ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ដឹក​នាំ​គណៈ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ ​កំពូល​សន្តិ​សុខ​អាស៊ី ​លើក​ទី​២១ ​នៅ​ប្រទេស​សិង្ហ​បុរី​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ឯកឧត្តម​ នា​យ​ឧត្ត​មសេនីយ៍​ ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ព្រឹក​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២៤ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃ​កង​យោធ​ខេមរ​ភូមិន្ទ​ ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​២១ ​(កិច្ច​សន្ទនា​សាំង​គ្រីឡា)​ ដែល​ប្រព្រឹត្ត​ទៅ ​នៅ​ប្រទេស​សិង្ហបុរី​។​ អម​ដំណើរ ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការពារជាតិ ​ចូល​រួម​កិច្ច​ប្រជុំនេះ​ដែរ​រួម​មាន​៖ ឯកឧត្តម ​នាយ​ឧត្ត​ម​សេនីយ៍ ​វង្ស ​ពិសេន​ អគ្គ​មេ​បញ្ជាការ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ,​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្តិ​ អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​នយោ​បាយ ​និង​កិច្ច​ការ​រទេស​,​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ានិត ​មេប​ញ្ជាការ​រ​ង កង​ទ័ពជើង​គោក ​និង​ជា​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​ស្រាវ​ជ្រា​វ​-ចារកិច្ច​ និង​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ប្រាក់​ សុវណ្ណា​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​។​

កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ​លើកទី​២១ ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​សម័យ​ប្រជុំ​ពេញ​អង្គ​ចំនួន​៧​ លើ​ប្រធាន​បទ ​រួម​មាន​​៖ ​-ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឥណ្ឌូប៉ា​ស៊ី​ហ្វិក​,​ -ការ​ពង្រឹង​ការ​គ្រប់​គ្រង​វិបត្តិ​នៅ​ពេល​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​កើន​ឡើង​,-ការ​កសាង​សន្តិសុខ​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​,-បញ្ហា​ប្រឈម​សណ្តាប់​ធ្នាប់​សន្តិសុខ​ឆ្លង​តំបន់​,-វិធីសាស្ត្រ​របស់​ចិន​ចំពោះ​សន្តិសុខ​សកល​,-ការ​ត​ភ្ជាប់​សន្តិសុខ​មហា​សមុទ្រ​ឥណ្ឌា ​និង​ប៉ាស៊ី​ហ្វិក​,-ការ​គិត​គូរ​ឡើង​វិញ​អំពី​ដំណោះ​ស្រាយ​សម្រាប់​ស្ថិរភាព​តំបន់​។​

ថ្លែង​នៅ​ក្នុ​ង​សម័​យប្រជុំ​ពេញ​អង្គ​ទី​៣​ ​ស្តី​ពី “ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក” ឯកឧត្តម​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការពារ​ជាតិ ​បាន​មាន​ប្រសាសន៍​ថា៖ ការ​កសាង​កិច្ច​សហប្រតិបត្តិការ​​សន្តិសុខ​ មាន​សារៈ​សំខាន់​សម្រាប់​សន្តិភាព​ និង​សន្តិសុខ​ ការ​លើក​កម្ពស់​នូវ​យន្ត​ការ​ពហុ​ភាគី​និយម​ ដែល​មាន​ស្រាប់ ​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​កម្រិត​តំបន់ ​ហើយ​ដែល​មាន​អាស៊ានជា​​ស្នូល​នៅ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​ គប្បី​ជា​កិច្ចការ​ចម្បង​មួយ។​ យើង​គួរ​តែ​ពង្រឹង​ និង​ប្រើប្រាស់​ចំណុច​ខ្លាំង​របស់​អាស៊ាន​ ក្នុង​ការទាក់​ទាញ​ប្រទេស​ផ្សេងៗ​មក​ចូល​រួម​ ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ដើម្បី​លើក​កម្ពស់​ទំនុក​ចិត្ត​ និង​ភាព​ជឿជា​ក់គ្នា​ ​ក៏​ដូច​ជា​សាមគ្គី​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​។​

ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់​ថា៖​ អាស៊ាន​នៅ​តែជា​វេទិកា នៃ​កិច្ច​សន្ទនា​ឈាន​មុខ​គេ​សម្រាប់​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​នៅ​អាស៊ី-​ប៉ាស៊ីហ្វិក​ ដោយ​សា​រតែ​គោល​ការណ៍​បើក​ចំហ​ បរិយា​បន្ន ​និង​តម្លាភាព​។ ក្នុង​នាម​ជា​សមាជិក​អាស៊ាន ​កម្ពុជា​ចង់​ឃើញ​ដៃ​គូ​អាស៊ាន​បន្ត​គាំទ្រ​ និង​ប្រកាន់​ខ្ជាប់​នូវ​មជ្ឈភាព ​និង​ឯកភាព​អាស៊ាន​។​ ការ​បែក​បាក់​របស់​អាស៊ាន ​នឹង​នាំ​ទៅរក​ផល​ប៉ះ​ពាល់​អវិជ្ជមាន​មិន​ត្រឹម​តែ​ចំពោះ​សមាជិក​អាស៊ាន​តែ​ប៉ុណ្ណោះ​ទេ ​ក៏​ប៉ុន្តែ​ក៏​ចំពោះ​ប្រទេស​ដទៃ​ទៀតនៅ​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​ផង​ដែរ​​។

ឯកឧត្តម​ ទៀ សីហា បានប​ន្ត​ថា៖ ​កម្ពុជា​ពិត​ជា​មាន​មោទន​ភាព​ក្រៃ​លែង​ ដែល​បាន​ចូល​រួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​តំបន់​ក្នុង​ការ​ស្វែង​រក​សន្តិសុខ និង​សន្តិភាព​ដ៏​រឹង​មាំ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ កម្ពុជា​ក៏​បាន​ធ្វើ​ការ​រួម​ចំណែក​ប្រកប​ដោយ​ការ​ស្ថាបនា​ និង​សារៈ​សំខាន់​ជា​ច្រើន​ដល់​កិច្ច​សហប្រតិបត្តិការ​រប​ស់​អាស៊ាន​លើ​គ្រប់​វិស័យ​។​ ជាក់​ស្តែង​ សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការ​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​(DOC) គឺ​សម្រេច​បាន​នៅ​ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០០២ ​ហើយ​នៅ​ក្នុង​អំឡុងពេ​ល​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០១២ ​សម្តេច​តេជោ ​ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ផ្តួច​ផ្តើម​ការ​បង្កើត​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​ សម្រាប់​សកម្មភា​ព​មីន​ ដែល​បាន​ដើរ​តួនាទី​ជា​មជ្ឈមណ្ឌល​ឧត្ត​មភាព ​ចែក​រំលែក​ឧត្តមានុវត្ត​លើ​កិច្ច​ការ​បោស​សម្អាត​មីន​ និង​កាកសំ​ណល់​សង្គ្រា​មដល់​ប្រទេស​សមាជិក​អាស៊ាន​។​ លើស​ពី​នេះ​នៅ​ក្នុង​ឆ្នាំ​២០២២ ​កម្ពុជា​ក៏​បាន​រៀប​ចំ​គំនិត​ផ្តួច​ផ្តើម​ជាក់​ស្តែង​ចំនួន​ ៣ ​ដើម្បី​ពង្រឹ​ង​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​នៅ​ក្នុង​អាស៊ាន ​រួម​មាន​ កិច្ច​សហប្រតិបត្តិការ​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​ឆ្លង​ដែន ​ការ​លើក​កម្ពស់​យន្ត​ការ​គាំទ្រ​ដល់​កម្លាំង​ថែរក្សា​សន្តិភាព​ជា​ស្ត្រី​របស់​អាស៊ាន ​និង​កិច្ច​សហការ​ រវាង​ស្ថាប័ន​អប់រំ​យោធា​អាស៊ាន​។​ គំនិត​ផ្តួច​ផ្តើម​ទាំង​នេះ ​បាន​នឹង​កំពុង​អនុវត្ត ​ហើយ​យើង​សង្ឃឹម​ថា​នឹង​មាន​ឱកាស​សហការ​ជា​មួយ​នឹង​ប្រទេស​ជា​ដៃគូ​ដទៃ​​ទៀត​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​ទាំង​នេះ​ ជាពិ​សេសកា​រលើក​កម្ពស់​ការ​គាំទ្រ​របៀប​វារៈ​ស្តី​ពី​ស្ត្រី​ សន្តិភាព ​និង​សន្តិសុខ​ (WPS)​។​

ឯកឧត្តម​ ទៀ សីហា បាន​បញ្ជាក់​ទៀត​ថា៖​ នៅ​ចំពោះ​មុខ​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នយោបាយ​ ដែល​មាន​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​ វា​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ក្នុ​ង​ការ​ទទួល​ស្គាល់​នូវ​គុណ​តម្លៃ ​គោរពសិទ្ធិ​ ការពារ​អធិប​តេយ្យ ​និង​ឯករាជ្យ​ភាព​របស់​បណ្តា​ប្រទេស​តូចៗ​។​ កម្ពុ​ជា​បាន​ផ្តល់​តម្លៃ​ និ​ង​គាំទ្រ​ទៅ​លើ​យន្តកា​រ​ពហុ​ភាគី​និយម​ ដែល​មាន​សារៈ​សំខាន់​ជា​អនេក​តាម​រយៈ​ក្រប​ខ័ណ្ឌ​អន្តរជាតិ ​និង​អាស៊ាន ​ដើម្បី​ធានា​ថា​ យើង​ទាំង​អស់​គ្នា​អាច​សម្រេច​បាន​នូវ​យន្ត​ការ​កិច្ច​សហប្រតិបត្តិការ​ ដែល​ផ្តល់​នូវ​គុណ​ប្រយោជន៍​រួម​។​ ការ​អភិវឌ្ឍ​ និង​សន្តិភាព​របស់​យើង​ គឺ​អាស្រ័យ​ទៅ​លើការ​គោរព​រ​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ ​ជា​ពិសេស​ធម្មនុញ្ញ​អ.ស.ប ​និង​ធម្មនុញ្ញ​អាស៊ាន​។​ ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ សម្តេច​មហា​បវរធិបតី ​ហ៊ុន ​ម៉ា​ណែត ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​​ថា​ កម្ពុជា​​បា​ន​ប្តេជ្ញា​​គាំទ្រ​សណ្តាប់​ធ្នាប់​​អន្តរជាតិ​​ ដែល​ផ្អែក​​​លើ​​ច្បាប់​​អន្តរជាតិ ​​ហើយ​​ចា​ប់​ពី​ពេល​នេះ​តទៅ​មុខ​ កម្ពុជានៅ​តែ​បន្ត​ការ​បរិច្ចាក​កម្លាំង​កង​រក្សា​សន្តិភាព​ឱ្យចូល​រួម​ក្នុង​ប្រតិបត្តិ​ការ​​រក្សា​​សន្តិភាព​របស់​អ.ស.ប​ ហើយ​​នេះ​​​គឺ​ជា​ភស្តុតាង​ ​នៃ​ការប្តេជ្ញាចិត្តដ៏​មុតមាំ​របស់​កម្ពុជា​ ចំពោះ​សន្តិសុខ និង​សន្តិភាព​សកល​។ ម្យ៉ាង​ទៀត​ យើង​នឹង​នៅ​តែ​បន្ត​គាំទ្រ​សកម្មភាព​ពហុភាគី​និយម​ ជា​ពិសេស ​ផ្អែក​លើ​ការ​ចារចា​ កិច្ច​សន្ទនា និ​ង​ការ​ពិគ្រោះ​យោបល់​ ដែល​អាច​រួម​ចំណែក​ជា​វិជ្ជមាន​ដល់​ការ​ដោះ​ស្រាយ​ជម្លោះ​ទាំង​នៅ​ក្នុង​ និង​ក្រៅ​តំបន់​ដោយ​ផ្អែក​លើ​គុណ​តម្លៃ​សន្តិភាព ​ដំណោះ​ស្រាយ​ឈ្នះ ឈ្នះ ​និង​គោល​ការណ៍​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អញ្ជើញ​ចុះ​ពិនិត្យផ្ទាល់​ និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​កង​ទ័ព​ ដែល​កំពុង​បន្ត​បេសក​កម្ម​រុក​រក​ឧទ្ធម្ភាចក្រ​មួយ​គ្រឿង ​ដែល​បាត់​ដំណឹង
ឯកឧត្តម គន់ គីម បាន​អញ្ជើញ​ដឹ​កនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ ឆ្លង​ការ​ងារ​ខ្លឹម​សារ​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋ​បាល​ខេត្ត​ទាំង៤ សម្រាប់​រៀប​ចំ​ចម្លាក់​នៅ​ស្ដូប​ឈ្នះឈ្នះ​អន្លង់វែង
ឯកឧត្តម​ នា​​យ​​ឧត្តម​សេនីយ៍​ ប៊ុន លើត រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារជា​តិ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រ​ង​ ថែទាំ ​អគារ​រដ្ឋបាលសា​លប្រ​ជុំ ​ទី​ស្ដីកា​រ​ក្រសួងកា​រពា​រ​ជាតិ
លោកជំទាវ ដាំ ដារីនី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិនិត្យមើលអំពីវឌ្ឍនភាព នៃការត្រៀមធ្វើសិក្ខាសាលាការងារសម្ព័ន្ធមេត្រីភាព នៅយោធភូមិភាគទី៥ នាពេលខាងមុខ
ឯកឧត្តម ចាយ សាំងយុន អនុញ្ញាតជូន ឯកឧត្តម ហ្សង់ ព្យែរឡាគ្រ័រ  អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសវនការ និងពិភាក្សាការងារ