ព័ត៌មាន

សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​ប្រារព្វ​ពីធី​សូត្រ​​មន្ត​លើក​រាសី ​និង​លែង​​ល្បែង​​ប្រជា​​ប្រិយ៍​​ អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​
នាយកដ្ឋានព័ត៌មាន(៣)
94
925 សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​ប្រារព្វ​ពីធី​សូត្រ​​មន្ត​លើក​រាសី ​និង​លែង​​ល្បែង​​ប្រជា​​ប្រិយ៍​​ អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​

     ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ឆ្នាំ​កុរ ជា​ប្រពៃ​ណី​​ជាតិ​ខ្មែរ​ ឈាន​ចូល​មក​ដល់​ សាកល​​វិទ្យា​ល័យ​​ការ​ពារ​ជាតិ ​(ឬស្សី​កែវ​,​ រាជ​ធានី​ភ្នំពេញ​)​​ នា​ថ្ងៃ​ទី​​០៨​ ខែ​មេសា ​ឆ្នាំ​២០១៩​ បាន​និមន្ត​ព្រះ​សង្ឃ​​សូត្រ​មន្ត​​ ចំរើន​​ព្រះ​បរិត្ត​ ប្រោះ​ព្រំ​​លើក​​​រាសី​​សិរី​​សួស្តី​​ចូល​ឆ្នាំថ្មី​ និង​ធ្វើ​ពិធី​បង្ស​កូល ​ដើម្បី​​ឧទ្ទិស​​កុ​សល​ផល​បុណ្យ​ជូន​ដល់​​បុព្វការី​ជន​ មាន​​ជី​ដូន​​ជីតា​ មាតា​បិតា ​និង​ញាត្តិ​ការ​​ទាំង​០៧​សណ្តាន​ ​ដែល​​​បាន​បែក​បាក់​​ចេត​ឋាន​​​ទៅ​លោក​ខាង​មុខ ​និង​នាយ​​ទាហាន​ ពល​ទាហាន​​ នៃខ.ភ.ម​ ដែល​​បាន​​ពលី​ ​​និង​ទទួល​មរណៈ​ ដើម្បី​បុព្វ​ហេតុ​ការ​ពារ​ជាតិ ​សុខ​​សន្តិភាព​ និង​​ការ​អភិវឌ្ឍន៍​ជាតិ​​មាតុ​ភូមិ​​កម្ពុជា​​​។ ពិធី​នេះ​បាន​ធ្វើ​ឡើង​ដោយ​បាន​និមន្ត​ សម្តេច​អគ្គ​មហា​សង្ឃ​រា​ជា​ ទេព​ វង្ស​ គណៈ​​មហា​​និកាយ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ភិក្ខុ​០៤​អង្គ​ទៀត ​ស្វា​ធ្យាយ​ជយន្តោ​ ចម្រើន​ព្រះ​បរិត្ត​ ប្រោះ​ព្រំ​លើក​​រាសី​ ទៅ​ដល់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ជា​ តារា ​សាកល​​វិទ្យា​ធិការ ​សាកល​​វិទ្យា​ល័យ​​ការ​ពារ​ជាតិ​, នាយក​ នាយក​រង ​មហា​វិទ្យា​ល័យ​ចំណុះ​ទាំង​៥ ​នៃ​សាកល​​វិទ្យា​ល័យ​​ការ​ពារ​ជាតិ​ និង​លោក​ជំទាវ ​ព្រម​ទាំង​ក្រុម​គ្រួសារ​​ អស់​លោក​​​ជា​នាយក​រង​ សាស្ត្រាចារ្យ ​មន្ត្រី​បុគ្គលិក​សិក្សា ​និង​សិក្ខា​កាម​ ជា​​ច្រើន​​រូប​ទៀត ​ព្រម​ទាំង​បាន​បួង​សួង​សុំ​សេចក្តី​​សុខ​ចម្រើន​ដល់​ទេវាតា​ឆ្នាំ​ថ្មី ​តាម​ជួយ​ថែ​រក្សា​​ប្រោះ​ព្រំ​ដល់ខ.ភ.ម ​និង​ប្រជា​ជន​ប្រទេស​កម្ពុជា​ទាំង​មូល ​​ឲ្យ​មាន​​សុខ​សន្តិភាព​ ​និង​អភិវឌ្ឍន៍​​​ត​រៀង​ទៅ​។​

     ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ជា ​តារា ​បាន​មាន​ប្រសាសន៍​ថា​៖ កម្ម​វិធី​​នេះ​ សាកល​​វិទ្យា​ល័យ​​ការ​ពារ​ជាតិ ​ តែង​​បាន​ប្រារព្ធ​ធ្វើ​ឡើង ​ដើម្បី​បង្ក​ភាព​សប្បាយ​រីក​រាយ​ និង​​ការ​សាមគ្គី​ភាព ​មិត្ត​ភាព ​និង​កិច្ច​​សហ​ប្រតិបត្តិ​ការ​ល្អ ​និង​ឲ្យ​កាន់​តែ​ជិត​ស្និត​ថែម​ទៀត​ រវាង​ថ្នាក់​​ដឹក​នាំ​បណ្តា​មហា​វិទ្យា​ល័យ ​ជា​មួយ​​សាស្ត្រាចារ្យ​ មន្ត្រី​បុគ្គលិក​សិក្សា ​និង​សិក្ខា​កាម ​ដែល​មាន​បាន​​ខិត​ខំ​​​បំពេញ​​ការ​ងារ​​ក្នុង​​រយៈ​ពេល​១​ឆ្នាំ​កន្លង​មក ​ជា​ពិសេស​​​ជា​មួយ​នឹង​និស្សិត​បរទេស ​ដែល​បាន​​មក​សិក្សា​​នៅ​ក្នុង​​មហា​វិទ្យា​​ល័យ​ វិទ្យា​សាស្ត្រ​សង្គម ​និង​ភាសា ​ជា​ពិសេស​បាន​ស្វែង​យល់​ដឹង​ពី​​ទំនៀម​​ទំលាប់​​ប្រពៃ​ណី​សាសនា ​និង​សិល្បៈ​​វប្បធម៌​​ជាតិ​​ខ្មៃរ​ដ៏​ល្អ​ផូរ​ផង់​នេះ​​។​ ស្រប​ពេល​​​ជា​មួយ​គ្នា​នេះ​ដែរ ​សាកល​​វិទ្យា​ល័យ​​ការ​ពារ​ជាតិ ​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​​នូវ​ការ​លែង​​ល្បែង​ប្រជា​ប្រិយ​​ខ្មែរ​ជា​ច្រើន​ ទៅ​ដល់​មន្ត្រី​បុគ្គលិក​សិក្សា ​សិស្ស​និស្សិត​ និង​សិក្ខា​កាម ​ក្នុង​ឱកាស​​បុណ្យ​​​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នេះ​ដែរ​ រួម​មាន​៖​ លោត​បាវ ​ទាញ​ព្រាត់ ​វាយ​ក្អម​ លាក់​កន្សែង ​និងចោ​ល​ឈូង ​ព្រម​ទាំង​មាន​រាំ​លេង​កំសាន្ត​ទៀត​ផង​។ គួរ​បញ្ជាក់​ថា​៖  សាលក​វិទ្យាល័យ​ការ​ពារ​ជាតិ​ មាន​មហា​វិទ្យា​ល័យ​ចំនួន​៥ ​និង​បណ្ណា​ល័យ​​១​ចំណុះ ​ហើយ​បានធ្វើ​ការ​បណ្តុះ​បណ្តាល​​យ៉ាង​​សកម្ម​ដល់​យោធិន​នាយ​ទាហាន​ និង​​​​ពល​ទា​ហាន​​នៃ​ខ.ភ.ម​ នៅ​លើ​មុខ​ជំនាញ ​បញ្ជា​ការ​​សេនាធិការ​,​ មុខ​ជំនាញ​ភស្ត​ភារ​-​ហិរញ្ញ​វត្ថុ​,​ មុខ​ជំនាញ​ពត៌​មាន​វិទ្យា​​​, ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ និង​ផ្នែក​ភាសា​​បរទេស​ រួម​មាន​៖​​ ភាសា​អង់​គ្លេស ​ភាសា​បារាំង ​និង​​អក្សរ​សាស្ត្រ​ខ្មែរ​ សម្រាប់​​និស្សិត​​បរទេស​។​ ឯកឧត្តម​ សាកល​​​វិទ្យា​​ធិការ​​ ជា ​តារា​ បាន​បញ្ជាក់​ថា​៖ កិច្ច​ការ​ដែល​សាកល​វិទ្យាល័យ​​ សម្រេច​​បាន​​មក​ដល់​ពេល​នេះ ​គឺ​ដោយ​​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​និង​ពី​​អគ្គ​មេ​បញ្ជាការ​ នៃ​ខ.ភ.ម​ ជា​​ពិសេស​​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ និង​ការ​ចូល​រួម​ចំ​ណែក​​យ៉ាង​​សកម្ម​​ផង​ដែរ​ពី​ ឯកឧត្តម​ លោក​​ជំទាវ​ អស់​លោក ​លោក​ស្រី ​នាយ​ទាហាន ​ ពល​ទាហាន ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ ​យោធា​ចារ្យ​ និង​មន្ត្រី​​បុគ្គលិក​សិក្សា​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ