និងមានអនាម័យល្អ និងបានក្រើនរំលឹកថា៖ យោធិនទាំងអស់ត្រូវស៊ូបង្ហូញើសលើទីលានហ្វឹកហាត់ តែមិនបង្ហូរឈាមនៅលើសមរភូមិ ត្រូវចង់ចាំថា កាំបិតបើមិនសំលៀងគឺមិនអាចមុតបានទេ ទីបញ្ចប់នៃអង្គប្រជុំថ្នាក់ដឹកនាំទាំងអស់ និងស្ថាប័នពាក់ព័ន្ធ ក្រុមគ្រូយោធាចារ្យ បានប្ដេជ្ញាចិត្តគោរពឱ្យបានម៉ឺងម៉ាត់តាមផែនការមួយភាគរយ ៕