នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានបើកកិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដើម្បីត្រួតពិនិត្យសមិទ្ធផលការងារឆ្នាំ២០២៣ និងគោលការណ៍៦ចំណុច ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ លើកទី១ នៅក្នុងរដ្ឋាភិបាលថ្មី អាណត្តិទី៧ នាឱកាសនោះ បានធ្វើការប្រកាសនូវអនុក្រឹត្យ ស្ដីអំពីការកែសម្រួលសមាសភាពថ្មី គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងកែសម្រួលសមាសភាពថ្មី ក្រុមការងារបច្ចេកទេសថ្មី របស់គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តផែនការសកម្មភាព ៦ចំណុច សម្រាប់កិច្ចការពារសន្តិសុខ ការពារកោះឆ្នេរនានា ក៏ដូចជាពិនិត្យសភាពការណ៍សន្តិសុខ ការពារហេដ្ឋារចនាសម្ព័ន្ធ អណ្ដូងប្រេង ប្លុកA ក្នុងដែនសមុទ្រកម្ពុជាផងដែរ។ នៅក្នុងកិច្ចប្រជុំនាឱកាសនោះដែរ កិច្ចប្រជុំក៏បានពិភាក្សាធ្វើបច្ចុប្បន្នភាព ការកសាងភាពជាដៃគូរ រវាងរដ្ឋបាលខេត្តទាំង៤ នៅតាមតំបន់កោះឆ្នេរ និងក្រុមហ៊ុន ជី.ធី.វី.ស៊ី(GTVC) ជាមួយនឹងបណ្ដាទីស្នាក់ការសន្តិសុខ ទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងការធ្វើបច្ចុប្បន្នភាព ចុះផ្ទៀងផ្ទាត់រាប់ចំនួនកោះ នៅតាមបណ្ដាព្រែកជាប់មាត់សមុទ្រ។ កិច្ចប្រជុំក៏មានការពិភាក្សា ពិនិត្យឆ្លងសេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីអំពីសន្តិសុខលម្ហសមុទ្រ ឆ្នាំ២០២៤ និងពិនិត្យវឌ្ឍនភាព កិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងឆ្មាំសមុទ្រចិន និងការពិនិត្យសម្រេចលើផែនការធ្វើលំហាត់សមយុទ្ធ មហារំអិល ឆ្នាំ២០២៤ ជាដើម។
ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដែលហៅកាត់ថា គ.ជ.ស.ស. បានថ្លែងថា៖ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ជាស្ថាប័នសំខាន់របស់ជាតិ បច្ចុប្បន្នបានទទួលការឧបត្ថម្ភគាំទ្រ ធ្វើការងារជាដៃគូជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសជប៉ុន ហើយឆ្នាំចុងក្រោយនេះ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ក៏បានសហប្រតិបត្តិការ ធ្វើការងារជាដៃគូបន្ថែម ពីឆ្មាំសមុទ្រចិនបន្ថែមទៀត។ នាយឧត្តមនាវី ទៀ វិញ បានបន្តថា៖ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការគ្នាល្អជាមួយនឹងបណ្តាអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ អនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ ទទួលបានសមិទ្ធិផលល្អប្រសើរ និងពុំមានបាតុភាពអសន្តិសុខ អសន្តិភាពណាកើតឡើង នៅក្នុងដែនសមុទ្រកម្ពុជាគួរឲ្យកត់សម្គាល់នោះទេ ៕