នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោក ចូ សឺអឺ (JO SCHEUER) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ ឯកឧត្តម ទៀ សីហា បានសម្តែង អំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ចំពោះលោក JO SCHEUER ដែលបានបំពេញបេសកកម្ម ប្រកបដោយជោគជ័យនៅកម្ពុជា របស់លោកកន្លងមក។ នេះជាការរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជាជាមួយអង្គការសហប្រជាជាតិកាន់តែទូលំទូលាយ ជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ព្រមទាំង បានពង្រឹងសាមគ្គីភាព ប្រកបដោយភាពបត់បែនទន់ភ្លន់ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។ ឯកឧត្តម បានអរគុណចំពោះលោក JO SCHEUER ដែលតែងតែទទួលស្គាល់ពីការអភិវឌ្ឈរីកចម្រើន និងស្ថានភាពពិតនៅកម្ពុជា យកទៅជម្រាបជូនបណ្តាប្រទេសនានា នៅលើសកលលោក។ ជាមួយគ្នានេះលោកតែងតែផ្ដល់វត្តមានអញ្ជើញ ចូលរួម និងបង្ហាញពីការគាំទ្រយកចិត្តទុកដាក់របស់លោកក្នុងពិធីជូន និងទទួលដំណើនិវត្តន៍កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលចេញទៅបំពេញបេសកកម្ម និងបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ។
នៅក្នុងជំនួបនេះ លោក JO SCHEUER បានកោតសរសើរចំពោះគំរូវីរភាពរាជរដ្ឋាភិបាល ដែលជាអ្នកដឹកនាំក្នុងការប្រយុទ្ធនឹងជំងឺកូវីត-១៩ កន្លងមក។ លោកក៏បានលើកឡើងពីកិច្ចការគាំទ្រ របស់អង្គការសហប្រជាជាតិនៅកម្ពុជា ដោយអង្គការសហប្រជាជាតិ បានធ្វើការយ៉ាងសកម្ម ក្នុងការធានានិរន្តភាព និងស្តារសង្គម សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីត-១៩ ជាពិសេសខំធ្វើការយ៉ាងសកម្ម លើកិច្ចគាំពារសង្គម និងស្តារសង្គម សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺ កូវីត-១៩ និងគាំទ្រចំពោះការស្តារឡើងវិញនូវថាមពលបៃតង ដើម្បីកសាងភាពនឹងការបម្រែបម្រួលអាកាសធាតុ។ លោក JO SCHEUER ក៏បានថ្លែងអបអរសាទរចំពោះការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គសហប្រជាជាតិ។ លោកបានគូសបញ្ជាក់បន្ថែមថា៖ ឆ្នាំនេះគឺជាខួប៣១ នៃការបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា “ជំនាន់អ៊ុនតាក់”។ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសមួយទទួលកងកម្លាំងរក្សាសន្តិភាព ពីបណ្ដាប្រទេសនានា ទៅជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង ៩.២០៧នាក់ ក្នុងនោះនារីចំនួន ៧២៩នាក់ ទៅកាន់បេសកកម្មចំនួន ១២ និងបានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាពលំដាប់ លេខ២នៅក្នុងតំបន់អាស៊ាន ជាពិសេសការលើកកម្ពស់ស្ត្រី ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពច្រើនលើសការកំណត់ របស់អង្គការសហប្រជាជាតិ ក៏ដូចជាការចូលរួមលើកកម្ពស់របៀបវារៈស្ត្រី និងសន្តិសុខ របស់អ.ស.ប។ លោក សង្ឃឹមថា កម្ពុជានឹងបន្តគាំទ្ររបៀបវារៈស្ត្រី និងសន្តិសុខ នៅក្នុងវេទិការតំបន់ថែមទៀត ហើយលោកស្រីប្តេជ្ញា ចិត្តនឹងខិតខំយកចិត្តទុកដាក់នូវគម្រូដ៏ល្អនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់ជាបទពិសោធន៍ទៅបំពេញបេសកកម្ម នៅបណ្តាប្រទេសនានា ទៀតផង ៕








