ចូលរួមអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ គណៈប្រតិភូទីក្រុងកឹនថឺ ប្រជាជនវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ ហ្វាម វ៉ាន់ហៀវ លេខាធិការរងអចិន្ត្រៃយ៏ទីក្រុងកឹនថឺវៀតណាម ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅបានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរសព្វសារធុការឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ជូនចំពោះ ឯកឧត្តមប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក នាយ ពលទាហានទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការកងទ័ពជើងគោក កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ្វាម វ៉ាន់ហៀវ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រាក់ សុវណ្ណា ព្រមទាំងនាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក បានឆ្លៀតពេលទទួលជួបរូបលោក និងប្រតិភូនាពេលនេះ។ លោកវរសនីយ៏ឯកក៏បានសម្តែងការអបអរសាទរក្នុងឱកាស នៃទិវាចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងជូនចំពោះ ឯកឧត្តម ប្រាក់ សុវណ្ណា ព្រមទាំងក្រុមគ្រួសារនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមទទួលបានសុខភាពល្អក្នុងឱកាសឆ្នាំថ្មីនេះ។ ឯកឧត្តម ហ្វាម វ៉ាន់ហៀវ សង្ឃឹមយ៉ាងមុតមាំថា៖ ចំណងសាមគ្គីភាព មិត្តភាព ប្រទេសបងប្អូនយើងទាំងពីរ គឺនៅតែរក្សាចំណងមិត្តភាពរឹងមាំគ្មានកម្លាំងប្រតិកិរិយាណាបំបែកបានឡើយ។
អញ្ជើញមានប្រសាសន៏នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណា ក្នងនាម ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវបដិសណ្ឋារកិច្ចស្វារគមន៏យ៉ាងកក់ក្តៅ និងបានអបអរសាទរចំពោះដំណើរទស្សនកិច្ច គណៈប្រតិភូអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម លើទឹកដី នៃព្រះរាជាណាចក្រកម្ពុជាលើកនេះថា៖ ពិតជាបាននាំមកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាល កងទ័ព ប្រជាជនប្រទេសទាំងពីរកម្ពុជា-វៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត។ ឯកឧត្តម ប្រាក់ សុវណ្ណា មានប្រសាសន៏បន្តទៀតថា៖ ប្រទេសយើងទាំងពីរជាបងប្អូន មានភូមិផងរបងជាប់គ្នា ធ្លាប់មានប្រវត្តិប្រកៀកស្មារគ្នាតស៊ូវាយកំចាត់ពួកបរទេសឈ្លានពានទឹកដី។ មិនតែប៉ុណ្ណោះគុណបំណាច់់ដែល មិនអាចបំភ្លេចបាន គឺភាគីមិត្តបានជួយរំដោះជីវិត ប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយបច្ចុប្បន្នភាគីមិត្តនៅតែបន្តជួយដល់ភាគីកងយោធពលខេមរភូមិន្ទក្នុងការពង្រឹងសមត្ថភាពជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម ប្រាក់ សុវណ្ណា ក៏បានជូនពរបវរមហាប្រសើរ ជូនគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ក្នុងឆ្នាំថ្មីឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងឈនចូលមកដល់នាពេលខាងមុខ សូមជួបតែសេចក្តីសុខគ្រប់ប្រការ និងសម្រេចជោគជ័យរាល់ភារកិច្ច ៕