“រួមគ្នាពង្រឹងឃឿនការពារជាតិ” គឺជាប្រធានបទដែលត្រូវលើកយកមកពិភាក្សា ក្នុងអង្គសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៥ ខេត្តបាត់ដំបង។ នៅថ្ងៃព្រឹកទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្រារព្ធពិធីបើកសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥ ដែលអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ចាការកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្នុងមតិស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៥ បានបញ្ជាក់ថា៖ សម្ព័ន្ធមេត្រីភាពគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាសកម្មភាព ឆ្លើយតបនៅនឹងចក្ខុវិស័យដ៏វែងឆ្ងាយ និងដ៏មុតស្រួចរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងខឿនការពារជាតិរបស់ប្រជាជន។ ជំនួសមុខឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តាអង្គភាពទូទាំងយោធភូមិភាគទី៥ ឯកឧត្តម សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលតែងតែបានគិតគូរជួយទំនុកបម្រុងរាល់ការខ្វះខាតដល់បណ្តាអង្គភាពជួរមុខ ដែលជាលទ្ធលបានធ្វើឱ្យបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ មានការប្រែប្រួល និងរីកចម្រើនរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ ឯកឧត្តម ឯក សំអូន ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការទាំងអស់នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ បានសម្តែងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម( CLV )។
ថ្លែងបើកសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា៖ ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី ហើយយន្តការនេះត្រូវបានយកចិត្តទុកដាក់អនុវត្តបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងគោលដៅរួមចំណែកក្នុងការកសាង និងពង្រឹងខឿនការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែរឹងមាំស្របតាមទិសស្លោក “នយោបាយការពារជាតិ គឺខឿនការពារជាតិប្រជាជន កងទ័ពបានកើតចេញពីប្រជាជន ធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ប្រជាជនជាប្រភពជ្រើសរើសកងទ័ព និងជាប្រភពនៃការផ្គត់ផ្គង់កម្លាំងទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ”។ ឯកឧត្តម អគ្គមេបញ្ចាការ បានអំពាវនាវលើកទឹកចិត្តដល់ស្ថាប័ន-អង្គភាពរដ្ឋ និងឯកជនព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិ ប្រជាជន ឱ្យបានសកម្មបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្រ្តយូរអង្វែង បម្រើដល់ការពង្រឹង និងអភិវឌ្ឍកងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នង នៃខឿនការពារជាតិទៅថ្ងៃអនាគត ៕