អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបើកកិច្ចប្រជុំ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះដែល មានឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃខ.ភ.ម ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជាច្រើនរូបទៀត។
ក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ចាក់ឱ្យដឹងថា៖ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជាអន្តរស្ថាប័នថ្នាក់ជាតិ ដែលមានការឧបត្ថម្ភយ៉ាងពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការគាំទ្រពីដៃគូសន្តិសុខអន្តរជាតិ នៃប្រទេសជាមិត្តដូចជា៖ សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន។ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានកិច្ចសហការ និងទំនាក់ទំនងជាមួយស្ថាប័ន និងមជ្ឈមណ្ឌលអន្តរជាតិនានាជាច្រើនដូចជា មជ្ឈមណ្ឌលសម្របសម្រួលការរុករក និងសង្គ្រោះលើផ្ទៃសមុទ្រ នៃសាធារណរដ្ឋប្រជាមានិតចិន អឹម.អរ.ស៊ី.ស៊ី(China-MRCC), មជ្ឈមណ្ឌលចែកចាយព័ត៌មាននាវាចរសិង្ហបុរី អាយ.អែហ្វ.ស៊ី (IFC) និងបណ្តាប្រទេសនៃគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ស៊ីម ឡី(SEAMLEI) ក្នុងនោះរួមមាន៖ ឆ្នាំសមុទ្រវៀតណាម ភ្នាក់ងារអនុវត្តច្បាប់លម្ហសមុទ្រម៉ាឡេស៊ី មជ្ឈមណ្ឌលបញ្ជាការសន្តិសុខលម្ហសមុទ្រថៃ បញ្ជាការដ្ឋានយោធភូមិភាគទី១ កងទ័ពជើងទឹកភូមិន្ទថៃ ភ្នាក់ងារសន្តិសុខលម្ហសមុទ្រឥណ្ឌូនេស៊ី និងឆ្មាំសមុទ្រហ្វីលីពីន។
ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានបញ្ជាក់ឲ្យដឹងថា៖ នាប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ យើងក៏ទទួលបាននូវសុឆន្ទៈរបស់ឆ្មាំសមុទ្រសាធារណរដ្ឋប្រជាមានិតចិន និងឆ្មាំសមុទ្រសាធារណរដ្ឋកូរ៉េផងដែរ នឹងចូលរួមសហប្រតិបត្តិការជាមួយនឹងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ ចំណុចដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះគឺ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរ រវាងទីបញ្ជាការជួរមុខ និងអាជ្ញាធរដែនដី នៃបណ្ដាខេត្តជាប់សមុទ្រ ទីបញ្ជាការជួរមុខ និងក្រុមហ៊ុនជី.ធី.វី.ស៊ី(G.T.V.C IMPORT EXPORT CO., LTD)ផងដែរ។ កិច្ចសហប្រតិបត្តិការរបស់មន្ត្រីស្ថាប័នគន្លឹះ នៃក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ប្រចាំការនៅទីបញ្ជាការជួរមុខ ពិតជាមិនអាចខ្វះបាន។ នៅក្នុងឱកាសនោះ កិច្ចប្រជុំក៏បានពិនិត្យមើលសកម្មភាពការងារចាប់តាំងពីដើមឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ ការបង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសក្នុងដែនសមុទ្រ ការរុករក និងសង្គ្រោះ ការចូលរួមក្នុងវេទិកាអន្តរជាតិ និងការចូលរួមការពារបរិស្ថាន ៕