ព័ត៌មាន

ឯកឧត្តម​ ឥត​ សា​រ៉ាត់​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២៣ ​នៅ​សាលា​នាយ​ទាហាន​សកម្ម​ នៃ​ខ.ភ.ម​
នាយកដ្ឋានព័ត៌មាន(៣)
63
932 ឯកឧត្តម​ ឥត​ សា​រ៉ាត់​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២៣ ​នៅ​សាលា​នាយ​ទាហាន​សកម្ម​ នៃ​ខ.ភ.ម​

     នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​​រ៉ត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះនៃ​ខ.ភ.ម ​បាន​ជម្រុញ​ឲ្យ​ ថ្នាក់​ដឹក​នាំ ​យោធា​ចារ្យ​ មន្ត្រី​បំរើ​ការ​ និង​និស្សិត​នាយ​ទាហាន​សកម្ម​ គ្រប់​ជំនាន់ ​ដែល​កំពុង​បំពេញ​ការ​ងារ​  និង​កំពុង​បំពេញ​កម្ម​សិក្សា​ហ្វឹក​ហ្វឺន​ជំនាញ​យោធា ​នៅ​ក្នុង​សាលា​នាយ​ទាហាន​សកម្ម​ទាំង​អស់​ ត្រូវ​បន្ត​ពង្រឹង​ការ​សាមគ្គី​ ឯក​ភាព​ផ្ទៃ​ក្នុង​ ការ​ស្មោះ​ត្រង់​ចំពោះ​ជាតិ​ សាសនា ​ព្រះ​មហាក្សត្រ​ ការ​ពារ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ដែល​ប្រសូត្រ​ចេញ​ពី​ឆន្ទៈ​​ប្រជា​ជន​ នឹងការ​គាំទ្រ​របស់​រាជ​រដ្ឋា​ភិបាល​ គឺ​ជា​ភាព​ជោគ​ជ័យ​ក្នុង​ការ​ទទួល​បាន​សុខ​សន្តិ​ភាព​ និង​ភាព​រីក​ចម្រើន​នា​ពេល​កន្លង​មក​។​ ជា​មួយ​គ្នា​នោះ​ដែរ​ អស់​លោក​ក៍​ត្រូវ​បន្ត​ពង្រឹង​ថែម​ទៀត​ លើ​ការ​គាំទ្រ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​ជា​ពិសេស​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សា​សុខ​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ ឯកឧត្តម​ ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្ទុះ​បណ្តាល​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២៣ ​នៅ​ឯ​សាលា​នាយ​ទាហាន​សកម្ម​នៃខ.ភ.ម ​នា​ខេត្ត​កំពង់​ស្ពឺ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មេសា ​​ឆ្នាំ​២០១៩​នេះ​។​

    ក្នុង​សន្ទរកថា​ស្វាគមន៍​ និង​របាយ​ការណ៍​បើក​វគ្គ​ដែល​អាន​ដោយ​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ប៊ុត ​សុ​ភាព​ នាយក​សាលា​នាយ​ទាហាន​សកម្ម​នៃខ.ភ.ម ​បាន​គូស​បញ្ជាក់​ថា៖​ សាលា​នាយ​ទាហាន​សកម្ម​នែខ.ភ.ម ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​បាន​កិច្ច​សហការ​ដ៍​ល្អ​ពី​ថ្នាក់​ដឹក​នាំ​ទី​ចាត់​ការ​ហ្វឹក​ហ្វឺន​អគ្គ​បញ្ជាការ ​និង​ដោយ​អនុវត្ត​តា​ម​បទ​បញ្ជា​ហ្វឹក​ហ្វឺន​របស់​អគ្គ​មេ​បញ្ជាការ​នៃខ.ភ.ម ​ពិសេស​ប្រធាន​គណៈ​កម្មការ​ហ្វឹក​ហ្វឺន​នៃខ.ភ.ម ​សាលា​បាន​ដំណើការ​បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​និស្សិត​នាយ​ទាហាន​ជំនាន់​ទី​២៣​ មួយ​វគ្គ​ដែល​មាន​សិក្ខា​កាម​ជា​និស្សិត​នាយ​ទាហាន ​ដែល​ទើប​ប្រឡង​ជាប់​ចូល​ជា​នាយ​ទាហាន​សកម្ម​ចូល​រួមហ្វឹក​ហ្វឺន​សរុប​២០០​នាក់ ​ក្នុង​នោះ​មាន​និស្សិត​នាយ​ទាហាន​ជា​នារី​ចំនួន​៣២​នាក់​ផង​ដែរ​ ដោយ​ប្រើ​រយៈ​ពេល​ហ្វឹក​ហ្វឺន​៤​ឆ្នាំ​លើ​ខ្លឹម​សារ​មុខ​វិជ្ជា​ មេ​រៀន ​រួម​មាន​មុខ​វិជ្ជា​យោធា​រួម​១៦​(មុខ​វិជ្ជា​)​មាន៖ ​អប់រំ​​នា​យ, ការ​បង្ហាត់​បង្រៀន, ​បទ​បញ្ជា​​ និង​​ច្បាប់​ផ្សេង​ៗ,​ លំហាត់​របៀប​, ការ​ទំនាក់​ទំនង,​ ច្បាប់​សិទ្ធិ​មនុស្ស​, ច្បាប់​សង្គ្រាម,​ យុទ្ធវិធី​ថ្មើរ​ជើង,​ សព្វា​វុធ និង​ការ​បាញ់, ​ឋាន​លេខា​, បញ្ជូន​សារ,​ វិស្វកម្ម,​ ពត៌មាន​, អប់រំ​ចិត្ត​សាស្ត្រ​យោធា, ​ជំនាញ​ភស្តុភា, ​ជំនាញ​បើក​បរ​​រថយន្ត,​ កាយ​សិក្សា​យោធា​ និង​កីឡា, ​និង​​ជំនាញ​ឆ័ត្រ​យោង​។ ដោយ​ឡែក​សំរាប់​មុខ​វិជ្ជា​ចំណេះ​ដឹង​ទូរទៅ​(​ដែល​មាន​១៦​មុខ​វិជ្ជា​) ​សាលា​តម្រូវ​ឲ្យ​សិស្ស​សិក្សា​តាម​កម្ម​វិធី​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​ដែល​រួម​មាន​ ភាសា​បារាំង,​ ភាសា​អង់​គ្លេស,​ ភូមិ​​វិទ្យា​កម្ពុជា​, ភូមិ​វិទ្យា​នយោ​បាយ​, សង្គម​វិទ្យា​, ចិត្ត​វិទ្យា​, ទស្សន​វិជ្ជា​, ប្រវត្តិ​វិទ្យា​, សេដ្ឋ​កិច្ច​, បរិស្ថាន,​ កសិកម្ម,​ ពត៌​មាន​វិទ្យា,​ ច្បាប់​ និង​ទំនាក់​ទំនង​អន្តរជាតិ,​ វិទ្យា​សាស្ត្រ​នយោ​បាយ, ​ហិរញ្ញវត្ថុ, និង​សិល្បៈ​វប្បធ៌ម​។ ឯកឧត្តម​ ប៊ុត ​សុ​ភាព ​បាន​បញ្ជាក់​ផង​ដែរ​ថា៖ ​ក្រៅ​ពី​ការ​បើក​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២៣ ​សាលាក៍​បាន​នឹង​កំពុង​ហ្វឹក​​ហ្វឺន​និស្សិត​នាយ​ទាហាន​សកម្ម​៥​ជំនាន់​ទៀត ​ក្នុង​នោះ​មាន​វគ្គ​នាយ​​ទាហាន​សកម្ម​៤​ជំនាន់ ​និង​វគ្គ​នាយ​ទាហាន​ថ្មាក់​កង​អនុសេនា​តូច ​កង​អនុសេនា​ធំ​ថ្មើរ​ជើង​មួយ​ជំនាន់​ទៀត​ គឺ​ជំនាន់​ទី​២០​ ជំនាន់​ទី​២១​ និង​ជំនាន់​ទី​២២ ​ដែល​ជំនាន់​ខ្លះ​ឆ្នាំ​ទី​៤​ ឆ្នាំ​ទី​៣ ​និង​ក្នុង​ឆ្នាំ​ទី​២​។​ 

    ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក្នុង​នាម​ឲ្យ​សម្ដេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ ពិសេស​​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ អគ្គ​មេ​បញ្ជាការ​ នៃខ.ភ.ម​ បាន​សំដែង​នូវ​ការ​លើក​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​បំពេញ​ការ​ងារ​របស់​ថ្នាក់​ដឹក​នាំ ​យោធា​ចារ្យ​ បុគ្គលិក​បំរើ​ការ​ និង​នាយ​ទាហាន​ទាំង​អស់​របស់​សាលា​ ដែល​រហូត​មក​បាន​សហការ​គ្នា​យ៉ាង​ល្អ​ ក្នុង​ការ​រៀប​ចំ​ឲ្យ​មាន​កម្ម​វិធី​សក្សា​  និង​កិច្ច​ដំណើ​ការ​នូវ​វគ្គ​ហ្វឹក​ហ្វឺន​ជា​ច្រើន​ សំដៅ​ពង្រឹង​ពង្រីក​សមត្ថភាព​កង​ទ័ព​រប​ស់​យើង​ឲ្យ​កាន់​តែ​មាន​គុណ​ភាព​ ដែល​អាច​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ ​ការ​ពារ​បូរណៈ​ភាព​ទឹក​ដីក​ម្ពុជា ឲ្យកាន់តែរឹងមាំ។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៍​បាន​ពាំនាំ​​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ និង​ក្តី​នឹក​រលឹក​ប្រកប​ដោយ​មនោ​សញ្ចេតនា​ជ្រាល​ជ្រៅ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ខ.ភ.ម ​ផ្ញើរ​ជូន​ចំពោះ​នាយ ​ពល​ទាហាន​ យោធា​ចារ្យ​ និង​សិក្ខា​កាម​នាយ​ទាហាន​សកម្ម​ទាំង​អស់​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​នេះ​ផង​ដែរ​។​ ឯកឧត្តម​ ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​បញ្ជាក់​ថា​៖ ​ការ​ងារ​ហ្វឹក​ហ្វឺន​ គឺ​ជា​ប្រការ​ចាំ​បាច់​បំផុត​តម្រូវ​ឲ្យខ.ភ.ម ​នៅ​គ្រប់​កង​ឯក​ភាព​ត្រូវ​តែ​មាន​ការ​ហ្វឹក​ហ្វឺន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ ឲ្យ​ដល់​កង​ទ័ព​លើ​គ្រប់​ជំនាញ ​ទាំង​ជំនាញ​យោធា ​ចំណេះ​ដឹង​ទូរ​ទៅ ​ភាសា​បរទេស​ និង​ជំនាញ​ឯក​ទេស​ផ្សេង​ៗ​ ដើម្បីខ.ភ.ម​ មាន​គ្រប់​លទ្ធ​ភាព​ក្នុង​ការ​ចូល​រួម​កាត្តព្វ​កិច្ច​ការ​ពារ​ជាតិ​ ការ​ពារ​អធិប​តេយ្យ​បូរណៈ​ភាព​ទឹក​ដី​កម្ពុជា​។​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ប្អូន​ៗ​ដែល​ទើប​ចូល​មក​ហ្វឹក​ហ្វឺន​ សម្រាប់​វគ្គ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​សកម្ម​ជំនាន់ទី​២៣​ និង​ប្អូន​ៗ​ដែល​កំពុង​ហ្វឹក​ហ្វឺន​ និង​ត្រូវ​ហ្វឹក​ហ្វឺន​បន្ត​ ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​ខិត​ខំ​តស៊ូ ​អនុវត្ត​ឲ្យ​បាន​ល្អ​ និង​ត្រូវ​ព្យា​យាម​ប្រឹង​ប្រែង​ហ្វឹក​ហ្វឺន​ ជំនាញ​យោធា​នៅ​ទី​នេះ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ ដើម្បី​ពេល​បញ្ចប់​វគ្គ​ប្អូន​ប្អូន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ ក្នុង​ការ​ចូល​រួម​បម្រើ​ឲ្យ​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ​របស់​យើង​បាន​រឹង​មាំ ​ពិសេស​ត្រូវ​គោរព​ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ នូវ​​បទ​​បញ្ជា​​របស់​​ប្រមុខរាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​អគ្គ​មេ​បញ្ជា​ការ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​។​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៍​បាន​ប្រកាស​បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២៣​ នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ព្រម​ទាំង​បាន​ប្រកាស​ផ្ដល់​ថវិកា​ចំនួន​១០​លាន​រៀល​ ដល់​សាលា​នាយ​ទាហាន​សកម្ម​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ