នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបសវនការជាមួយ ឯកឧត្តម គឺហារ៉ា គីណូរី KIHARA KINORU រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ដើម្បីពិភាក្សាលើការងារកិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ជប៉ុន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រសួងការពារជាតិជប៉ុន ដឹកនាំដោយ ឯកឧត្តម គឺហារ៉ា គីណូរី KIHARA KINORU ស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស រៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងថ្ងៃខួបកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម គឺហារ៉ា គីណូរីKIHARA KINORU បានចូលរួមរំលែកទុក្ខចំពោះអាកាសយានិក២រូប ដែលបានពលី ក្នុងឧបទ្ទវហេតុនៅពេលបេសកកម្មហ្វឹកហ្វឺន នៅជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និង ឯកឧត្តម គឺហារ៉ា គីណូរី KIHARA KINORU បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី “កម្ពុជា ជប៉ុន” កន្លងមក ដូចតទៅ៖
១.វិស័យនយោបាយ និងការទូតយោធា រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ មាន៖ ១-កិច្ចសហប្រតិបត្តិការកងទ័ពជើងគោកទាំងពីរ, ២-វិស័យរក្សាសន្តិភាព, ៣-ការកសាងសមត្ថភាពយោធិន (ការបញ្ជូនយោធិនកម្ពុជា ទៅជប៉ុន, យោធាចារ្យជប៉ុននៅកម្ពុជា) និង៤-ជំនួបពិភាក្សាការងារទ្វេភាគី (ជំនួបអនុរដ្ឋមន្ត្រីការពារជាតិ និងជំនួបរដ្ឋមន្ត្រី) និងពហុភាគី អាស៊ាន (Maritime security EWG Plus, ADMM PLus)។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា សូមថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ រដ្ឋមន្ត្រីការពារជាតិជប៉ុន សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ចំពោះយោធិនអាកាសយានិក២ បានពលី ក្នុងការហ្វឹកហ្វឺន នាពេលថ្មីៗ។
២.កិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការពារជាតិទាំងពីរ ឯកភាពក្នុងការផ្លាស់ប្តូរអនុព័ន្ធយោធាប្រចាំប្រទេសរៀងៗខ្លួន។ កម្ពុជាស្វាគមន៍អនុព័ន្ធយោធាជប៉ុនប្រចាំកម្ពុជាឆ្នាំ២០២៥ និងភាគីកម្ពុជា បានត្រៀមខ្លួនបញ្ជូនអនុព័ន្ធយោធាកម្ពុជាប្រចាំជប៉ុន នាពេលអនាគត។ ជម្រុញអនុវត្តយន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងរិះរកវិធីសាស្ត្រក្នុងការពង្រីកកាលានុភាពថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរថែមទៀត។
៣.លំហាត់ហ្វឹកហ្វឺន រដ្ឋមន្ត្រីការពារជាតិទាំងពីរ ឯកភាពគ្នាក្នុងការរៀបចំលំហាត់វគ្គហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ។ ភាគីជប៉ុនអញ្ជើញ នាយទាហានកម្ពុជាចូលរួមសង្កេតការណ៍លំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅជប៉ុន។ ភាគីជប៉ុន សំណូមកម្ពុជាពិនិត្យលទ្ធភាពដល់ភាគីជប៉ុន ចូលរួមក្នុងក្របខណ្ឌលំហាត់កងទ័ព ៣ ប្រទេសកម្ពុជា ឡាវ វៀតណាម ដែលកម្ពុជាគ្រោងរៀបចំនៅចុងឆ្នាំ២០២៤នេះ។
៤.វិស័យរក្សាសន្តិភាព រដ្ឋមន្ត្រីការពារជាតិទាំងពីរ ឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព និងរបៀបវារៈ ស្ត្រី សន្តិសុខ សន្តិភាព ក្នុងកសាងសមត្ថភាពកម្ពុជា ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សហការរៀបចំគម្រោងត្រីភាគី TPP កម្ពុជា អសប ជប៉ុន នៅឆ្នាំ២០២៥ អោយទទួលបានជោគជ័យ។
៥.បញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។ ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្រុមការងារអាស៊ានបូកសន្តិសុនសមុទ្រ, ក្រុមការងារជំនាញអាស៊ានបូកសន្តិសុខសាយប័រ និងវិស័យផ្សេងៗ, បញ្ហាសន្តិសុខសមុទ្រចិនខាងកើត និងសមុទ្រខាងត្បូង ត្រូវលើកយកមកពិភាក្សាផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម គឺហារ៉ា គីណូរី KIHARA KINORU នៅកម្ពុជា នាពេលនេះ នឹងជម្រុញ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា ជប៉ុន កាន់តែរីកចម្រើនប្រសើរឡើងថែមទៀត ៕