ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​មេសា ​និង​ទិស​ដៅ​ខែ​ឧសភា ​ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
344
972 ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​មេសា ​និង​ទិស​ដៅ​ខែ​ឧសភា ​ក្រសួង​ការ​ពារ​ជាតិ

      ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​​ នាយ​​ឧត្តម​​សេនីយ៏ ​នាង​ ផាត​ រដ្ឋ​លេខាធិការ​​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​០២ ​ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ​ក្រសួង​ការ​ពារ​ជាតិ​បាន​ធ្វើ​ការ​ប្រជុំ​បូក​សារុប​​ការងារ​ខែ​មេសា  និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​បន្ត​ខែ​ឧសភា ​ឆ្នាំ​២០១៩​។​

     ឯកឧត្តម ​ឧត្តម​សេនីយ​ឯក​ ចាន់ ​សា​រ៉ាង​ អគ្គ​លេខា​ធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ ​បាន​អាន​របាយ​ការណ៍ ​បូក​សរុប​ការ​ងារ ​ដោយ​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​សំខាន់​ ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​ វិវត្តន៍​រីក​ចំរើន​ថ្មីៗ​​​ ក្នុង​ខែ​មេសា ​កន្លង​មក​ដែល​​បាន​កើត​ឡើង​នូវ​ព្រឹត្តិ​ការណ៏​ធំៗ​ ​ពិសេស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​។​ របាយ​ការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​ ពី​លទ្ធផល ​ការ​ងារ​ នៃ​កិច្ច​ការពារ​សន្តិសុខ ​ស្ថិរភាព ​សណ្តាប់​ធ្នាប់​​សាធារណៈ ​ដែល​កង​យោធពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​កងរាជ​អាវុធ​ហត្ថ​ ខិត​ខំ​ពុះពារ​សំរេច​បាន​​នៅ​ក្នុង​រយៈ​ពេល​១​ខែ​កន្លង​ទៅ​ ក្រោម​កិច្ច​សហការ​ជា​មួយ​កំលាំង​​​មាន​សមត្ថ​កិច្ច​​ និង​អាជ្ញាធរ​មូល​ដ្ឋាន ​ក្នុង​ភារកិច្ច​ការ​ពារ​ជាតិ​។ ចំ​ណែក​លទ្ធផល​ការ​ងារ​កែ​ទំរង់​កង​យោធពល​ខេមរ​ភូមិន្ទ​វិញ​ នៅ​ក្នុង​រយៈ​ពេល​១​ខែ​មេសា​នេះ​ របាយ​ការណ៍​បាន​បញ្ជាក់​ថា​៖​​ បាន​បន្ត​ការ​ហ្វឹក​ហ្វឺន​​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​នៅ​តាម​បណ្តា​សាលា ​និង​កង​ឯកភាព​នានា​ នៅ​ទូទាំង​ប្រទេស​ផង​ដែរ​​។ ខ.ភ.ម​ បាន​ធ្វើ​ម្ចាស់​ការ​លើ​ការ​ពង្រឹង​ និង​ការ​ពារ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ និង​បណ្តា​កោះ​មួយ​ចំនួន ​ព្រម​ទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​។ ​យើង​បាន​ម្ចាស់​ការ​ និង​សហ​ប្រតិបត្តិការ​បាន​ល្អ​ ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ព្រ​មទាំង​​សមត្ថ​កិច្ច​​គ្រប់​ជាន់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ ​ដើម្បី​ឲ្យ​ភូមិ, ឃុំ,​ មាន​សុវត្តិភាព​។ សំរាប់​ទិស​ដៅ​អនុវត្ត​បន្ត​នៅ​ខែ​ឧសភា ​របាយការណ៍​បាន​ដាក់​ចេញ ​នូវ​ទិស​ដៅ ​អោយ​គ្រប់​បណ្តា​អង្គភាព ​កង​យោធពល​ខេមរ​ភូមិន្ទ ​បន្ត​អនុវត្ត​ផែន​ការ​កែ​ទំរង់​កង​យោធពល​ខេមរ​ភូមិន្ទ ​បន្ត​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ នៅ​តាម​ព្រំ​ដែន ​ត្រៀម​គ្រប់​លក្ខណៈ​ចុះ​ជួយ​សង្គ្រោះប្រជាពល​រដ្ឋ​ នៅ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង ​និង​បន្ត​រួម​សហការ​ការពារ​សន្តិសុខ ​សុវត្ថិភាព ​ជូន​ប្រជា​ពលរដ្ឋ​តាម​មូល​ដ្ឋាន​អោយ​បាន​ល្អ​ប្រសើរ​។

     ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​នាង ​ផាត​ រដ្ឋ​លេខាធិការ​ប្រចាំ​ការ ក្រសួង​ការ​ពារ​ជា​តិ ព្រម​ទាំង​សមាជិក​អង្គ​ប្រជុំ​ទាំង​អ​ស់ ក៏​បាន​ធ្វើ​ការ​ពិភាក្សា​លើ​ខ្លឹម​សារ​របាយ​ការណ៍​ បូក​សរុប​ការ​ងារ​ខែ​មេសា ​និង​លើក​ទិស​ដៅ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ ដើម្បី​ដាក់​ចេញ​អោយ​អនុវត្ត​សំរេច​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ