ព័ត៌មាន

កម្លាំងមួកខៀវកម្ពុជានាំមុខ៨០នាក់ត្រូវបញ្ជូនទៅបំពេញបេសកកម្មនៅប្រទេសម៉ាលីដើម្បីប្តូរវេនកម្លាំងចាស់
នាយកដ្ឋានព័ត៌មាន(១)
354
933 កម្លាំងមួកខៀវកម្ពុជានាំមុខ៨០នាក់ត្រូវបញ្ជូនទៅបំពេញបេសកកម្មនៅប្រទេសម៉ាលីដើម្បីប្តូរវេនកម្លាំងចាស់

កម្ពុជាបញ្ជូនកម្លាំងនាំមុខចំនួន៨០នាក់នៃកងវិស្វកម្មព្រលានយន្តហោះទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ត្រូវបញ្ចប់បេសកកម្មក្នុងខែមេសា ឆ្នាំ ២០១៩ ។នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពិធីជូនដំណើរកងកម្លាំងនាំមុខទៅកាន់សាធារណៈរដ្ឋម៉ាលី ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិរក្សាសន្តិភាពនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានប្រសាសន៍ថា “នៅថ្ងៃនេះ យើងត្រូវបញ្ជូនកម្លាំងនាំមុខ៨០នាក់នៃកងវិស្វកម្មព្រលានយន្តហោះទៅកាន់ប្រទេសម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលត្រូវបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងខែនេះដែរ”។ឯកឧត្តមនាយឧត្តមសេនីយ៍បញ្ជាក់ថា កម្លាំងមួកខៀវបំពេញបេសកកម្ម នៅប្រទេសម៉ាលី មានចំនូនសរុប៣០៩នាក់តែកម្លាំងធំនឹងបញ្ជូនចេញនៅខែឧសភាខាងមុខនេះ បន្ទាប់ពីកម្លាំងនាំមុខ៨០នាក់នេះបានទៅដល់ និងរៀបចំការងារបានរួចរាល់។ ឯកឧត្តមបន្ថែមថា កន្លងទៅកម្លាំងមួកខៀវ កម្ពុជា បំពេញការងារទទួលបានជោគជ័យ និងមានការទទួលស្គាល់ស្នាដៃជាច្រើនក្នុងការបំពេញការងារនៅប្រទេសម៉ាលី។ កម្លាំងវិស្វ័កម្ម មានភារកិច្ចធ្វើការថែទាំ និងសាងសង់ព្រលានយន្តហោះនៅប្រទេសម៉ាលី សំរាប់យន្តហោះអង្គការសហប្រជាជាតិចុះចតក្នុងតំបន់បេសកកម្មចំពោះកងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគឺធ្វើការរុករកនិងកម្ទេចចោលនៅនឹងកន្លែងដែលមានសុវត្ថិភាព។តំណាងអង្គការសហប្រជាជាតិលោកជំទាវ Paulin ធ្លាប់មានប្រសាសន៍ថា“កម្ពុជាបានបញ្ជូនកម្លាំងទៅកាន់ប្រទេសទម៉ាលី គឺកម្ពុជាបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះដ៏ស្មុគស្មាញ និងការពារជនស៊ីវិល ដែលជាភារកិច្ចដ៏សំខាន់បំផុតនិងជាសក្ខីភាពជាក់ស្តែងផងដែរ។លោកស្រីបានបន្ថែមថាព្រឹតិ្តការណ៍ប្រមាណ២៣ឆ្នាំមុនកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបញ្ជូនមកកាន់កម្ពុជា។តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រទេសមួយបញ្ជូនកម្លាំងនិងក្រុមជំនាញចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមមនុស្សធម៌ទៅកាន់ប្រទេសចំនួន៨រួចមកហើយ។គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូនកម្លាំងចំនួនសរុបប្រមាណ៦០០០នាក់ ក្នុងនោះមានស្រ្តីជាង៣០០នាក់ ទៅចូលរួម បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិហើយបច្ចុប្បន្នកម្ពុជាមានកម្លាំងជិត១០០០ នាក់ដែលកំពុងបំពេញបេសកកម្មអន្តរជាតិនៅប្រទេស ស៊ូដង់, ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង់ និងម៉ាលី៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ