ព័ត៌មាន

ឯកឧត្តម ហ៊ីង ប៊ុនហៀង គោរពវិញ្ញាណក្ខ័ន្ធកងអង្គរក្ស ឱកាសចូលឆ្នាំថ្មី
នាយកដ្ឋានព័ត៌មាន(៣)
97
927 ឯកឧត្តម ហ៊ីង ប៊ុនហៀង គោរពវិញ្ញាណក្ខ័ន្ធកងអង្គរក្ស ឱកាសចូលឆ្នាំថ្មី

     ស្រប​ពេល​ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា ​កំពុង​ត្រៀម​ទទួល​អំណរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​​ខាង​មុខ​នេះ ប​ញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ ដល់​អតីត​​យុទ្ធ​ជន​​ និង​​យុទ្ធ​នារី​​ នៃ​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស ​ដែល​បាន​ធ្វើ​ពលី​កម្ម​ និង​ទទួល​មរណៈ​​ភាព​ ដើម្បី​បុព្វ​ហេតុ​​ជាតិ​មាតុ​ភូមិ ​និង​ប្រជា​ជន​​នាពេ​ល​កន្លង​មក​នេះ​។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៧​ ខែ​មេសា​កន្លង​ទៅ​នេះ​ ដោយ​មាន​វត្ត​មាន ​ឯកឧត្តម​ នាយ​ឧត្តម​​សេនីយ៍​​ កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​ខ.ភ.ម ​ និង​ជា​​មេ​បញ្ជា​ការ ​បញ្ជា​ការ​ដ្ឋាន​​អង្គ​រក្ស ​និង​លោក​ជំទាវ​ រួម​ជា​មួយ​ និង​មេ​បញ្ជាការ​រង​ នាយ​ទាហាន ​និង​ពល ​ទា​ហាន ​ព្រម​ទាំង​ក្រុម​គ្រួសារ​យោធិន​ នៃ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ជា​ច្រើន​រូប​ទៀត។ឯកឧត្តម​ នាយ​ឧត្តម​​សេនីយ៍​​ កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​ខ.ភ.ម ​ និង​ជា​​មេ​បញ្ជា​ការ ​បញ្ជា​ការ​ដ្ឋាន​​អង្គ​រក្ស ​និង​លោក​ជំទាវ គោរពវិញ្ញាណក្ខ័ន្ធកងអង្គរក្ស

     បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ ជា​អង្គ​ភាព​ស្នូល​មួយ​របស់​ខ.ភ.ម​ ដែល​កន្លង​មក​បាន​ចូល​រួម​​បំពេញ​តួ​នាទី ​ភារ​កិច្ច​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​ពារ​ជាតិ​មាតុ​ភូមិ ​ការ​ពារ​ប្រជា​ជន​ ការ​កសាង ​និង​​អភិវឌ្ឍន៍​ជាតិ​ ជា​ពិសេស​ការ​ការ​ពារ​សន្តិ​សុខ ​សុវត្ថិ​ភាព​ថ្នាក់​ដឹក​នាំ ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រម​ទាំង​ក្រុម​គ្រួសារ​ និង​ការ​ចូល​រួម​ការ​ងារ​សង្គម​កិច្ច​ជា​ច្រើន​ទៀត​។​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​កិត្តិ​បណ្ឌិត​ ហ៊ីង​ ប៊ុន​ហៀង ​បាន​មាន​ប្រសាសន៍​ថា​៖ ជា​រៀង​រាល់​​ឆ្នាំ ​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស​តែង​បាន​រៀប​ចំ​នូវ​ពិធី​នេះ​ឡើង ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃ​ណី​​ជាតិ​ និង​បុណ្យ​ភ្ជុំ​បិណ្យ​ ក្នុង​គោល​បំណង​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ ជូន​ដល់​បុព្វ​ការី​ជន ​មាន​ជី​ដូន ​ជីតា ​មាតា​ បិតា ​គ្រូ​ឧប្បជា​យា​ចារ្យ​ និង​ញាត្តិ​ការ​ទាំង​៧​សណ្តាន​ ជា​ពិសេស​​ជូ​ន​​នាយ​ទាហាន ​និង​ពល​ទាហាន ​ដែល​បាន​បូជា​សាច់​ស្រស់​ ឈាម​ស្រស់​ នៅ​ក្នុង​បុព្វ​ហេតុ​​ការ​ពារ​ជាតិ​មាតុ​ភូមិ ​ហើយ​បាន​មក​ទទួល​នូវ​មនុញ​ផល ​និង​បាន​សោយ​សុខ​ក្នុង​ឋាន​​សុគតិ​ភព​។​ ម្យ៉ាង​វិញ​ទៀត​ តាម​រយៈ​ព្រះ​សង្ឃ​នេះ​ដែរ​ ឯ.ឧ ​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង​ ប៊ុន​ហៀង ​និង​នាយ​ទាហាន ​ពល​ទាហាន ​ក្នុង​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ ​ក៏​សូម​បួង​សួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ​ដែល​នឹង​មក​ថែ​រក្សា​ទឹក​ដី ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ ​សូម​ជួយ​ប្រស់​ព្រំ​ នូវ​ទឹក​អម្រឹត​ និង​ប្រសិទ្ធិ​ពរ​ជ័យ​សិរី​សួរស្តី​​ ដល់​នាយ​ទាហាន ​និង​ពល​ទា​ហាន ​បញ្ជាការ​ដ្ឋាន​​អង្គ​រក្ស​ ឲ្យ​ជួប​តែ​សេចក្តី​សុខ ​សេចក្តី​ចម្រុង​ចម្រើន​ ​ប្រកប​កិច្ច​ការ​ងារ​ទទួល​បាន​​ជោគ​ជ័យ​​គ្រប់​ពេល​វេលា ​និង​ទទួល​បាន​នូវ​សិរី​សួរស្តី​ឆ្នាំ​ថ្មី ​ឆ្នាំ​២០១៩​។​ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯ.ឧ ​ឧត្តម​សេនីយ៍ ​ហ៊ីង ​ប៊ុន​ហៀង ​និង​លោក​ជំទា​វ ព្រម​ទាំង​ នាយ​ទាហាន ​និង​ពល​ទាហាន ​ក្នុង​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស​ បាន​និមន្ត​ព្រះ​សង្ឃ​ ចំនួន​៩៩​អង្គ​ ដែល​និមន្ត​មក​ពី​បណ្តា​វត្ត​ស្ថិត​នៅ​ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​ រៀប​ចំ​ពិធី​សូត្រ​មន្ត​រាប់​បាត​ និង​​ដោយ​បាន​វេរ​ប្រគេន​ទ័យ្យ​ទាន​ មាន​គ្រឿង​​ឧប​ភោគ​ និង​គ្រឿង​បរិភោគ​ជា​​ច្រើន​ ​ទៅ​​ដល់​​ព្រះ​សង្ឃ ​ស្រប​ទៅ​តាម​​គន្លង​ប្រពៃណី​ទំនាម​ទំលាប់​ព្រះ​ពុទ្ធ​​សាសនា ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ