កងទ័ពជើងគោក នៃកងយោពលខេមរភូមិន្ទ បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយបានកំណត់យកថ្ងៃទី ២៤ ខែមករា ជាថ្ងៃកំណើតរបស់ខ្លួន, ហើយគិតមកដល់ពេលនេះ មានរយៈពេល២០ឆ្នាំហើយ។ ពិធីអបអរសាទរខួបទី២០ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះប្រារព្ធឡើងយ៉ាងមហោឡារឹក នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សុន្ទរកថាស្វាមន៍ និងរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានរម្លឹកឡើងថា បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែមករាឆ្នាំ១៩៩៩ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/២១ រួមជាមួយថ្ងៃបង្កើត អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយនាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន ជាមេបញ្ជាការរង និងជានាយសេនាធិការ រួមជាមួយមេបញ្ជាការរងកងទ័ពជើងគោកមួយចំនួនទៀត។ ជាក់ស្តែងកងទ័ពជើងគោក មានកំណើតរួមជាមួយនឹងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ មកម្ល៉េះ គឺថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តែមិនធ្លាប់មានបញ្ជាការដ្ឋានសម្រាប់ដឹកនាំគ្រប់គ្រងបញ្ហានោះទេ។ រហូតមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ទើបមានការបង្កើតឡើង នូវបញ្ជាការដ្ឋាន កងទ័ពជើងគោកនេះ ដែលស្របទៅតាមគោលនយោបាយ ក្នុង និងក្រៅប្រទេសរបស់កម្ពុជា គឺការសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍ ក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងឋានៈជាសមាជិក នៃសហគមន៍អាស៊ាន។ ក្នុងពេលបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដំបូង កងទ័ពជើងគោក មានអង្គភាព ចំណុះច្រើនរហូតដល់១៨កងពលធំ, ៥កងពលតូច និង៤វរសេនាធំ, ៤វរសេនាតូច ប៉ុន្តែកងទ័ពជើងគោក បានធ្វើការកែទម្រង់ដោយបានកែសម្រួលអង្គភាព មកនៅត្រឹម៨កងពលតូច និង១វរសេនាធំ។ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៦ ក្រៅពីបង្រួមក្បាលអង្គភាព ក៏មានការបង្កើតអង្គភាពថ្មី មួយចំនួន ដូចជាកងឯកភាពការពារព្រំដែន វរសេនាតូចព្រំដែន កងអនុសេនាធំ ស្រុកជាប់ព្រំដែន និងកែសម្រួលតួនាទីភារកិច្ចប្តូរឈ្មោះដល់អង្គភាព និងស្ថាប័នជំនាញមួយចំនួនជាបន្តបន្ទាប់ផងដែរ។ នៅឆ្នាំ២០១៨ កងទ័ពជើងគោក មានស្ថាប័នអង្គភាពចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក រួមមាន៖ ១៥ការិយាល័យ, ៥បញ្ជាការដ្ឋានជំនាញ, ១មជ្ឈមណ្ឌល និងមានមណ្ឌលអភិវឌ្ឃន៍ចំនួន១។ កងទ័ពជើងគោក ក៏មានភារកិច្ចគ្រប់គ្រង និងដឹកនាំបញ្ជា ៦យោធភូមិភាគ, ២កងពលធំអន្តរាគមន៍, ៥កងពលតូចអន្តរាគមន៍ និង៦កងពលតូច, ២៤តំបន់ប្រតិបត្តិការសឹករង ខេត្ត ក្រុង, ១វរសេនាធំ, ៦សាលាពលទាហាន និង៧កងការពារព្រំដែន។ ឈានចូលមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត របស់កងទ័ពជើងគោក ក្នុងការចូលរួមអនុវត្ត ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាលតែងតាំង ជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយទទឹមនេះ ក្រសួងការពារជាតិ បានសម្រេចធ្វើការកែសម្រួលអង្គភាពចំនួន៦ រួមមាន៖ កងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចថ្មើរជើងលេខ៧០ កងពលតូចទ័ពពិសេសឆត្រ័យោងលេខ៩១១ និងកងពលតូចដឹកជញ្ជូនលេខ៩០ ដែលពីមុន ស្ថិតនៅ ក្រោមការដឹកនាំ បញ្ជារបស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានផ្ទេរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានអបអរសាទរចំពោះការរីកធំធាត់ នៃកងទ័ពជើងគោកនិយាយដោយឡែក និងនិយាយរួម សម្រាប់កងយោធពលខេមរភូមិន្ទ ហើយសម្ដេចបាន សម្ដែងជូននូវការអរគុណចំពោះអតីតយុទ្ធជនយុទ្ធនារី ដែលបានចូលនិវត្តន៍ ហើយជាពិសេស គឺថ្លែងនូវការកោតសរសើរ និងអរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ដែលបានដឹកនាំគ្រប់គ្រងកងទ័ពជើងគោក ក្នុងរយៈពេលកន្លងទៅ។ ក្នុងនេះដែរ សម្ដេចតេជោ បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងការគោរពចំពោះ ក្រុមគ្រួសារនៃអតីតយុជន ក្រុមគ្រួសារយុទ្ធជន ដែលបានពលីមរណៈ ក្នុងរយៈពេលកន្លងទៅ។ សម្ដេចតេជោ បានរំលឹក លើបញ្ហាមួយចំនួន សម្រាប់កងទ័ព ទាំងជើងគោក ជើងទឹក ជើងអាកាស អាវុធហត្ថ និងគ្រប់កងទ័ពជំនាញដទៃទៀត នូវភារកិច្ច១០យ៉ាង ដែលត្រូវយកចិត្ដទុកដាក់ ក្នុងមានទី១៖ ត្រៀមខ្លួនជាស្រេច ការពារឯករាជ្យ អធិបតេយ្យជាតិ បន្តអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវ ខឿនការពារជាតិរបស់ប្រជាជន។ ទី២៖ រួមជាមួយកម្លាំងផ្សេងទៀតរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តនយោបាយ ភូមិឃុំមានសុវត្តិភាព ប្រយុទ្ធប្រឆាំង ជាមួយចោរកម្មគ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មផ្សេងៗ។ ត្រូវធ្វើឲ្យប្រទេសរបស់យើង ទៅជាប្រទេស ដែលមានសុខសន្តិភាពពិតប្រាកដ។ សម្ដេចបញ្ជាក់ជាថ្មីថា៖ ទោះដោយតម្លៃណាក៏ដោយមិនត្រូវ អនុញ្ញាតឲ្យអ្នកណាមួយមកបំផ្លាញនូវសន្តិភាពដែលយើងរកបានដោយលំបាកទេ។ ហើយត្រូវតែខិតខំ រក្សានូវសន្តិភាពនេះ ត្រូវខិតខំចូលរួមរក្សា នូវស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ហើយខិតខំចូលរួម ដើម្បីបំផ្លាញចោលនូវអំពើអសកម្មទាំងអស់។ ទី៣៖ ខិតខំប្រឹងប្រែងយ៉ាងសកម្ម និងវាយកម្ទេចចោល ឱ្យទាន់ពេលវេលានូវ ឧបាយកលបដិវត្តន៍ពណ៌ ដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈមធ្យោបាយ មិនប្រជាធិបតេយ្យ និងផ្ទុយជាមួយរដ្ឋធម្មនុញ្ញ។ សម្ដេចលើកឡើងថា៖ កងកម្លាំងប្រដាប់អាវុធ មានភារកិច្ច ការពាររដ្ឋ ដូចនេះ មិនមានពាក្យថា អព្យាក្រឹតជាមួយពួកឧទ្ទាម ទាំងពួកឧទ្ទាមក្នុងព្រៃ និងឧទ្ទាម ទីក្រុងនោះទេ។ សម្ដេចបានឱ្យកងទ័ព ត្រូវប្រយុទ្ធប្រឆាំងភេរវកម្ម គ្រប់ទម្រង់នៃភេរវកម្ម ដែលវា កំពុងតែគំរាមកំហែងពិភពលោកបច្ចុប្បន្ននេះ មិនត្រូវឲ្យកម្ពុជា ក្លាយទៅជាជម្រករបស់ភេរវកម្ម ឬជាទីកន្លែងនៃការវាយប្រហារភេវរកម្មនោះទេ យើងក៏ត្រូវផ្ដល់នូវ កិច្ចសហប្រតិបត្តិការជាមួយប្រទេស ទាំងអស់ នៅលើពិភពលោក ដើម្បីរួមគ្នាប្រឆាំង នឹងអំពើភេរវកម្ម ដែលកំពុងគំរាមកំហែងពិភពលោក។ ជាមួយនឹងការប្រឆាំងភេរវកម្ម ក៏ត្រូវកម្ចាត់ចោលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ង ដើម្បីដណ្ដើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ, ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ទី៤៖ សម្ដេច សុំឲ្យកងទ័ពទាំងអស់ចូលរួមជាមួយកម្លាំងផ្សេងទៀតដើម្បីជួយដល់ប្រជាជន ពិសេសពេលមានគ្រោះមហន្តរាយ។ សម្ដេចថា កងទ័ពជាកូនចៅប្រជាជន នៅទីកន្លែងណាក៏ដោយ ត្រូវមើល ត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋដែលមានការលំបាក ខិតខំ ធ្វើនូវកិច្ចការដែលយើងអាចធ្វើទៅរួច ជួយដល់ប្រជាជន ជាពិសេសប្រជាជនដែលមានជីវភាពក្រីក្រ ជួបការលំបាក។ សម្ដេច ឱ្យកងទ័ពទាំងអស់ ជួយដល់ប្រជាជន ហើយកុំធ្វើ អោយប្រជាជន ស្រក់ទឹកភ្នែកដោយសារតែទង្វើមិនគប្បី នៃកងទ័ពរបស់យើង។ ត្រូវធ្វើឲ្យកងទ័ពរបស់យើងស្អាតស្អំឡើង ហើយជួយដល់ប្រជាជននៅគ្រប់កាលៈទេសៈ រួមសុខរួមទុក្ខ ជាមួយប្រជាជន។ ទី៥៖ កងទ័ពត្រូវគាំទ្រដល់កម្លាំង អនុវត្តច្បាប់ ដើម្បីឈានទៅដល់ ការការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដទៃទៀត។ ចូលរួមរក្សានូវធនធាន ជលផលដ៏កម្ររបស់យើង ដើម្បីចូលរួមជាមួយនឹង អំពើអសកម្មនានា ទាក់ទងនឹងវិស័យជលផល ដែលការធ្វើនេសាទ ដោយខុសច្បាប់នោះទេ ត្រូវចូលរួមរក្សានូវធនធានធម្មជាតិដទៃទៀត ដែលមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រូវដាក់ទោសទណ្ឌ អ្នកណាក៏ដោយ ឋានៈណាក៏ដោយ ដែលឃុបឃិត ឬក៏បំពាន ទៅលើបទបញ្ជាទាំងនោះ។ ទី៦៖ ត្រូវគាំទ្រដល់ការប្រមូលថវិកាជាតិ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។ ទី៧៖ ខិតខំពង្រឹងវិន័យកងទ័ព ដើម្បីបង្កើនសមត្ថភាព លើគ្រប់ផ្នែក។ ចំណុចនេះ គឺជាចំណុចដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ការហ្វឹកហ្វឺន ត្រូវធ្វើជាប្រចាំគ្រប់មុខជំនាញ ទាំងអស់។ ទី៨៖ ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈ ឧបករណ៍គ្រប់ប្រភេទទាំងអស់ ដែលជាគ្រឿងបំពាក់សម្រាប់កងទ័ព។ សម្ដេចដាស់តឿន ចំពោះគ្រប់អង្គភាព នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនថាជើងគោក ជើងទឹក ជើងអាកាស ឬអង្គភាពជំនាញ ជារថក្រោះ កាំភ្លើងធំ វិស្វកម្ម ត្រូវតែថែទាំសម្ភារៈឧបករណ៍គ្រប់ប្រភេទ ឲ្យបានគត់មត់ ដើម្បីធានាថាពួកយើងប្រើប្រាស់បាន។ ទី៩៖ យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ជាពិសេសចំពោះតំបន់ដាច់ស្រយាល ទាំងអស់ត្រូវមានការរៀបចំ ដើម្បីឲ្យកងទ័ពយើងមានគ្រប់លក្ខណៈសម្បត្តិ និងថែទាំសុខភាពជម្រកស្នាក់នៅ គ្រប់ទីកន្លែង។ និងទី១០៖ សម្ដេចឱ្យកងទ័ពត្រូវដើរតួនាទី ជាអ្នកការទូត ក្នុងការកសាង ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងកសាងទំនាក់ទំនងល្អ ជាមួយប្រទេសជាមិត្តទាំងអស់ នៅលើពិភពលោក។ ក្នុងចំណុចនេះ សម្ដេចក៏ឱ្យកងទ័ពបន្តយកចិត្តទុកដាក់សហការឲ្យបានល្អ ជាមួយ កងទ័ព ប្រទេសជាមិត្ត ដែលនៅជិតខាង, មានឡាវ វៀតណាម និងព្រះរាជាណាចក្រថៃ ហើយយើងអាចឈានទៅធ្វើសហប្រតិបត្តិការជាមួយគ្នាដែលនឹងអាចដោះស្រាយបានបញ្ហា ប្រជាជន នៅតាមព្រំដែន ដូចជាការហ្វឹកហាត់រួមគ្នា ដើម្បីសង្គ្រោះគ្រោះមហន្តរាយ នៅតាមព្រំដែន ដូចជាគ្រោះទឹកជំនន់ ដែលកើតឡើងនៅតាមព្រំដែន ឬក៏ភ្លើងឆេះព្រៃនៅតាមព្រំដែនជាដើម ៕