ព័ត៌មាន

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៏​ នាង​ ផាត​ ជួប​ប្រតិ​ភូ​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
352
973 ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៏​ នាង​ ផាត​ ជួប​ប្រតិ​ភូ​ឡាវ​

     ក្នុង​ឱកាស​ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ថ្ងៃ​ទី០២ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ កែន​ចាន់​ ណាន់​ថាក់​ឡាំង​ស៊ី ​នាយក​ នាយក​ដ្ឋាន​ទំនាក់​ទំនង​ការ​បរទេស​​  ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​ និង​ប្រតិ​ភូ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដល់​ឱកាស​ដល់​ដំណើរ​ទស្សន​កិច្ច​របស់​ប្រតិភូ ​ឯកឧត្តម​​ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ​។​

    ​ឯកឧត្តម​​ កែន​ចាន់ ​ណាន់​ថាក់​ឡាំង​ស៊ី ​បាន​ជំរាប​ដល់​ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ថា​៖​ ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ ប្រតិភូ​ឯកឧត្តម​​នា​ពេល​នេះ​ គឺ​នាំ​មក​នូវ​ការ​ពង្រឹង​ និង​ពង្រីក​សាមគ្គីភាព ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ការ ​រវាង​កង​ទ័ព​ទាំង​២​កម្ពុជា-ឡាវ ​អោយ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។​ ពិសេស​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ រវាង​នាយក​ដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​ប្រទេស​ទាំង​២ ​កម្ពុជា-ឡាវ​ ដែល​កន្លង​មក​កង​ទ័ព​យើង​ទាំង​២ ​បាន​បង្ហាញ​តាម​រយៈ​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​គ្នា​​បាន​យ៉ាង​ល្អ​ ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖​ ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រតិភូ ​ឯកឧត្តម​​នា​ពេល​នេះ ​គឺ​បាន​ឃើញ​ព្រះ​រាជាណាចក្រ​កម្ពុជា ​កំពុង​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ តាម​រយៈ​ការ​អភិវឌ្ឍន៏ ​ប្រទេស​របស់​ខ្លួន ​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រទេស​មាន​សន្តិភាព ​និង​មាន​ស្ថេរ​ភាព​នយោបាយ​។​ ទន្ទឹម​នឹង​នេះ ​ឯ.ឧ ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​៖ ​តាម​រយៈ​ការ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ ​រវាង​កង​ទ័ព​ទាំង​២​ កម្ពុជា-ឡាវ​ នោះ​ទៅ​​ថ្ងៃ​អនាគត ​នឹង​មាន​ការ​អភិវឌ្ឍន៏​,​  មាន​ការ​រីក​ចំរើន​ ហើយ​កាន់​តែ​រឹង​មាំជា​បន្ត​បន្ទាប់​។ ​ពិសេស​នាយកដ្ឋាន​យើង​ទាំង​២ ​បាន​ធ្វើការ​ពិនិត្យ​លើ​អនុស្សារណ​កិច្ច​សហប្រតិបត្តិ ​រវាង​ក្រសួង​ការពារ​​ជាតិ​ទាំង​២​ ដែល​បាន​ចុះ​ហត្ថ​លេខា​តាំង​ពី​ឆ្នាំ​២០១៦ ​ហើយ​បាន​ធ្វើ​ការ​កែ​សំរួល​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ផង​ដែរ​។ ​ឯ.ឧ ​បាន​បញ្ជាក់​ទៀត​ថា​៖​ ឆ្នាំ​នេះ​កង​ទ័ព​ឡាវ​បាន​បញ្ជូន​សិក្ខា​កាម​ចំនួន​១៥​នាក់​ ឲ្យ​មក​សិក្សា​ភាសា​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ ដើម្បី​បំពេញ​សិស្ស​មុន​ដែល​បាន​បញ្ចប់​ការ​សិក្សា ​ហើយ​យើង​នឹង​ខិត​ខំដោះ​​ស្រាយ​បញ្ហា​ព្រំ​ដែន​ រវាង​ប្រទេស​យើង​ទាំង​២​ ដោយ​សន្តិ​វិធី​ផង​ដែរ​។​

    ឯកឧត្តម​ ​នាយ​​ឧត្តម​សេនីយ៏ ​នាង​ ផាត​ ​ថ្លែង​ជួស​មុខ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​ខ.ភ.ម​ទាំង​អស់​បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​ ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ ព្រម​ទាំង​ជូន​ពរ​អោយ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ខ្លួន​លើ​ទឹក​ដី​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​ ក៏​បាន​លើក​ឡើង​នូវ​ស្មារតី​សាមគ្គីភាព​​ មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​រឹង​មាំ​ រវាង​រដ្ឋាភិបាល​,​​​កង​ទ័ព​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​​​២​កម្ពុជា​​-ឡាវ​ ដែល​​ក្រសួង​ការ​ពារ​ជាតិ​​យើង​ទាំង​២​បាន​ធ្វើ​​កិច្ច​សហប្រតិបត្តិ​ការ​ទៅ​វិញ​ទៅ​មក​ តាំង​ពី​យូរ​ឆ្នាំ​ណាស់​មក​ហើយ​។ តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ ​ទាំង​ស្មារតី​សំភារៈ ​និង​ការ​ជួយបណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ​និង​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ទៅ​វិញ​ទៅ​មក រវាង​កង​ទ័ព​យើង​ទាំង​២​កន្លង​មក​។​ ឯ.ឧ​បាន​បញ្ជាក់​ថា៖ ​នេះ​គឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ ការ​​ធ្វើ​​កំណែរ​ទំរង់​របស់​ខ.ភ.ម​ ស្រប​តាម​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ សម្តេច​តេជោ ​ហ៊ុន ​សែន ​ជា​ប្រមុខ​ដឹក​នាំ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ