អនុគណៈកម្មការជំនាញត្រួតពិនិត្យ និងកសាងសំណុំឯកសារមុខសញ្ញាសោធននិវត្តន៏ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាការ បានអនុវត្តការងារនៅទីបញ្ជាការកងពលធំអន្តរាគមន៏លេខ៣។ ចំពោះសមាសភាពរបស់អនុគណៈកម្មាការ គឺរួមមាន៖ នាយកដ្ឋានបុគ្គលិក, នាយកដ្ឋានសោធននិវត្តន៏ ក្រសួងការពារជាតិ, ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ, ការិយាល័យទី១ កងទ័ពជើងគោក និងតំណាងគ្រប់យោធភូមិភាគទាំង៦ បានចូលរួមផងដែរ។ អនុគណៈកម្មការនេះ មានតួនាទីណែនាំការងារជំនាញកសាងឯកសារមុខសញ្ញាសោធននិវត្តន៏ នៅតាមបណ្តាកងឯកភាព ដើម្បីពន្លឿននូវផែនការដែលបានឯកភាព រវាងក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្នុងការដាក់យោធិនឲ្យចូលនិវត្តន៏ ក្នុងផែនការឆ្នាំ២០១៩ ទូទាំងខ.ភ.ម ចំនួន៤ពាន់នាក់ និងបំរុងចំនួន៣រយនាក់ ឲ្យបានមុនដំណាច់ខែមិថុនា និងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ក្នុងផែនការឆ្នាំ២០១៩នេះ កងពលធំអន្តរាគមន៏លេខ៣ មានមុខសញ្ញាយោធិនដែលត្រូវដាក់ មានចំនួនសរុប១៣២នាក់។ឯកឧត្តម ឧត្តមសេនីយ៏ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាការជំនាញត្រួតពិនិត្យ និងកសាងសំណុំឯកសារមុខសញ្ញាសោធននិវត្តន៏
ថ្លែងជួសមុខឲ្យអនុគណៈកម្មាការ ឯកឧត្តម សំ ចាន់ធួន ដែលជាប្រធានអនុគណៈកម្មការជំនាញត្រួតពិនិត្យ និងកសាងសំណុំឯកសារមុខសញ្ញាសោធននិវត្តន៍បានបញ្ជាក់ថា៖ រយៈពេលជាង៤ឆ្នាំកន្លងមកហើយ ដែលកងយោធពលខេមរភូមិន្ទបានផ្អាកការងាររៀបចំចំពោះមុខសញ្ញាយោធិន ដែលគ្រប់អាយុចូលនិវត្តន៍ទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ធ្វើអោយចំនួនយោធិនដែលត្រូវចូលនិវត្តន៍ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានចំនួនកើនឡើងជារៀងរាល់ឆ្នាំ។ ដូច្នេះដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់ទូទាំងកងយោធពលខេមរភូមិន្ទទៅលើចំនួនដែលបានកំណត់ នៅក្នុងក្របខ័ណ្ឌរបស់កងទ័ពនៅទូទាំងប្រទេស ក្រសួងការពារជាតិ, អគ្គបញ្ជាការ ក៏ដូចជាកងទ័ពជើងគោក ក៏បានធ្វើការកំណែទម្រង់ទៅលើចំនួននេះ ហើយនឹងជ្រើសរើសកងទ័ពថ្មី មកបំពេញជូនតាមបណ្តាអង្គភាពទៅតាមចំនួនដែលបានកំណត់។ ឯកឧត្តម សំ ចាន់ធួន ក៏បានបញ្ជាក់បន្ថែមថា៖ ការងារអនុគណៈកម្មការជំនាញត្រួតពិនិត្យ និងកសាងសំណុំឯកសារមុខសញ្ញាសោធន ដែលបានចុះមកបំពេញភារកិច្ចនាពេលនេះ គឺមានគោលបំណងត្រួតពិនិត្យរាល់ឯកសារមុខសញ្ញាសោធននិវត្តន៍ឲ្យបានជាក់ស្តែង ដែលបណ្តាកងឯកភាពបានបញ្ជូនមក ដើម្បីឲ្យមានលក្ខណៈត្រឹមត្រូវ, មានឯកសារគ្រប់គ្រាន់ទៅតាមបទដ្ឋានដែលថ្នាក់លើបានកំណត់យកជាការបាន ៕